(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ស្តីពីទំនាក់ទំនងរវាងប្រទេសទាំង២ និងស្ថានការណ៍នយោបាយ ចុងក្រោយដែលបាននិងកំពុងកើតមានឡើងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចេញមកប្រតិកម្ម និងឆ្លើយតបវិញភ្លាមៗថា «ការលូកដៃជ្រៀតជ្រែកផ្ទៃ ក្នុងកម្ពុជា របស់សហរដ្ឋអាមេរិក គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យខ្មែរយ៉ាងពិតប្រាកដ»។  

នៅតាមបណ្តាញសង្គម Facebook ដែលបង្ហោះនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងការឆ្លើយតបជាបឋមចំពោះអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាគឺ៖

១៖ អ្វីដែលកម្ពុជាយល់ឃើញយ៉ាងច្បាស់នោះគឺថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែកចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តី ថ្លែងការណ៍ផ្ទាល់របស់អ្នកតំណាងរាស្រ្ត កឹម សុខា។

២៖ ការលើកឡើងគម្រាមរបស់ ឯកឧត្តម អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលអះអាងថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ច្រើន នោះជាការមិនពិតទេ។ អ្នកទេសចរណ៍ និងពាណិជ្ជករ គេមិនមែនជាអ្នកបម្រើនយោបាយនោះឡើយ ហើយសុវត្ថិភាពក៏ជាចំណុចទាក់ទាញផងដែរ នោះបើប្រៀបធៀបតំបន់ដទៃទៀតនិង ឬក៏សហរដ្ឋអាមេរិក។

កម្ពុជាគ្រាន់តែប្រើប្រាសសិទ្ធិរបស់ប្រជាជាតិអធិបតេយ្យ និងឯករាជ្យប្រាសចាកពីការលូកដៃជ្រៀតជ្រែកបញ្ហាលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាតែប៉ុណ្ណោះ  ហើយពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស និងទទួលខុសត្រូវលើជោគវាសនាផ្ទាល់របស់ខ្លួន។ កម្ពុជាក្រៅពីវិធានបថ ជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន កម្ពុជានៅតែរក្សាកិច្ចសហការរវាងរាជរដ្ឋភិបាល និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងការគោរពផលប្រយោជន៏រវាងគ្នានឹងគ្នាជានិច្ចកាល។ ហើយកម្ពុជាមិនមែនជារដ្ឋប្រើប្រាស់អាវុធប្រល័យលោក ឬជារដ្ឋភេរវកម្មនោះទេ។

៣៖ លទ្ធិប្រជាធិបតេយ្យអាចដំណើរទៅមុខនេះ គឺជាគោលបំណងដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មេរ ដែលបានចូលរួមបោះឆ្នោតជាង៩០% ហើយរាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើឲ្យមានការបោះឆ្នោតនេះទៀងទាត់។ ការវិវត្តន៍ប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យដោយគ្មានការលូកលាន់ពីសហរដ្ឋអាមេរិក ដូចដែរបានសារភាព ដោយប្រធាន គណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលយើងយល់ថាជាការរំខាន និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យប្រាសចាកពីគោលបំណង និងផលប្រយោជន៏ របស់ខ្មែរពិត។ «ការលូកដៃជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជារបស់សហរដ្ឋអាមេរិក គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យខ្មែរពិតប្រាកដ»

សូមបញ្ជាក់ថា ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះ បានធ្វើឲ្យឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស លែងនៅស្ងៀម និងចេញសេចក្តីថ្លែងការណ៍បន្ទាន់ មួយពាក់ព័ន្ធលើស្ថានភាពដ៏តានតឹងនៃទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងមួយរយៈពេលចុងក្រោយនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជានៅថ្ងៃនេះ បានបង្ហាញការសោកស្តាយជាខ្លាំង ដែលកម្ពុជា បានទាញភ្ជាប់អាមេរិកទៅនឹងសំណុំ រឿងក្បត់ជាតិរបស់លោក កឹម សុខា និងចាត់ទុកការនេះគឺជាការចោទប្រកាន់ដ៏មិនធម្មតាមួយ។

ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរប​ស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយ មានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»

មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ?»