(ភ្នំពេញ)៖ ឈានចូលដល់ថ្ងៃ១រោច ខែភទ្របទ គឺជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាមនានា ដែលមានរយៈពេល១៥ថ្ងៃ។ ជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនានា មានពុទ្ធបរិស័ទកកកុញនាំគ្នាយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះសង្ឃ ដែលធ្វើ ឱ្យការលក់ទំនិញបន្លែ ត្រីសាច់ និងស្លាដក់ជាដើមមានការកើនឡើងជាងថ្ងៃធម្មតា។

មិនខុសពីឆ្នាំមុន ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បានប្រព្រឹត្តិទៅក្នុងពេលរីករាលនៃជំងឺកូវីដ១៩ មនុស្សមួយចំនួនបានកាត់បន្ថយទៅវត្តអារាម បញ្ជៀសការជួបជុំមនុស្សច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហេតុនេះហើយ ការលក់ដូរទំនិញនៅតាមផ្សារហាក់ស្ងប់ស្ងាត់ខ្លាំង។

អាជីវករលក់ដូរ បន្លែ ផ្លែឈើ ត្រីសាច់ ស្លាដក់ នៅផ្សារធំទទួលសង្កែ សុទ្ធបានអះអាងដូចគ្នាថា ទោះស្ថិតក្នុងរដូវកាន់បិណ្ឌក៏ដោយ ប្រជាពលរដ្ឋខ្មែរហាក់មិនសូវដើរទិញទំនិញដូចឆ្នាំមុនៗនោះទេ ដោយសារតែវិបត្តិកូវីដ១៩ មនុស្សចំនួនបាត់ប្រាក់ចំណូល ដែលធ្វើឱ្យពួកគេកាត់បន្ថយការចំណាយលើការទិញទំនិញ និងសន្សំសំចៃជាងមុន។ ការថយចុះនៃអ្នកទិញទំនិញនេះ បានធ្វើឱ្យពួកគេ ទទួលបានប្រាក់ចំណេញតិចតួច ខណៈដែលពួកគេមិនហ៊ានដំឡើងថ្លៃទំនិញនោះទេ បើទោះបីជាឱកាសបុណ្យទាន ជាឱកាសនៃការលក់តម្លៃថ្លៃក៏ដោយ៕