(រតនគិរី)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ចាន់ គឹមសេង នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសឲ្យចូលកាន់តំណែង​ជាប្រធានពន្ធនាគារខេត្តរតនគិរីថ្មី ដោយលោក ​អ៊ុក គឹមជន ចូលកាន់តំណែងជំនួសលោក ទីន សុវណ្ណនី។

ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ក៏មានការចូលរួមពី លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំ​អឿន អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ, អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

អគ្គនាយកពន្ធនាគារ លោក ចាន់ គឹមសេង បានលើកឡើង ពីការដឹកនាំរបស់លោក ទីន សុវណ្ណនី កន្លងមកមានស្នាដៃជាច្រើន ដូចជាកសាងអគារ, របង ប្រព័ន្ធសុវត្ថិភាពជាដើម ដោយការផ្លាស់ប្តូរនេះគ្មានអ្វីប្លែកនោះទេ។ លោក ចាន់ គឹមសេង ក៏បានជម្រុញឲ្យ លោក អ៊ុក គឹមជន ត្រូវ​បន្តការងារនៅសេសសល់ ពីប្រធានអង្គភាពចាស់ ត្រូវមានសាមគ្គីភាព ផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ។

ទន្ទឹមនឹងនេះ អគ្គនាយកពន្ធនាគារ ​សំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត មេត្តាជួយពន្ធនាគារបន្តទៀត ដើម្បីប្រែក្លាយទីនេះ (ពន្ធនាគារ) វិវត្តន៍រីកចម្រើន មានភាពប្រសើរឡើងដូចកន្លែងដទៃទៀត៕