(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆាប់ៗខាងមុខនេះ អាចនឹងប្រឈមមុខជាមួយកូរ៉េខាងជើង ខណៈដែលមានរបាយការណ៍បង្ហាញថា ប្រធានាធិបតីរូបនេះកំពុង ពិចារណាថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ដកទ័ព នៅបន្ទាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ក្នុងអំឡុងនៃទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងត្បូងក្នុងពេលខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។

សារព័ត៌មានកូរ៉េខាងត្បូង Yonhap News បានឱ្យដឹងថា តំបន់ដកទ័ពដែលបែងចែកប្រទេស កូរ៉េទាំងពីរ ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣ នឹងក្លាយជាទីតាំងគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងតំបន់អាស៊ី។ ក្នុងនោះដែរប្រធានាធិបតីមហាអំណាចរូបនេះក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន ចិន វៀតណាម និងហ្វីលីពីនផងដែរ។

សេតវិមាន បានបញ្ជូនក្រុមមន្ត្រី ទៅកាន់ប្រទេស កូរ៉េខាងត្បូង កាលពីចុងខែសីហាកន្លងទៅនេះ ដើម្បីពិនិត្យទីតាំងដែលអាចឱ្យលោក ត្រាំ ធ្វើទស្សនកិច្ចបាន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា ទស្សនកិច្ចនេះជាការបញ្ជូនសារដ៏មុតមាំមួយទៅកាន់ប្រទេស កូរ៉េខាងជើង ក្នុងអំឡុងទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ឧបទ្វីបកូរ៉េ ក្នុងនាមជាប្រធានាធិបតី។ ប្រភពព័ត៌មានបានឱ្យដឹងថា លោកទំនងធ្វើបែបនេះពិតប្រាកដមែន ខណៈដែលជំនួយការរបស់លោក កំពុងត្រៀមរៀបចំសម្រាប់ទស្សនកិច្ចដ៏រស៊ើបនេះ៕