(ភ្នំពេញ)៖ តំណាងក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញការសាទរយ៉ាងត្រចះត្រចង់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេបានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ-ភូកេត្រា នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានតំណាងមកពីស្ថាប័នអន្តរជាតិធំៗមួយចំនួន រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) អង្គការសភានៃប្រទេសនិយាយភាសាបារាំង សភាសង្គមស៊ីវិល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិសភាអាស៊ាន (AIPA) ក្រោមការសម្របសម្រួលដោយលោក កឹម រ័ត្នវិសិដ្ឋ ប្រធាន វ.ស.ស។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីអង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមក្នុងការបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចឆន្ទៈនយោបាយរៀងៗខ្លួន។ តំណាងក្រុមមកពីប្រទេសចិននេះ បានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិទី៦នេះ បានប្រព្រឹត្តទៅប្រកបដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសនេប៉ាល់ បានបង្ហាញការស្ងើចសរសើរនៅពេលបានឃើញប្រជាពលរដ្ឋកម្ពុជាទៅចូលរួមបោះឆ្នោតច្រើន ខណៈដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក៏ប្រព្រឹត្តទៅដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ ពោលដំណើរការដោយភាពរលូន។ លោកអ្នកតំណាងបានបន្តថា ប្រទេសកម្ពុជាមានសុវត្ថិភាព មានវឌ្ឍនភាព ពិសេសក្រុមអ្នកសង្កេតការណ៍របស់នេប៉ាល់ គ្មានការភ័យខ្លាចក្នុងពេលចុះសង្កេតការណ៍នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាឡើយ។
មិនខុសពីតំណាងក្រុមអ្នកសង្កេតការណ៍ដទៃទៀតឡើយ គណៈកម្មការសិទ្ធិមនុស្សនៃប្រទេសម៉ាលឌីវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះផងដែរ។
បើតាមតំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងឡើយ។ នៅពេលបានឃើញពីភាគរយ នៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ៨២.១៧% តំណាងអង្គការ CDI បានបង្ហាញការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល។
តំណាងសហភាពសហជីពកម្មករអ៉ីតាលី បានឱ្យដឹងថា ក្នុងពេលដំណើរការបោះឆ្នោត លោកបានសង្កេតឃើញថា អ្នកបោះឆ្នោតមានទឹកមុខសប្បាយរីករាយ ដែលនេះគឺជារូបភាពនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋមានសិទ្ធិសម្រេចចិត្តជ្រើសរើសអនាគតមេដឹកនាំប្រទេសរបស់ខ្លួន។ មានមនុស្សជាច្រើនបានចេញទៅបោះឆ្នោតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តដទៃទៀត។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេស និងអង្គការដទៃទៀត ដូចជា អង្គការសភានៃប្រទេសនិយាយភាសាបារាំង សភាសង្គមស៊ីវិល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិសភាអាស៊ាន (AIPA) ក៏សុទ្ធតែបង្ហាញការអបអរសាទរយ៉ាងខ្លាំងចំពោះលទ្ធផលជោគជ័យ ក្នុងការបោះឆ្នោតនៅកម្ពុជានេះ ហើយពួកគេសុទ្ធតែបញ្ជាក់ថា តាមរយៈការបោះឆ្នោតនេះ ប្រទេសកម្ពុជាពិតជាបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ មានសេរីភាព ប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតយ៉ាងស្រាក់សស្រាំ។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត ៧លាននាក់ ស្មើនឹង ៨២.១៧% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំង លើសពីឆ្នាំ២០១៣ ដែលមានតែ ៦៩.៦១% ប៉ុណ្ណោះ៕