(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ។ ឆ្លៀតឱកាសនេះ សូមបង្ហាញពីប្រវត្តិបង្កើតរដ្ឋ និងស្ថានភាពទូទៅរបស់ដែនដីមួយនេះ៖

* រដ្ឋធានី៖ កង់បេរ៉ា
* ទីក្រុងធំជាងគេ៖ ស៊ីដនី
* ភាសាជាតិ៖ អង់គ្លេស
* រដ្ឋាភិបាល៖ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
* ព្រះរាជា៖ ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទីពីរ
* នាយរដ្ឋមន្ត្រី៖ លោក Malcolm Turnbull
* អង្គនីតិប្បញ្ញត្តិ៖ សភាចែកចេញជាពីរ សភាជាន់ទាប និងសភាជាន់ខ្ពស់
* ម្ចាស់អណានិគមន៍៖ អង់គ្លេស
* ផ្ទៃក្រឡាសរុប៖ ៧,៦៩២,០២៤គីឡូម៉ែត្រការ៉េ (ផ្ទៃទឹក០,៧៦ភាគរយ)
* ចំនួនប្រជាជន៖ ២៤ ៨៥៥ ៧០០នាក់ (ឆ្នាំ២០១៨)
* ដង់ស៊ីតេ៖ ៣,២នាក់/ គីឡូម៉ែត្រការ៉េ
* GDP សរុប៖ ១,៣៩លានលានដុល្លារអាមេរិក (ឆ្នាំ២០១៧)
* GDP ម្នាក់ៗ៖ ៥៦,១៣៥ដុល្លារអាមេរិក (ឆ្នាំ២០១៧)

ប្រទេសអូស្ត្រាលី ជារដ្ឋដែលមានអធិបតេយ្យភាពពេញលេញ ដែលដែនដីនៃប្រទេសនេះទាំងមូល រួមមានទ្វីបអូស្ត្រាលីទាំងមូល កោះ Tasmania ព្រមទាំងបណ្តាកោះតូចៗមួយចំនួន។ អូស្ត្រាលីជាប់ចំណាត់ថ្នាក់ទីប្រាំមួយ ជាប្រទេសដែលមានដែនដីធំជាងគេលើពិភពលោក មានព្រំប្រទល់ខាងជើងជាប់ប្រទេស ប៉ាពូញ៉ូវគីណេ ឥណ្ឌូនេស៊ី ទីម៉រខាងកើត ភាគឥសានជាប់កោះ Solomon និងកោះ Vanuatu ដោយឡែកភាគអាគ្នេយ៍ជាប់ប្រទេស ញ៉ូវហ្សេឡែន។

១៖ ប្រវត្តិកកើតរដ្ឋ

ដែនដីអូស្ត្រាលីមានមនុស្សមករស់នៅតាំងពីប្រមាណ ៦៥០០០ឆ្នាំ ដល់៧០០០០ឆ្នាំមុន ដោយពួកគេជាជនអន្តោប្រវេសដែលធ្វើដំណើរពីដែនដីអាស៊ីអាគ្នេយ៍សព្វថ្ងៃ មកកាន់ដែនដីនេះ ទាំងតាមផ្លូវទឹក និងផ្លូវគោក។ ហេតុនេះទើបពួកគេត្រូវបានចាត់ទុកជាជនជាតិដើមរបស់អូស្ត្រាលី។

បន្ទាប់ពីពួកហូឡង់រកឃើញទ្វីបនេះ នៅក្នុងឆ្នាំ១៦០៦ ពាក់កណ្តាលខាងកើតនៃទ្វីបនេះ ត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេសនៅឆ្នាំ១៧៧០។ ចំនួនប្រជាជនកើនឡើង ជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់មក។ នៅទសវត្សរ៍ឆ្នាំ១៨៥០ ដែនដីភាគច្រើននៃទ្វីបនេះក្លាយជាដែនដីសម្រាប់គេរុករក ហេតុនេះម្ចាស់អាណានិគមចំនួនប្រាំផ្សេងទៀត បានតែងតាំងខ្លួនឯងឡើង។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩០១ អាណានិគមទាំង៦ ក៏បង្កើតរដ្ឋអូស្ត្រាលីឡើង។ តាំងពីពេលនោះមកអូស្ត្រាលីបានថែរក្សាប្រព័ន្ធនយោបាយបែប លទ្ធិប្រជាធិបតេយ្យសេរីប្រកបដោយស្ថិរភាព ដែលមានប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋសភា ដោយមានរដ្ឋចំនួនប្រាំមួយ និងទឹកដីតូចៗផ្សេងៗជាច្រើន។

២៖ ឈ្មោះប្រទេស

ពាក្យថា អូស្ត្រាលី មានប្រភពមកពីពាក្យថាភាសាឡាទីន គឺ Terra Australis ដែលមានន័យថា ដែនដីភាគខាងត្បូង ជាឈ្មោះដែលមនុស្សសម័យបុរាណ ហៅទ្វីបមួយនេះ ដោយសារវាស្ថិតនៅភាគខាងត្បូង នៃផែនដី។ នៅពេលដែលពួកអឺរ៉ុបធ្វើដំណើរមកកាន់ដែនដីនេះ និងព្រមទាំងធ្វើផែនទីជាលើកដំបូងក្នុងសតវត្សរ៍ទី១៧ ឈ្មោះថា Terra Australis ក៏ត្រូវបានប្រើប្រាស់សម្រាប់ហៅដែនដីនេះជាផ្លូវការជាលើកដំបូងតែម្តង ហើយក៏ជាប់ឈ្មោះជា Australia (អូស្ត្រាលីមកដល់បច្ចុប្បន្ន)។

៣៖ ទីតាំងភូមិសាស្ត្រ

អូស្ត្រាលីលាតសន្ធឹងចាប់ពី៩ដឺក្រេ ដល់៤៤ដឺក្រេ នៃរយៈទទឹងខាងត្បូង និងចន្លោះពី ១១២ដឺក្រេ ដល់១៥៤ដឺក្រេនៃរយៈបណ្តោយខាងកើត។ ដីគោករបស់អូស្ត្រាលីមានទំហំ៧ ៦១៧ ៩៣០ គីឡូម៉ែត្រការ៉េ ព័ទ្ធជុំវិញដោយមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ដែនដីនេះត្រូវកាត់ផ្ដាច់ចេញពីទ្វីបអាស៊ី ដោយសមុទ្រអារ៉ារូរ៉ា និងសមុទ្រទីម័រ។ អូស្ត្រាលីត្រូវបាន ចាត់ទុកជា ទ្វីបដែលមានទំហំតូចជាងគេ តែជាកោះធំជាងគេលើពិភពលោក និងជាប្រទេសធំជាងគេលំដាប់ទីប្រាំមួយលើពិភពលោក។ ប្រទេសអូស្ត្រាលីមានឆ្នេរសមុទ្រប្រវែង៣៤ ២១៨ គីឡូម៉ែត្រ (មិនរាប់បញ្ចូលកោះសមុទ្រទាំងអស់)។

៤៖ សេដ្ឋកិច្ច

អូស្ត្រាលី ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី១៣ លើពិភពលោក និងជាប្រទេសមានប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលខ្ពស់ជាងគេទី១០ លើពិភពលោក (របាយការណ៍ IMF)។ ដោយសារអូស្ត្រាលីមានកម្រិតសន្ទន៍អភិវឌ្ឍន៍មនុស្សខ្ពស់ជាងគេជាប់ចំណាត់ថ្នាក់ទីពីរលើពិភពលោក ទើបប្រជាពលរដ្ឋមានកម្រិតស្តង់ដាខ្ពស់ ទាំងក្នុងជីវិតរស់នៅ សុខភាព ការអប់រំ សេរីភាពសេដ្ឋកិច្ច និងសិទ្ធនយោបាយ។

ប្រទេស អូស្ត្រាលី ជាសមាជិករបស់អង្គការពិភពលោកល្បីៗជាច្រើន ដែលបានបង្ហាញពីភាពលេចមុខលេចមាត់របស់ប្រទេសមួយនេះលើឆាកអន្តរជាតិ។ ជាមួយនឹងចំនួនប្រជាជនប្រមាណ ២៥លាននាក់ អូស្ត្រាលីមានការធ្វើនគរូបនីយកម្មខ្ពស់ និងផ្តោតសំខាន់ទៅលើការដែនដីជាប់សមុទ្រភាគខាងកើត។ គួរឱ្យកត់សម្គាល់ផងដែរនោះដែនដីមួយនេះ ក៏ជាប់ចំណាត់ថ្នាក់ ជាប្រទេសដែលប្រមូលផ្តុំដោយជនអន្តោប្រវេសន៍ជាប់ចំណាត់ថ្នាក់ទី៩ លើពិភពលោកផងដែរ ដោយក្នុងនោះជនអន្តោប្រវេសន៍សរុបរហូតដល់២៦ភាគរយនៃប្រជាជនសរុប។

៥៖ វិស័យយោធា

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ កងកម្លាំងប្រដាប់អាវុធអូស្ត្រាលី ឬកងកម្លាំងការពារអូស្ត្រាលី (ADF) មានចំនួនសរុប ៨១,២១៤នាក់ (ក្នុងនោះរួមមានមន្ត្រីកាន់តួនាទីជាប្រចាំចំនួន ៥៧៩៨២នាក់ ចំណែកអ្នកអ្នកបំរុងមានចំនួន ២៣ ២៣២នាក់)។ នៅក្នុងឆ្នាំ២០១៦-២០១៧ កញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិមានស្មើនឹង២ភាគរយ នៃផលិតផលជាតិស្រុកសរុប ធ្វើឱ្យវាជាប់ចំណាត់ថ្នាក់ជាកញ្ចប់ថវិកាការពារជាតិច្រើនបំផុតទី១២ របស់ពិភពលោក។ យោធាអូស្ត្រាលីតែងតែចូលរួមរាល់សកម្មភាពរបស់ អង្គការសហប្រជាជាតិ ការថែរក្សាសន្តិភាពក្នុងតំបន់ ការជួយសង្គ្រោះគ្រោះមហន្តរាយ និងជម្លោះប្រដាប់អាវុធជាដើម។

៦៖ រដ្ឋាភិបាល និងនយោបាយ

ប្រទេសអូស្ត្រាលី ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសហព័ន្ធ ដោយមានម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី២ ដែលបុគ្គលដែលមានតំណែងខ្ពង់ខ្ពស់ជាងគេ ជាតួនាទីមួយខុសពីតំណែងដែលទ្រង់កាន់កាប់ក្នុងនាមជាព្រះមហាក្សត្រនៃប្រទេសផ្សេងទៀត។ ចំពោះអគ្គទេសាភិបាល ក្នុងអនុវត្តជាក់ស្តែង មិនមានតួនាទីពិតប្រាកដក្នុងការធ្វើសេចក្តីសម្រេចចិត្ត ឬមានតួនាទីជាក់ស្តែងរបស់រដ្ឋាភិបាលឡើយ ដោយគ្រាន់តែដើរតួជាមេដឹកនាំ ផ្នែកច្បាប់សម្រាប់សកម្មភាពរបស់នាយករដ្ឋមន្រ្តី និងក្រុមប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធប៉ុណ្ណោះ។ ប៉ុន្តែអគ្គទេសាភិបាលមានអំណាចបំរុងពិសេសដែលអាចប្រើប្រាស់ក្រៅសំណើរបស់នាយករដ្ឋមន្ត្រី ក្នុងកាលៈទេសៈដ៏កម្រ និងមានកម្រិតណាមួយ។

* រដ្ឋាភិបាលសហព័ន្ធត្រូវបានបែងចែកអំណាចជា៣៖

* អង្គនីតិបញ្ញត្ដិ៖ សភាបែងចែកជាពីរ ក្នុងនោះមានព្រះមហាក្សត្រិយានី (តំណាងដោយអគ្គទេសាភិបាល) ព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។
* អង្គនីតិប្រតិបត្តិ៖ រួមមាននាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ដែលជួយប្រឹក្សាយោបល់ដល់អគ្គទេសាភិបាល
* តុលាការ៖ ចែកចេញជាពីរ មានតុលាការជាន់ខ្ពស់នៃប្រទេសអូស្រ្តាលី និងតុលាការសហព័ន្ធផ្សេងទៀត ដែលចៅក្រមរបស់ពួកគេត្រូវបានតែងតាំងដោយអគ្គទេសាភិបាល ។

៧៖ វប្បធម៌

ចាប់តាំងពីឆ្នាំ១៧៨៨មក វប្បធម៌អូស្រ្តាលី ទទួលឥទ្ធិពលពីវប្បធម៌ Anglo-Celtic Western culture និងឥទ្ធិពលខ្លះៗពីជនជាតិដើមភាគតិច។ រាប់តាំងពីពាក់កណ្តាលសតវត្សទី២០ វប្បធម៌អាមេរិកដ៏ពេញនិយម ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសអូស្រ្តាលីផងដែរ ជាពិសេសតាមរយៈទូរទស្សន៍ និងរោងភាពយន្ត។ ចំណែកប្រភពនៃវប្បធម៌ផ្សេងទៀតរបស់អូស្ត្រាលី បានមកពីប្រទេសជិតខាង និងតាមរយៈអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ពីប្រជាជាតិដែលមិនប្រើប្រាស់ភាសាអង់គ្លេស។ ភាពខុសគ្នា និងការវិវត្តដែលបានកើតមានឡើងក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ជាហេតុបង្កឱ្យវប្បធម៌អូស្ត្រាលីក៏មានលក្ខណៈសម្បូរបែប៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា