(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងតែបញ្ជូនកងទ័ពរួមជាមួយនិងបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅ​កាន់​ព្រំប្រទល់ ជាប់ជាមួយ​ប្រទេសកូរ៉េខាងជើង នៅចំពោះមុខភាពភ័យព្រួយបារម្ភថាសហរដ្ឋអាមេរិក ត្រៀមរៀបចំបើកការវាយប្រហារទៅលើប្រមុខដឹកនាំកំពូ​ល​​របស់​ទីក្រុង​ព្យុងយ៉ាងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងដូច្នេះថា លោកប្រធានាធិបតីរុស្ស៊ី មានក្តីបារម្ភថានឹងកើតមានជនភៀសខ្លួនកូរ៉េខាងជើងយ៉ាងច្រើន​សន្ធឹកសន្ធាប់ បើសិនជាមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ សម្រេចប្រើប្រាស់សកម្មភាពយោធាប្រឆាំង នឹងរដ្ឋកុម្មុនិស្តមួយនេះ​ប្រាកដមែននោះ។ ម៉្យាងវិញការចល័តកម្លាំងយោធានេះ ត្រូវបានធ្វើឡើងប្រមាណជាមួយសប្តាហ៍ ក្រោយពេលមានសេចក្តីរាយការណ៍​​ថា​ចិន​បាន​បញ្ជូន​ពល​ទាហានចំនួន១៥០,០០០នាក់ ទៅកាន់ព្រំប្រទល់ភាគខាងត្បូងរបស់ខ្លួន ដើម្បីប្រុងប្រៀបទប់ទល់លំហូរជនភៀស​ខ្លួនកូរ៉េខាងជើង ដែលទីក្រុងប៉េកាំងបានយល់ថា នឹងរត់គេចឆ្លងដែននៅក្នុងករណីសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថាយោងតាមខ្សែវិដេអូដែលបានលេចចេញនាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីកំពុងតែពង្រឹងបន្ទាត់ព្រំដែនរបស់ខ្លួនជាមួយ​កូរ៉េ​ខាង​ជើង តាម​រយៈ​ដឹកជញ្ជូនកងទ័ពនិងបរិក្ខាផ្សេងៗ រួមមានទាំងរថក្រោះនិងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿង​តាមខ្សែរថភ្លើងសំ​ដៅ​ឆ្ពោះ​កាន់​ព្រំ​​ប្រទល់​​ដែល​​មាន​ប្រវែង​២០គីឡូម៉ែត្ររវាងរុស្ស៊ីនិងកូរ៉េខាងជើង។ ក្រៅពីនេះក៏មានវីដេអូ បង្ហាញពីឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្វើការហោះ​ហើរ​ទៅ​ទី​នោះ​ និងការចល័តតាមផ្លូវថ្នល់ផង​ដែរ​៕