(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។

ពិធីផ្សព្វផ្សាយសៀវភៅ របស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ វាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។
ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជា អធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។

សៀវភៅ​នេះ​​បាន​ចង​ក្រងនូវ​អត្ថបទចំនួន៧៩ ​អត្ថបទ​របស់​លោក​ស៊ី ជិនពីង​ ក្នុង​ចន្លោះ​​​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៤ ដែលក្នុងនោះរួមមាន​សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ​ និង​សារ​លិខិត​ជូនពរជាដើម។ បច្ចុប្បន្ន​សៀវភៅនេះ​ បាន​​បកប្រែ​ជា១៦ភាសា ព្រមទាំងបោះពុម្ព​ផ្សាយបាន​ចំនួន​៦លាន​ ២សែន​ក្បាលនៅលើ​សាកល​លោក​ទាំងមូល​។

ក្នុង​សៀវភៅ​នេះរួម​មានទាំង​គោលការណ៍​ណែនាំ​សំខាន់ៗ អំពី​គោល​នយោបាយ​​​​អភិបាលកិច្ច​រដ្ឋ​និង​​ការគ្រប់គ្រង​នយោបាយ ​សុបិន​និងក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​​​សាមញ្ញ ​មធ្យោបាយល្អ​សម្រាប់​​ដោះស្រាយ​បញ្ហា​លំបាកៗ ផែនទី​បង្ហាញ​ផ្លូវ​​សម្រាប់​ការ​​អភិវឌ្ឍ​​វែង​ឆ្ងាយ មាគ៌ា​​អភិវឌ្ឍន៍​របស់ប្រទេស​​ចិន ព្រមទាំង​ការគិត​ពិចារណា​អំពី​​ការអភិវឌ្ឍ​របស់​ពិភព​លោក ​និង​ជោគ​វាសនា​របស់មនុស្ស​ជាតិ​ផងដែរ ​។ ​

តាមរយៈ​សៀវភៅ​នេះ​ គេ​នឹងបាន​យល់ដឹង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ​ការគិតគូរដល់​ប្រជាជន កម្រិត​វប្បធម៌​ និងទឹកចិត្ត​ដ៏​ទូលំទូលាយ​របស់​លោកប្រធានាធិបតីចិន​ ស៊ី ជិនពីង​៕