(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហានេះ បានទម្លាយសារឆ្លើយឆ្លងរបស់លោកជាមួយនឹង លោក សម រង្ស៊ី ជាសាធារណៈថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទេ ដែលមានបំណងចង់ធ្វើវិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីអធិបតេយ្យភាព នៃបូរណភាពទឹកដីរបស់កម្ពុជា។
ការលើកឡើងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានអង្គការ និងក្រុមមនុស្ស រិះគន់និងចោទប្រកាន់ មកលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាថា មានគម្រោងការកែប្រែរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីដោះស្រាយបញ្ហាទឹកដី ។
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភីជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ដែលកំពុងមានឥទ្ធិពលខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា «ខ្ញុំយកការវ៉ៃ SMS របស់ឯកឧត្តម សម រង្ស៊ី មកអានបន្តិចទៅចុះ ដើម្បីឱ្យកូនចៅគាត់ភ្លឺភ្នែក ព្រោះឥឡូវគាត់សុទ្ធតែថាស្អីឯណានោះ ប៉ុន្តែមេគាត់ទេអ្នកបបួលខ្ញុំ (កែមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្ញុំអត់ទាន់ព្រម ព្រោះមិនត្រូវធ្វើនៅពេលហ្នឹងទេ ចាំមើលណា...នេះនែ៖ ថ្ងៃទី១៧ ខែ៧ ម៉ោង៧៖៤៩នាទី ខ្ញុំអានឱ្យស្តាប់ ហើយអស់លោកខាងផ្នែកគណបក្សសង្រ្គោះជាតិ ស្តាប់ឱ្យបាន៖ ជំរាបសួរសម្តេច ! អនុសាសន៍សម្តេចថ្មីៗនេះទាក់ទឹងនឹងបញ្ហាព្រំដែន ដើម្បីបង្ហាញពីឯកភាពជាតិ កាន់តែរឹងមាំក្នុងគោលបំណងការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ស្តីពីផែនទី ដែលយើងត្រូវបញ្ជាក់ឱ្យបានក្បោះក្បាយ ដោយមានការចូលរួមពីគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិរួមគ្នា ដោយសេចក្តីគោរពរាប់អានពីខ្ញុំ» ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា «ឥឡូវខ្ញុំសូមផ្តាំ មេអស់លោកបបួលខ្ញុំធ្វើវិសោធនកម្ម ខ្ញុំយល់ថា ពេលវេលាវាមិនទាន់ស័ក្តិសមទេ ព្រោះគាត់យល់ដឹងដូចខ្ញុំដែរ អារឿង(ព្រំដែន)នៅខាងលិចវាត្រូវប្រើ (ផែនទី) ១/២០០០០០ នៅជាមួយឡាវ ឥឡូវយើងធ្វើផែនទីតែជាមួយវៀតណាមទេ ក្នុងរដ្ឋធម្មនុញ្ញមាត្រា២ មើលឱ្យច្បាស់ទៅ ប៉ុន្តែសោកស្តាយត្រង់ថា រឿងអាថ៌កំបាំងរបស់មេ ប៉ុន្តែមេមិនព្រមប្រាប់កូន អាហ្នឹងបានពិបាក អញ្ចឹងបានជាខ្ញុំថា វាជាការសង្ស័យណាស់ដែលថា ចាប់ដៃជាន់ជើងនោះ»។
កន្លងទៅថ្មីៗនេះ តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានសម្តែងការប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីលោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីផែនទី នៅរាជបណ្ឌិតសភា ផ្តល់អនុសាសន៍ ឱ្យគណបក្សជាប់ឆ្នោតទាំងពីរ ពិភាក្សាអំពីការកែប្រែរដ្ឋធម្មនុញ្ញ ត្រង់មាត្រា២ ដែលនិយាយអំពីបូរណភាពទឹកដីកម្ពុជា។ មាត្រា២នេះបានចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩»។
លោក អេង ឆៃអ៊ាង អគ្គលេខាធិការ នៃគណបក្សសង្រ្គោះជាតិ ហាក់បន្ទន់ជំហរជាងមុនបន្តិច ដោយបានប្រាប់ Fresh News នៅរសៀលថ្ងៃនេះថា គណបក្សសង្រ្គោះជាតិ នឹងមិនជំទាស់នោះទេ បើសិនជាខ្លឹមសារដែលកែនោះ មានឧត្តមប្រយោជន៍ធំធេងបំផុតចំពោះជាតិ ហើយថាខ្លឹមសារ របស់លោក សម រង្ស៊ី ដែលផ្ញើទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់តែស្នើឱ្យពិនិត្យលទ្ធភាពប៉ុណ្ណោះ ។
លោកបានឱ្យដឹងតាមទូរស័ព្ទថា «ជំហររបស់គណបក្សសង្រ្គោះជាតិ យើងមិនឆ្លើយថា No ! ឬយើងឆ្លើយថា Yes ទេយើងមើលខ្លឹមសារសិន ខ្លឹមសារនៃការកែ ខ្លឹមសារនៃអ្វីដែលចង់បានហ្នឹង បើខ្លឹមសារនៃការកែហ្នឹងមានផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់ធំធេងសម្រាប់ប្រទេសជាតិ អាហ្នឹងយើងគាំទ្រ ប៉ុន្តែបើខ្លឹមសារនៃការកែហ្នឹងវាមិនមានផលប្រយោជន៍ដល់ប្រទេសជាតិទេ អាហ្នឹងគឺយើងកែធ្វើអី ហើយអ្វីដែលជាសាររបស់ ឯកឧត្តម សម រង្ស៊ី ផ្ញើទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹងគឺលើកឡើងថា ដើម្បីឱ្យពិនិត្យលទ្ធភាពតើ ឱ្យពិនិត្យលទ្ធភាពក្នុងការកែរដ្ឋធម្មនុញ្ញ បើចំណេញយើងនាំគ្នាកែទៅ ប៉ុន្តែបើខាតយើងកុំកែ» ។
កាលពីម្សិលមិញ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវែសបានលើក បានថ្កោលទោសចំពោះអ្នកដែលចង់ចូលរួមកែរដ្ឋធម្មនុញ្ញមាត្រា២ ដោយអង្គការនេះចាត់ទុកថា ជាទង្វើក្បត់ជាតិ។ សេចក្តីថ្លែងការណ៍ ស្ថាប័នមួយនេះ បាននិយាយថា «រដ្ឋាភិបាលកម្ពុជាមានបំណងជំរុញទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីតម្រូវតាមខ្សែបន្ទាត់ព្រំដែន ដែលបានបោះបង្គោលជាមួយភាគីវៀតណាម៨៣ភាគរយរួចហើយ ដោយផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥និងផែនទីUTMខ្នាត១/៥០.០០០»។
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគឯករាជ្យ បានចាត់ទុកថា ការកែប្រែរដ្ឋធម្មនុញ្ញ នៅមាត្រា២នេះ វាហាក់ដូចជាកាត់ក្បាល់តម្រូវមួក ដោយសារតែការបង្គោលព្រំដែនមួយចំនួន បានធ្វើឡើងរួចទៅហើយ ហើយថាបើសិនជាមានការកែប្រែរដ្ឋធម្មនុញ្ញមែននោះ កម្ពុជានឹងបាត់បង់សិទ្ធិជាស្ថាពរ ក្នុងការទាមទារតំបន់មួយចំនួនពី ប្រទេសវៀតណាមត្រឡប់មកវិញ ។
លោកថា «បើនៅរដ្ឋធម្មនុញ្ញ....យើងចង់តវ៉ា យើងចង់ប្តឹងផ្តល់ យើងមានសង្ឃឹម ប៉ុន្តែបើយើងកែទៅលើអ្វីដែលបាត់បង់ទៅហើយនោះ គឺចប់ហើយ អត់មានសិទ្ធិតវ៉ាទៀតទេ»។
អ្នកជំនាញ អ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួន ដែលមានគំនិតវិជ្ជាមាន បាននិយាយថា រដ្ឋធម្មនុញ្ញមាត្រ២ ដែលកំណត់ឱ្យប្រើប្រាស់ផែនទីខ្នាង ១/១០០០០០ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣ដល់១៩៥៣ អាចអនុវត្តបាន តែចំពោះបញ្ហាព្រំដែនកម្ពុជាវៀតណាម ប៉ុន្តែកម្ពុជាមានព្រំប្រទល់ជាប់ប្រទេសថៃ និងប្រទេសឡាវ ហើយក្នុងនោះសម្រាប់ប្រទេសថៃ គឺកម្ពុជាអាចប្រើប្រាស់ ផែនទីខ្នាត ១/២០០០០០ ដែលធ្វើនៅឆ្នាំ១៩០៤ តែប៉ុណ្ណោះ ដែលទទួលបានផលចំណេញ៕ សូមស្តាប់សម្លេងនៅនាទីទី៥៣-->