(ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពិភាក្សា និងពិនិត្យមើលផែនទីជាមួយប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំងមាន លោក ស៊ាន ប៉េងសែ, លោក ឌី ការេត និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និងលោក ឆាំ ឆានី បានលើកឡើងថា ការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលជាមួយផែនទី របស់អង្គការសហប្រជាជាតិបង្ហាញពី «ភាពមិនត្រឹមត្រូវ»។
ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមអង្គភាពពត័មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណ:រដ្ឋមន្រ្តី្ត បានថ្លែងប្រតិកម្មឆ្លើយតបទៅនឹងអ្នកដែលអះអាងថា ខ្លួនជាអ្នកជំនាញខាងព្រំដែនដែលបាននៅបន្តចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា «ផ្ទៀងផ្ទាត់ផែនទីនេះផ្អែកលើមូលដ្ឋានផែនទីមិនត្រឹមត្រូវ»។
អង្គភាពពត័មាន និងប្រតិកម្មរហ័ស សូមជំរាបជូនសាធារណ:មតិឲ្យបានជ្រាបដូចខាងក្រោមថា៖
១. ផែនទីដែលរាជរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ គឺជាផែនទីផ្លូវការជាផែនទីដែលសភាជាតិបានអនុមត័ឲ្យប្រើ។
២. យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រក៏លោកមានការទទួលស្គាល់ថា ជាផែនទីត្រឹមត្រូវ។ ហើយអតីតព្រះមហាវីរ:ក្សត្រ ក៏លោកបានទទួលស្គាល់ និងបានសរសើរថា រាជរដ្ឋាភិបាលធ្វើត្រឹមត្រូវកាលពេលប្រជុំនៅប៉េកាំង។
៣. សន្ធិសញាកម្ពុជាវៀតណាមក៏ត្រូវបានអនុមត័ដោយសភាជាតិ កាលពីអាណត្តិកន្លងមក។ នេះជាភាពស្របច្បាប់ដែលរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍។
៤. អ្វីដែលសំខាន់បន្ថែមពីនេះទៅទៀតគឺ លិខិតផ្លូវការរបស់សម្តេចតេជោ ផ្ញើសុំខ្ចីផែនទីមកផ្ទៀងផ្ទាត់ពី UN, អាមេរិក, បារាំង, អង់គ្លេស។ នេះសឲ្យឃើញថា រដ្ឋាភិបាលគ្មានការលាក់លៀម ពោលគឺ មាសសុទ្ធមិនខ្លាចភ្លើង ដែលគោលបំណងសំខាន់ លោកចង់បានការឯកភាពជាតិដើម្បីឈានទៅរកការដោះស្រាយ រកប្រយោជន៍ជូនប្រទេសជាតិរបស់យើង។
លោក កែវ រ៉េមី បានបញ្ជាក់ប្រាប់ថា ហេតុអ្វីបានជាពួកគាត់នៅបន្តចោទប្រកាន់មកលើរដ្ឋាភិបាល ដែលទាក់ទងទៅលើផែនទីនេះ? ហេតុអ្វីបានជាគាត់មិនបញ្ជូនផែនទីដែលគាត់មានឬ អ្វីដែលគាត់យល់ថា ជាការត្រឹមត្រូវ? ហេតុអ្វីបានជាគាត់មិនអញ្ជើញមកចូលរួមដោយផ្ទាល់ផ្ទៀងផ្ទាត់ផែនទី ជាមួយរាជរដ្ឋាភិបាលពីព្រោះយើងបានប្រកាសនិងបើកទ្វារចំហ។ អ្វីដែលសំខាន់លោកបានបញ្ជាក់បន្តថា គឺជាការបន្តលាបពណ៌, បំបែកបំបាក់ផ្ទៃក្នុងធ្វើឲ្យជាតិចុះខ្សោយ ធ្វើឲ្យបាត់ជំនឿមកលើរាជរដ្ឋាភិបាល។ សូមប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសជឿជាក់លើរាជរដ្ឋាភិបាល «រួបរួមគ្នាជាធ្លុងមួយ រួមគ្នាគឺឈ្នះ បែកបាក់គឺចាញ់»។
សូមជំរាបថា នៅព្រឹកថ្ងៃនេះកម្ពុជា បានរៀបចំប្រគល់ផែនទី UTM ១៨ផ្ទាំង ទៅឲ្យមន្រ្តីអង្គការសហប្រជាជាតិវិញ នៅម៉ោង ១១៖០០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីផ្ទៀងផ្ទាត់ កន្លងមកជាមួយនឹងផែនទីរបស់រាជរដ្ឋាភិបាលឃើញថា មានលក្ខណៈដូចគ្នា។ ផែនទីUTM ១៨ផ្ទាំង ដែលកម្ពុជាបានស្នើខ្ចីពីអង្គការសហប្រជាជាតិនេះ ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ហើយដាក់ឱ្យតំណាងភាគីពាក់ព័ន្ធនៅកម្ពុជា ផ្ទៀងផ្ទាត់នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែសីហា៕