(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភាដែរនោះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៥។ កិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះនឹងបន្តពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួនពីររួមមាន៖

១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

២៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងបន្តពិភាក្សាលើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមតំណាងរាស្រ្ត ៤៣រូប មកពីគណបក្សកាន់អំណាច។

ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តពិនិត្យនៅព្រឹកថ្ងៃនេះរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕