(ភ្នំពេញ)៖ បន្ទាប់ពីមានឧប្បត្តិហេតុដែល ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត ឃីនវុទ្ធី បានក្លែងឋានៈចូលទៅក្នុងពន្ធនាគារព្រៃសរ ជាមួយក្រុមតំណាងរាស្ត្រគណបកសង្គ្រោះជាតិ ក្រសែភ្នែកសាធារណជនបានបាញ់តម្រង់តែទៅលើអនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ និងបានចោទសួរថា តើវាសនារបស់ជនសង្ស័យរូបនេះនឹង ដូចជាអ្នកវិភាគ គឹម សុខ ដែលកំពុងដេកក្នុងគុកព្រៃស ដែរឬទេ? ប៉ុន្តែគេភ្លេចចាប់អារម្មណ៍លើតំណាងរាស្ត្រ២រូប ដែលជាអ្នកសម្របសម្រួល និងបង្កឱកាសឱ្យ ជុន ច័ន្ទបុត្រ អាចបន្លំចូលក្នុង ពន្ធនាគារបាន។

តំណាងរាស្រ្ត ឡុង រី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺក្នុង នាមជាសាក្សីនៅថ្ងៃទី២៧ ខែមេសា រីឯលោកស្រី មូរ សុខហួរ នឹងត្រូវចូលខ្លួន នៅក្នុងនាមសាក្សីដែរនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ តើតំណាងរាស្ត្រទាំងពីររូបនេះហ៊ានចូល ឬមិនហ៊ានចូលខ្លួនទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការ?

គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព័ត៌មាននៃការចូលបំភ្លឺក្នុងនាមសាក្សី ពីសំណាក់លោក ឡុង រី នៅថ្ងៃទី២៧ ខែមេសានេះ មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ច្បាស់នៅឡើយនោះទេ ដោយលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា ករណីលោកស្រី មូរ សុខហួរ និងលោក ឡុង រី ជាតំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក្នុងនាមជាសាក្សីលើសំណុំរឿង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ចូលបំភ្លឺ ឬមិនចូលបំភ្លឺ គឺគណបក្សសង្រ្គោះជាតិផ្តល់សិទ្ធិផ្តាច់មុខឲ្យសាម៉ីខ្លួនជាអ្នកសម្រេច និងដើម្បីពិភាក្សាជាមួយមេធាវី។

តើតំណាងរាស្ត្រទាំងពីររូបនេះហ៊ានចូល ឬមិនហ៊ានចូលខ្លួនទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការ?

សេណារីយូទី១៖ ទាំងលោក ឡុង រី និងលោកស្រី មូរ សុខហួរ នឹងអាចទុកអភ័យឯកសិទ្ធិសភាមួយដុំ ហើយសម្រេចចូលខ្លួនទៅបំភ្លឺតាមការកោះហៅ របស់អយ្យការ ក្នុងនាមជាសាក្សីដើម្បីបង្ហាញភស្តុតាង ក៏ដូចជាពន្យល់ដល់អយ្យការពីការចោទប្រកាន់ទាំងឡាយប្រឆាំងនឹង ជុន ច័ន្ទបុត្រ។ ជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលត្រូវបានតុលាការ រាជធានីភ្នំពេញចោទប្រកាន់ពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារប្រព្រឹត្ត ឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅ។
នៅក្នុងរូបភាពវិដេអូដែលថតបានអ្នកដែលដើរតួនាទី សកម្មក្នុងការជួយសម្រួលជុន ច័ន្ទបុត្រ បន្លំចូលបាននោះគឺ ឡុង រី ដោយបាននិយាយប្រាប់ឆ្មាំគុកព្រៃសរ ថាអ្នកដែលត្រូវចូលមាន «លោកជំទាវមូរ សុខហួរ ខ្ញុំឡុង រី និងសហការីខ្ញុំ ៣ នាក់នេះចូល» ហើយនៅក្នុងចំណោមសហការីតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលអង្គភាពពន្ធនាគារព្រៃស អនុញ្ញាតឱ្យចូលនោះក៏មាន ជុន ច័ន្ទបុត្រ ដែលមានតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរដែរ។ លោក ជុន ច័ន្ទបុត្រ ធ្វើឥរិយាបថបៀបលាក់លៀមដោយពាក់មួក ពាក់វែនតា ឱនមុខចុះព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបានចូលទៅក្នុង ខណៈខ្លួនមិនមានភារកិច្ចចូលឡើយ តែបានចូលដោយការក្លែងឋានៈ។

រហូតមកទល់ពេលនេះ ទាំងលោក ឡុង រី និងលោកស្រី មូរ សុខហួរ មិនទាន់បញ្ជាក់ពីជំហរច្បាស់លាស់នៅឡើយទេថា តើត្រូវចូលតាមដីកាកោះ ឬយ៉ាងណាដោយអះអាង ថាកំពុងតែពិភាក្សាជាមួយមេធាវី។ បើតាមសីលធម៌ និងគុណធម៌អ្នកនយោបាយ ទាំងឡុង រី និងមូរ សុខហួរ គួរចូលទៅធ្វើជាសាក្សីដើម្បីជួយដោះបន្ទុក ឱ្យ ជុន ច័ន្ទបុត្រ ដែលរងគ្រោះព្រោះតែក្លែងឋានៈធ្វើជាជំនួយការរបស់តំណាងរាស្ត្រទាំងពីរនេះ ឆ្លើយអំពីការពិតដែលបានកើតឡើងដើម្បីប្រាប់ទៅអយ្យការអមសាលាដំបូងលោក សៀង សុខ។

បើធ្វើដូច្នេះ ជុន ច័ន្ទបុត្រ ដែលធ្លាប់បានលះបង់សព្វបែបយ៉ាងរហូតដល់យកវិទ្យុអាស៊ីសេរី មកជួយបក្សប្រឆាំង រៀបចំផែន ការជួយបក្សប្រឆាំងខ្លួនសព្វបែបយ៉ាងនឹង មិនអស់សង្ឃឹមទេ ហើយក៏យល់ថាការជួយរបស់គាត់រហូតជាប់ ជំពាក់នឹងច្បាប់នៅពេលនេះដើម្បីជួយបក្សប្រឆាំងក៏មិនអត់ប្រយោជន៍ដែរ។ ជុន ច័ន្ទបុត្រ នឹងសរសើរពី វរភាពនៃតំណាងរាស្ត្រទាំងពីរដែលគិតពីសហការីក្រៅផ្លូវការ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំដែលបានជួយបក្សប្រឆាំងក្នុងការឃោសនា វាយប្រហាររដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជាកន្លងមកតាមខ្សែញាក់ របស់ចៅហ្វាយខ្លួន។ បើសក្ខីកម្មរបស់ ឡុង រី និងមូរ សុខហួរ មិនអាចជួយអ្វីបានក៏លោក ជុន ច័ន្ទបុត្រ ឃើញកូនទាំង៥នាក់នេះ​ អាចនឹងញញឹមរកគុក ទៅរកដៃគូវិភាគ នយោបាយតាមខង្វាក់ភ្លេងរបស់ខ្លួនដែរ។

សេណារីយ៉ូទី២៖ ប៉ុន្តែបើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវបានមេធាវីរបស់ខ្លួនផ្តល់យោបល់ថាមិនចាំបាច់ចូល ទៅតាមការកោះក្នុងនាមជាសាក្សីទេ ព្រោះអ្នក ទាំងពីរមានអភ័យឯកសិទ្ធិ គ្មាននរណាអាចចាប់បង្ខំបានឡើយ។ ពេលនោះលោក ជុន ច័ន្ទបុត្រ នឹងអាចភ្លឺភ្នែកថា ខ្លួនគឺជាស្លឹកចេកដែលខំលះបង់ក្រុមគ្រួសារ មករៀបចំ ផែនការជួយបក្សប្រឆាំងតែទីបំផុត សក់អ្នកណាក្បាលអ្នកនោះ។ គ្មាននរណាស្មោះត្រង់ជាមួយ យើងជាងខ្លួនយើងទេ។ ជុន ច័ន្ទបុត្រ អាចនឹងពោលពាក្យស្តាយ ស្រណោះថាហេតុអ្វីតំណាងរាស្ត្រទាំងពីរ គ្មានគុណធម៌ជាមួយអ្នកដែលជួយខ្លួនយ៉ាងនេះ។ បើសិនជា ឡុង រី និងមូរ សុខហួរ ជ្រើសយកជម្រើស មិនទៅផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី តើតំណាងរាស្ត្រទាំងពីរនេះគិតថារួចខ្លួនទេ?

ចម្លើយគឺថា មិនអាចរួចខ្លួនទេ! មិនត្រឹមតែមិនអាចជួយលោក ជុន ច័ន្ទបុត្រ ក្នុងការរំដោះខ្លួនចេញពីសំណាញ់ច្បាប់បានទេ ថែមទាំងខ្លួនឯងជាប់ជង់ទៀត ព្រោះតុលាការ នឹងអាចចោទប្រកាន់តំណាងរាស្ត្រទាំង២ពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌដែលចាត់ទុក ថាជាបទល្មើសជាក់ស្តែង។ ករណីបដិសេធក្នុងការចូលខ្លួននេះត្រូវបានចោទប្រកាន់ប្រឆាំងនឹងមេបក្សថ្មី របស់ខ្លួនរួចមកហើយកាលពីខែឧសភា ឆ្នាំ ២០១៦ ទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម ហើយពេលនោះ កឹម សុខា បានឃុំខ្លួនឯងក្នុងទីស្នាក់ការបក្សអស់ជាច្រើនខែទៀតផង។ តើឡុង រី និងមូរសុខហួរ ព្រមទាំង មេធាវីការពារក្តីឱ្យខ្លួនសុខចិត្តជ្រើសរើស មិនចូលទៅបំភ្លឺក្នុងនាមជាសាក្សីទេ? បើមិនចូលខ្លួនតាមការកំ ណត់ត្រូវបានគេមើលឃើញថាមានផលវិបាកអវិជ្ជមានច្រើនជាងវិជ្ជមាន៖

១៖ តំណាងរាស្រ្ត ឡុង រី និងលោកស្រី មូរ សុខហួរ នឹងអាចប្រឈមមុខពីការចោទប្រកាន់បទ បដិសេធក្នុងការចូលខ្លួនជា បទល្មើសជាក់ស្តែងក្នុងករណីបដិសេធម្តង ហើយម្តងទៀត មិនចូលតាមការកោះ។ ពេលនោះលោក ឡុង រី និងលោកស្រី មូរ សុខហួរ ដែលកំពុងមានសំណុំរឿងអំពីកុបកម្មរំដោះទីលានប្រជាធិបតេយ្យ នៅជាប់តុលាការស្រាប់ផង នឹងត្រូវបន្ថែមសំណុំរឿងមួយថ្មីទៀត ដែលធ្វើឱ្យតំណាងរាស្ត្រទាំងពីរនេះ ត្រូវប្រឈមមុខនឹងអស់អភ័យឯកសិទ្ធិ និងប្រឈមមុខនឹងការចាប់ខ្លួន និងជំនុំជម្រះក្តី។ តើពេលនោះនរណាទស្សន៍ទាយដឹងទៅថាតើ សំណុំរឿងវានឹងក្លាយទៅជាយ៉ាងណា? ដើរលើផ្លូវខុសខ្លួនឯង! មេបក្សព្រះអាទិត្យ កឹម សុខា ជាប់ផុងក្នុងនីតិវិធីច្បាប់នៅតុលាការ ក៏ដោយសារតែក្រុមមេធាវីដ៏ចំណានៗរបស់ខ្លួន ប្រាប់បែបខុសថា មិនត្រូវចូល បង្ហាញខ្លួននៅចំពោះមុខតុលាការឡើយ ហើយគួបផ្សំនឹងទ្រឹស្តីនិយមរបស់កឹម សុខា មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មានឯណា ឃុំខ្លួនឯងជាច្រើនខែក្នុងទីស្នាក់ការបក្ស កោះហៅសមាជិកបក្សឱ្យមកដេកយាមរាល់យប់ ដាច់របបយូរ រហូតដល់ហៅស្រីកំណាន់ទៅគីគីលូក្នុងទីស្នាក់ការទៀត។

២៖ បើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវប្រឈមមុខច្បាប់ដោយការបដិសេធ ក្នុងការចូលខ្លួនក្នុងនាមជាសាក្សី នាំឱ្យមានជាប់ជំពាក់ នឹងរឿងរ៉ាវក្នុងតុលាការ អ្នកដែលខូចប្រយោជន៍ជាងគេគឺលោកស្រី មូរ សុខហួរ និងបក្ស ព្រះអាទិត្យទាំងមូលព្រោះលោក មូរ សុខហួរ ត្រូវបានគេតែងតាំងពីរដងមកហើយជាអនុប្រធានគណបក្ស ទោះ មិនទាន់ទទួលបានសុពលភាពនៅឡើយ ក៏លោកស្រី មូរ សុខហួរ នៅតែជាបេក្ខភាពមួយរូបសម្រាប់តំណែងមេបក្សរង។ ចុះបើ មូរ សុខហួរ ជាអនុប្រធានបក្ស មានរឿងក្តីក្តាំ នៅតុលាការរហូតដល់ទៅពីរ និងបើតុលាការរកឃើញថា មានទោស តើវាសនា មូរ សុខហួរ ជាពិសេសបក្សសង្គ្រោះជាតិនឹងទៅជាយ៉ាងណា ខណៈច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្ម និងចូលជាធរមានថ្មីៗនេះបានចែងពីថ្នាក់ដឹកនាំ បក្សកំពូលដែលមានទោសទណ្ឌ ប្រសិនបើធ្ងន់ធ្ងរត្រូវរំលាយបក្សចោល និងហាមមិនឱ្យធ្វើនយោបាយជាច្រើនឆ្នាំទៀត។ ដូច្នេះតើ ឡុង រី និងមូរ សុខហួរ ហ៊ានប្រថុយនឹងសេណារីយូនេះទេ?

ចូលឬមិនចូលគឺជា ជម្រើសរបស់ឡុង រី និងមូរ សុខហួរ ចៅចាក់ស្មុកគ្រាន់តែជារាស្ត្រធម្មតាមិន មែនជាទេវតាអាចទស្សន៍ទាយចិត្តមន្ត្រី ព្រះអាទិត្យបានទេ។ ដូច្នេះមានតែ រង់ចាំមើលទាំងអស់គ្នានៅថ្ងៃទី២៧ និង២៨ ខែមេសា ខាងមុខនេះ តើតំណាងរាស្ត្រទាំងពីរនឹងនាំលាភឱ្យ ជុន ច័ន្ទបុត្រ ស្រោចស្រង់រាសីបុរសរូបនេះដែលកំពុងស្រុតចុះ ឱ្យឡើងវិញអាចដោះបន្ទុករួចពីការចោទប្រកាន់ពីបទ ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារបានដែរឬអត់? ឬក៏នាំគ្រោះជាន់លើគ្រោះ ឱ្យលោក ជុន ច័ន្ទបុត្រ រាសីធ្លាក់ចុះ ក្នុងឆ្នាំថ្មីក្លែងឋានៈ បន្លំភ្នែករាជការជាប់ជំពាក់នឹងច្បាប់ ចូលទៅជាប់ពន្ធនាគារដូច គឹម សុខ? តើតំណាងរាស្ត្រពីរនាក់នេះ អាចជួយបក្សបានទេ ម៉េចៗកុំធ្វើឱ្យការលះបង់តំណែងប្រធានបក្សសម រង្ស៊ី ក្នុងការជួយបក្សកាន់តែគ្មានន័យថែមទៀត៕

ដោយ៖ ចៅចាក់ស្មុក