(ភ្នំពេញ)៖ ស្របពេលដែលក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ បានលើកឡើង សមាជវិសាមញ្ញជ្រើសរើសប្រធានមួយរូប និងអនុប្រធានថ្មី៣រូប របស់គណបក្សសង្រ្គោះជាតិ ប្រៀបបានទៅនឹង «កូនកើតមុនឪ»

មន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់របស់ក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះថា នៅក្នុងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានបញ្ជាក់ថា គណបក្សអាចជ្រើសរើសប្រធាន និងអនុប្រធានបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះគណបក្សសង្រ្គោះជាតិបានជ្រើសរើស អនុប្រធានដល់៣រូប តាមលក្ខន្តិកៈថ្មីមុនពេលដែលខាងគណបក្សមិនទាន់បានជូនដំណឹងដល់ក្រសួងមហាផ្ទៃ ឬក្រសួងមហាផ្ទៃមិនទាន់បានទទួលស្គាល់ការកែប្រែនៅឡើយ បែរជាសមាជជ្រើសរើស ប្រធានមួយ អនុប្រធានបីរួចទៅហើយ ដែលនេះជាទង្វើខុសច្បាប់ ដូចកូនកើតមុនឪ។

នៅមុននេះបន្តិច ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់ មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។

លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សសង្រ្គោះជាតិ ដូរពាក្យស្លោករបស់ខ្លួន ព្រោះសារ នយោបាយរបស់គណបក្សសង្រ្គោះជាតិ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ៕