(កំពង់ធំ)​៖ លោក ដៀប ពិរី សមាជិកក្រុមប្រឹក្សា តំណាង​ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហ៊ួន វ៉ាន់និត អភិបាលរងខេត្ត តំណាង​អភិបាល​ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញ​ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការរបស់​ លោក ហ៊ឺ សារ៉ា អភិបាលរងស្រុកសណ្តាន់។

ក្នុងពិធីនេះ ក៏មានការ​ចូល​រួមពី លោក លោកស្រី សមាជិក ប្រធានក្រុមប្រឹក្សា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោក ហួន វ៉ាន់និត អភិបាលរងខេត្ត បន្ទាប់ពីបានចូលរួមអបអរសាទរ លោក ហ៊ឺសារ៉ា ប្រកាសកាន់តំណែងជា អភិបាលរងស្រុក​សណ្តាន់ លោកបានផ្តាំផ្ញើដល់អាជ្ញាធរ និងស្ថាប័នគ្រប់វិស័យ ​​សហការគ្នាការពារថែរក្សាព្រៃឈើដែនព្រៃឡង់ ឲ្យបានគង់វង្ស។

បន្ថែមពីនេះ លោកបានប្រាប់ឲ្យ សមត្ថកិច្ចទាំងអស់ សូមនៅឲ្យឆ្ងាយពីបទល្មើសទាំងនេះ ត្បិតអី តំបន់ព្រៃឡង់នេះ កំពុងស្ថិតក្នុងក្រសែភ្នែកពីគ្រប់មជ្ឈដ្ឋាន ដោយមានការចោទប្រកាន់ថា មានការរងកាប់បំផ្លាញ និងដឹកជញ្ជូន ចេញជាហូរហែរ​ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រពន្ធផ្សព្វផ្សាយនានា។

ជាមួយគ្នានេះដែរ លោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត ​បានបញ្ជាក់ដោយ ឲ្យពង្រឹងបន្ថែមចំពោះតួនាទីភារកិច្ច ក្នុងអង្គភាពសាលាស្រុក ជុំវិញការងារសាវាសាធារណ បម្រើជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយប្រកាន់យករបៀរបប ច្រកចេញចូលតែមួយ និងណែនាំដល់មន្ត្រីខិតខំលើកកម្ពស់សមត្ថភាព រៀបចំរបបប្រជុំ​ធ្វើការជាក្រុម សមូហភាពដឹកនាំ​បុគ្គលទទួលខុសត្រូវ៕