(ភ្នំពេញ)៖ ជនសង្ស័យ ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត ឃីនវុទ្ធី មានមុខរបរជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នៅក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទង នឹងការផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ខណៈតំណាងរាស្ត្របក្សសង្គ្រោះជាតិ ឡុង រី និងមូរ សុខហួរ នឹងបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសាខាងមុខ។

សំណួរកំពុងចោទសួរថា តើបុរសខ្លាំងនៅមុខក្បាលមីក្រូរូបនេះ មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខជាមួយច្បាប់ដែរឬទេ ឬច្រៀងចម្រៀងថា «បងជាទន្សាយ» ស្ពាយសំណុំរឿងព្រហ្មទណ្ឌរត់គេចខ្លួនបាត់?

១៖ ចាប់តាំងពីអយ្យការចេញដីកាកោះឱ្យចូលខ្លួននេះ ជុន ច័ន្ទបុត្រ បែរជាស្ងាត់ជ្រងំ លែងហ៊ានហារស្រដី និងបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា អង្គភាពវិទ្យុអាស៊ីសេរី របស់ខ្លួនលែងឱ្យនិយាយហើយ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលស្ថាប័នវិទ្យុរបស់ប្រទេសបិតាប្រជាធិបតេយ្យ ដើរតួជាអ្នកបង្រៀនអំពីលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងសេរីភាព សព្វបែបយ៉ាង ប៉ុន្តែបែរជាមកហាមឃាត់បុគ្គលិករបស់ខ្លួនមិនឱ្យបញ្ចេញមតិទៅវិញ។ ដូច្នេះមានន័យថា ស្ថានីយ៍វិទ្យុអាស៊ីសេរី ក្រោមការគ្រប់គ្រងរបស់ សម ប៉ូលី ហៅ ពៅ ពន្លក និង ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រនេះគឺជាស្ថាប័នវិទ្យុសេរីក្លែងក្លាយហើយម្ចាស់ផ្តល់លុយឱ្យវិទ្យុអាស៊ីដែលគេហៅថាជាជើងឯកផ្នែកលទ្ធិប្រជាធិបតេយ្យ អនុវត្តលទ្ធិផ្តាច់ការ។ ពេលនេះដល់ពេលដែលត្រូវបកស្បែក និងបង្ហាញថាពួកគេគឺជាសត្វគីង្គក់លក់ថ្នាំស្រែង។

២៖ ក្រោយពីដឹងខ្លួនថា មានកំហុសក្នុងការក្លែងឋានៈ បន្លំរាជការសាធារណៈ ដោយការផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ជុន ច័ន្ទបុត្រ ត្រូវបាន គេរាយការណ៍ថា បានជួបប្រជុំជាមួយបុគ្គលិករបស់ខ្លួន និងត្រៀមផ្តិតគ្រប់រូបភាពអំពីចំណាត់ការរបស់សម្ថកិច្ចមកលើខ្លួនជានិច្ច។ ជុន ច័ន្ទបុត្រ បាននិយាយប្រាប់បុគ្គលិក ថា ខ្លួនពិតជាមានការព្រួយបារម្ភពីសំណុំរឿងនេះ។ ជុន ច័ន្ទបុត្រ ពិតជាមានអារម្មណ៍តក់ស្លុតចំពោះកំហុសរបស់ខ្លួន មិនគួរណាភ្លេចខ្លួនប្រព្រឹត្តកំហុសឆ្គងដែលមាន ចែងក្នុងច្បាប់សោះ។ បច្ចុប្បន្ននេះ ជុន ច័ន្ទបុត្រ ស្នាក់នៅសណ្ឋាគារសាន់វ៉េ ដែលមានទីតាំងនៅមុខស្ថានទូតអាម៉េរិក។ ប្រសិនបើមានករណីចាំបាច់ ជុន ច័ន្ទបុត្រ នឹងរត់ចូលស្ថានទូតអាមេរិកតែម្តង ដើម្បីសុំការការពារព្រោះខ្លួនក៏មានសញ្ជាតិអាមេរិកដែរ។

៣៖ ពេលអ្នកកាសែតសួរថា តើលោកមានការព្រួយបារម្ភទេ ជុន ច័ន្ទបុត្រ ដែលមានទឹកមុខស្រងូតស្រងាត់ ក្រសែភ្នែកបង្កប់ដោយការភ័យព្រួយ បានឆ្លើយដោយទប់ចិត្តខ្លួនថា «បើយើងធ្វើជ្រូក កុំរាទឹកក្តៅ!»។ តើជ្រូកពុលទឹកមាត់ដូច ជុន ច័ន្ទបុត្រ នេះរាទឹកក្តៅដែលជាច្បាប់ឬយ៉ាងណា? ព្រោះយោងតាមនីតិវិធីច្បាប់ក្នុងសំណុំរឿងនេះអយ្យការ អមសាលាដំបូង បានកោះហៅ ឡុង រី និង មូរ សុខហួរ ដែលជាអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍នោះចូលធ្វើជាសាក្សី ដើម្បីប្រមូលភស្តុតាងផ្សេងៗជុំវិញសំណុំរឿងនេះនៅចុងខែមេសា ចំណែក ជុន ច័ន្ទបុត្រ នឹងត្រូវចូលខ្លួនក្នុងនាមជាជនសង្ស័យនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

ដោយសារតែជាសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ នោះនឹងមានចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្នរង់ចាំចំណាត់ការនីតិវិធីបន្ត ដូចករណី គឹម សុខ វិភាគ ឯករាជ្យលម្អៀងផ្កាប់មុខធ្លាប់បានលោតតាមចចង្វាក់ភ្លេងរបស់ ជុន ច័ន្ទបុត្រ ជាដើម។ ចុះបើនៅថ្ងៃទី២ ខែឧសភា ជុន ច័ន្ទបុត្រ មានវាសនាដូច គឹម សុខ តើ ជុន ច័ន្ទបុត្រ ហ៊ានប្រឈមមុខជាមួយច្បាប់ឱ្យចប់ចុងចប់ដើមទេ? ឬក៏ត្រូវរត់គេចខ្លួនទៅសហរដ្ឋអាមេរិកវិញ? កាលពីថ្ងៃទី២២ ខែមេសា ជុន ច័ន្ទបុត្រ បានថ្លែងថា ប្រសិនបើអង្គភាពរបស់ លោកចង់ឱ្យទៅធ្វើការងារនៅវ៉ាស៊ីនតោនវិញ ខ្លួននឹងទៅ ព្រោះបើសិនជាប់គុកនៅកម្ពុជា នឹងខាតច្រើន។ តាមរយៈសម្តីនេះបង្ហាញថា ជុន ច័ន្ទបុត្រ ទំនងនឹងមិនមាន សេចក្តីក្លាហាន គ្រប់គ្រាន់ដូចការប្រកាសក្តែងៗរបស់ខ្លួន ញុះញង់ឱ្យពលរដ្ឋបះបោរតាមមហិច្ឆតាអំណាចរបស់ខ្លួនឡើយ មានតែគិតគូរសុំលាកម្ពុជា និងសុខចិត្តស្ពាយ ទោសរត់ និងទៅស្រែកពីអាមេរិកមកវិញ៕

ពីប្រជាពលរដ្ឋនៅលើបណ្តាញទំនាក់ទំនងសង្គម