(ពោធិ៍សាត់)៖ ខណៈដែលក្រុមបេសកកម្មរុករកកំណប់អាថ៌កំបាំង នៃកម្មវិធីមែកសឺដេស និងកំណប់អាថ៌កំបាំង បានទៅដល់ផ្ទះបងប្អូនជនជាតិដើមភាគតិច ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារបានជួបសាកសួរជាមួយគ្រួសារជនជាតិដើមជងមួយគ្រួសារ ដែលពួកគាត់សុទ្ធតែមានអាយុច្រើនខុសពីជនជាតិខ្មែរទូទៅ តែកម្លាំងកំហែងនៅតែមាំមួនដដែល។

អង្គុយក្រោមដើមសៅម៉ាវនៅមុខផ្ទះចំណាស់ ជាមួយសម្ដីរដឺនមូយៗ លោកតា អត គ្រីន បានប្រាប់ក្រុមការងារថា លោកតាមានអាយុ៨៧ឆ្នាំហើយ និងរស់នៅជាមួយលោកយាយជាប្រពន្ធមានឈ្មោះ សួន ឆុច ដែលមានអាយុ៨៦ឆ្នាំហើយដែរ។

រស់នៅបែបអ្នកជនបទ លោកតា គ្រីន និងលោកយាយ ឆុច នៅតែមានកម្លាំងមាំមួន និងសម្តីសំដៅអាចនិយាយភាសាខ្មែរស្តាប់បាន ថ្វីត្បិតតែគ្រួសារជនជាតិជងមួយនេះ រស់នៅតំបន់អូរសោមចាស់ស្រុកយូរជាងគេក៏ដោយ។

លោកតាបានបន្តថា ការដែលពួកគាត់មានអាយុយូរឆ្នាំ និងមានកម្លាំងមាំមួនល្អបែបនេះ ដោយសារគ្រួសារពួកគាត់ពិសាតែម្ហូបអាហារ និងឱសថដែលដាំដុះចេញពីធម្មជាតិ ពិសេសគឺដើមក្រវាញ បន្លែ ផ្លែឈើធម្មជាតិពិតៗ ដែលមាននៅទីនោះ។

លោកបានបន្តទៀតថា ជនជាតិភាគតិចជនគ្នាគាត់ នៅសល់តែប្រមាណ ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែលោកបានអះអាងថា ជនជាតិពួកគាត់នៅតំបន់អូរសោមនេះ មិនដាច់ពូជទេ ពីព្រោះពួកគាតជំនាន់ក្រោយ នៅតែភ្ជាប់ចំណងរៀបការជាប្ដីប្រពន្ធតៗគ្នា និងបន្តកំណើតជាបន្តទៅមុខទៀត។

សូមបញ្ជាក់ថា ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង កំពុងស្ថិតនៅតំបន់អូរសោម ដើម្បីផ្តិតយករូបភាពទេសចរណ៍ និងស្វែងយល់ពីជីវភាពរស់នៅតំបន់នេះផងដែរ ដែលកម្មវិធីនេះផ្តួចផ្តើមឡើងដោយក្រុមហ៊ុនស្តរអូតូ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ Mecerdes-Benz សហការជាមួយអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជា Fresh News និង Thmey Thmey ក្នុងគោលបំណងចុះស្វែងរកតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍ ក៏ដូចជាកំណប់អាថ៌កំបាំងជាច្រើននៅទូទាំងខេត្តទាំងអស់នៅកម្ពុជា ដើម្បីបង្ហាញជូនទស្សនិកជន អញ្ជើញទស្សនា និងស្គាល់ពីតំបន់ទេសចរណ៍ទាំងនោះ។