(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារសំខាន់ៗមួយចំនួន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ។
- សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហានេះ បានទម្លាយសារឆ្លើយឆ្លងរបស់សម្ដេច ជាមួយនឹង លោក សម រង្ស៊ី ជាសាធារណៈថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទេ ដែលមានបំណងចង់ធ្វើវិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីអធិបតេយ្យភាព នៃបូរណភាពទឹកដីរបស់កម្ពុជា ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួន សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី លោក ហុង សុខហួរ ដែលបានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ហើយបង្ហោះតាមបណ្តាញសង្គម Facebook ដើម្បីបំភាន់ដល់ សាធារណជន។ សម្តេចតេជោ ហ៊ុន សែន បានហៅថា ការក្លែងក្លាយសន្ធិសញ្ញានេះ គឺជាទង្វើក្បត់ជាតិ ដែលមិនអាចឱ្យមានការលើកឡែងបាន។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានឲ្យកម្លាំងសមត្ថកិច្ចគ្រប់ច្រកទ្វារអន្តរជាតិទាំងផ្លូវគោក និងផ្លូវអាកាសបិទទាំងអស់ និងហាមឃាត់កុំឲ្យ រត់ចូលស្ថានទូតផងដែរ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ ចំនួន១៨ផ្ទាំង នឹងមកដល់កម្ពុជា នៅទី១៨ ខែសីហាខាងមុខនេះ ហើយនឹងចាប់ផ្តើមដាក់ឱ្យ ភាគីពាក់ព័ន្ធសំខាន់ៗនានាត្រួតពិនិត្យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ។ ផែនទីនេះ ជាផែនទីខ្នាត ១/១០០០០០ ដែលកម្ពុជាបានប្តឹងទៅអង្គការសហប្រជាជាតិ ក្រោយពេលអាមេរិក បានទម្លាក់គ្រាប់បែក នៅក្នុងសង្រ្គាមសម័យ លន់ ណុល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចព្រមព្រៀងខ្ចីផែនទីពី UN មានរហូតដល់២៣ចំណុច ក្នុងនោះរួមទាំងការថែទាំ និងរក្សាទុកឲ្យបានល្អ។ ល។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនឯកភាពតាមការស្នើ របស់លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដែលបានស្នើសុំឱ្យសម្តេច អន្តរាគមន៍ទៅក្រសួងសុខាភិបាល ចំពោះការផ្ទេរការគ្រប់គ្រង សញ្ញាបត្រពេទ្យ ឱ្យមកនៅក្រោមការគ្រប់គ្រងតែមួយ របស់ក្រសួងអប់រំ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (CHEA) បានដាក់លិខិតស្នើទៅ សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាល ឱ្យផ្ទេរការគ្រប់គ្រង និងការចុះហត្ថលេខាលើសញ្ញាបត្រ ចំពោះគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលវិស័យសុខាភិបាល ឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា តែមួយមុខវិញ ដើម្បីពន្លឿនដល់ការចេញសញ្ញាបត្រ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានសន្យាជួយសម្រួល ឱ្យកាន់ចេញសញ្ញាបត្រពេទ្យ កាន់តែលឿងជាងមុនថែមទៀត។
- សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យមានការលើកលែង ការយកពន្ធ សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបរទេស ដែលបានមកធ្វើការបណ្តុះបណ្តាល សិស្ស-និស្សិត នៅកម្ពុជាផងដែរ ។ សម្តេចបានលើកឡើងថា ការយកពន្ធទៅលើគ្រូបង្រៀន សាស្រ្តាចារ្យបរទេស ដែលបានមកស្រាវជ្រាវ និងបណ្តុះបណ្តាលនៅកម្ពុជា ជាការបន្ថែមទម្ងន់ពន្ធត្រួត ដោយសារតែគ្រូបង្រៀនទាំងនោះ បានបង់ពន្ធជូនរដ្ឋរបស់គេផង និងបង់ពន្ធជូនកម្ពុជាផង ខណៈដែលពួកគេបានខិតខំជួយ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។
- មិនមានការប្រឡងបាក់ឌុប ជាលើកទី២នោះទេ នៅក្នុងឆ្នាំសិក្សា២០១៤-២០១៥នេះ ខណៈដែលការប្រឡងបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខ នេះបើតាមការប្រកាសជាថ្មី របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ សម្តេចថា ការប្រឡងបាក់ឌុប នឹងធ្វើឱ្យតឹងរឹងដូចឆ្នាំមុនដែរ ដើម្បីពង្រឹងគុណភាពយុវជន។
- សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានកុំឱ្យមានការលើកឡើង ដោយឱ្យតម្លៃខ្លាំងពេក ទៅនិស្សិតនៅក្រៅប្រទេស ហើយកុំឱ្យមានការរិះគន់និស្សិត ដែលបញ្ចប់ការសិក្សានៅក្នុងប្រទេស ដោយសម្តេចលើកឡើងថា គុណភាពមិនខុសគ្នានោះទេ៕
ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖