(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាព និងសម្រេចកាត់ប្រាក់ទទួលបានពីការពិន័យ ក្នុងបទល្មើសចរាចរណ៍ផ្លូវគោក ប្រមាណ ៩៥% ជូនដល់មន្រ្តីនគរបាលចរាចរណ៍ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីជាការលើកទឹកចិត្ត។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងទៅតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតផ្ញើជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ (លេខ៩២០លស) ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន កាត់ប្រាក់ទទួលបានពីការ ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ៩៥% ជូនមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលបានបំពេញភារកិច្ចនៅនឹងកន្លែង និងផ្តល់ជូនអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ហើយ៥%ផ្សេងទៀត ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ចំណាយក្នុងសេវាបោះពុម្ពបណ្ណពិន័យ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការកាត់ប្រាក់ពិន័យ ៩៥% ដើម្បីកសាងអង្គភាពនគរបាលចរាចរណ៍ផ្លូវគោកឲ្យមានការ អភិវឌ្ឍន៍រីកចម្រើន និង ដើម្បីលើកទឹកចិត្តថែមទៀត ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ឲ្យខិតខំបំពេញភារកិច្ចពង្រឹងការ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាដល់ការទប់ស្កាត់បទល្មើសចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ថវិកាទទួលបានពីការពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តែ ៨០ភាគរយប៉ុណ្ណោះ ត្រូវបានផ្តល់ជារង្វាន់ដល់អង្គភាពប្រតិបត្តិការ និងនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តន៍ផ្ទាល់ ហើយថវិកា ២០ភាគរយទៀត ត្រូវបង់ចូលជាថវិការដ្ឋ៕