(ភ្នំពេញ)៖ ទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ» ក្រោមអធិបតីលោករដ្ឋមន្រ្តី អ៊ិត សំហេង និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

លើពិភពលោក ទិវានេះត្រូវបានប្រារព្ធនៅថ្ងៃទី២៨ ខែមេសា រៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ និងរំឭកដល់វិញ្ញាណក្ខន្តកម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ ក្រសួងការងារ ក៏បានណែនាំឲ្យគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានមានវត្តមាននៅគ្រប់ ២៥រាជធានី-ខេត្ត ត្រូវប្រារព្ធទិវានេះឲ្យបានអធឹកអធម នៅតាមទីតាំងរបស់ខ្លួន ព្រមទាំងត្រូវចងបដាពាក្យស្លោក នៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថាន ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ, បង្ការការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់កម្មករនិយោជិត។

សូមជម្រាបថា ឆ្នាំ២០១៧នេះ ជាលើកទី១២ហើយ ដែលកម្ពុជាប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្នុងនាមជាប្រទេសសមាជិក នៃអង្គការអន្តរជាតិខាងការងារ (ILO)៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ៖