(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បងសមត្ថភាពរបស់ខ្លួន នាថ្ងៃឧសភាខាងមុខនេះ ដើម្បី​បាញ់ទម្លាក់គ្រាប់មីស៊ីលទាំងឡាយ ដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពី​ស្ថានីយ៍​ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

គម្រោងនៃការធ្វើតេស្តក្នុងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ ស្ថិតនៅក្នុងផ្នែកនៃកម្មវិធីការពារមីស៊ីលផ្លោង របស់កម្លាំង​យោ​ធាអា​មេ​រិក ដើម្បីទប់ទល់ប្រឆាំងទៅនឹង ការគំរាមកំហែងនានា ពីសំណាក់កូរ៉េខាងជើង ក៏ដូចជាប្រទេសអ៊ីរ៉ង់ ប៉ុន្តែ​សម្រាប់ខណៈពេលនេះ​ យ៉ាង​ហោច​ណាស់ វានឹងត្រូវធ្វើឡើងដើម្បីធានាថា អាមេរិកពិតជាមាន សមត្ថភាពពេញលេញក្នុងការការពារ ការគំរាមកំហែងរបស់​របបដឹក​នាំទីក្រុងព្យុងយ៉ាង។

ការធ្វើតេស្តសមត្ថភាពទីមួយ នឹងពាក់ព័ន្ធជាមួយការបាញ់សាកល្បងនូវប្រភេទមីស៊ីល SM ដែលត្រូវបានបង្កើនអានុភាព ចេញព​នាវា​ចម្បាំងយោធាជើងទឹកអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ កម្មវិធីនេះបានស្ថិតក្រោមការអភិវឌ្ឍជាមួយប្រទេសជប៉ុន និង​មាន​គោល​ដៅដើម្បីបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដល់សម្ព័ន្ធមិត្តអាមេរិក។

ចំណែកឯការធ្វើតេស្តដ៏សំខាន់ដាច់ដោយឡែកមួយទៀតនោះ ដែលគ្រោងប្រពឹត្តទៅនាចុងខែឧសភា នឹងធ្វើការត្រួតពិនិត្យក៏ដូចជា ​វាយតម្លៃទៅលើសមត្ថភាពរបស់ សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបឬអន្តរទ្វីប នាពេលអនាគតរបស់កូរ៉េ​ខាងជើង ដែលអាចគំរាមកំហែងដល់ទឹកដីអាមេរិកផ្ទាល់។

គួរបញ្ជាក់ថា ជុំវិញសមត្ថភាព​នៃអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុត​លេខ​លោក គីម ជុងអ៊ុន បានអះអាងថា​ ប្រទេសរបស់លោក​មានបច្ចេកវិទ្យា​បាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់​សម្រាប់​ការវាយប្រហារ​ ទៅលើ​ប្រទេសលោក​ខាងលិច ក៏ដូចជា​សហ​រដ្ឋ​អា​មេ​រិក​ ជាមួយក្បាល​គ្រាប់នុយក្លេអ៊ែរ​បាន។ ម៉្យាងវិញទៀត នៅក្រោយ​ការធ្វើតេស្ត​មីស៊ីលកាល​ពីខែសីហា ឆ្នាំ២០១៦ លោក គីម បាន​បញ្ជាក់​ថា​ ​អាមេរិក ​និង​​ទីតាំង​ប្រតិបត្តិការ​យោធារបស់​អាមេរិក នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក គឺស្ថិតនៅ​ក្នុង​រយៈ​ចម្ងាយ​​វាយ​ប្រហារ​របស់កូរ៉េខាងជើង ហើយបន្ទាប់ពី​​ការ​បំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពី​ខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង បានចេញមុខ​ព្រមានថា ប្រទេសរបស់​​ខ្លួនមានសមត្ថភាព​បំពាក់ក្បាលគ្រាប់​លើមីស៊ីល​បានហើយ។

ប្រការហេតុ​នេះក្រុមអ្នកជំនាញ​ជឿជាក់ថា មិនយូរទៀតនោះឡើយ នាពេលប៉ុន្មាន​ឆ្នាំខាងមុខ កូរ៉េ​ខាងជើងច្បាស់ជា​អាចវាយប្រហារ​ដោយអាវុធ​នុយ​ក្លេ​អ៊ែរ​ទៅដល់ទឹកដី​សហរដ្ឋអាមេរិក​ជាមិនខាន៕