(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល២៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង និងយានផ្សេង៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួ​ន៣៥៤លើក បណ្ដាលឲ្យស្លាប់១៦៧នាក់ របួសធ្ងន់៣៧០នាក់ និងរងរបួសស្រាល២៧៧នាក់៕