(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងវិស័យឯកជន បានសម្តែងនូវការសាទរ ចំពោះការសម្រេចរបស់រដ្ឋាភិបាល ដែលបានកែសម្រួលលក្ខខណ្ឌការធ្វើដំណើរ និងធ្វើចត្តាឡីស័ក្ត ចំពោះអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេលលេញ ដោយតម្រូវឱ្យ វិនិយោគិនធ្វើចត្តាឡីស័ក៣ថ្ងៃ និងអ្នកដំណើរពីបរទេស ចូលមកក្នុងប្រទេសកម្ពុជា ធ្វើចត្តាឡីស័ក៧ថ្ងៃ។

អ្នកជំនាញសេដ្ឋកិច្ច និងវិស័យឯកជន យល់ថាលក្ខខណ្ឌនេះ គឺជាដំណើរការស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិនពីក្រៅប្រទេស ក៏ដូចជាអ្នកទេសចរផងដែរ។

លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ តុលានេះថា ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និង ចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា នឹងជួយជំរុញការងើបឡើង នៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

លោកថា នេះជាដំណាក់ដំបូង ដែលរដ្ឋាភិបាលសាកល្បង សម្រួលដល់ការធ្វើដំណើររបស់ជនបរទេសមកកម្ពុជា នៅជំហ៊ានបន្ទាប់ទៀត រដ្ឋាភិបាលអាចនឹង បន្ធូបន្ថយ បន្ថែមទៀត នៅពេលដែលស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់ និងពិភពលោក មានភាពធូរស្រាល។

លោកគូសបញ្ជាក់ថា «ផ្តល់ភាពទាក់ទាញដោយសារតែ ការកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័ក និងលក្ខខណ្ឌផ្សេងៗទៀត គឺជួយសម្រួល ទាំងផ្នែកហិរញ្ញវត្ថុ និង បន្ទុកទៅតាមលក្ខខណ្ឌនីមួយៗនោះ ដូច្នេះវានឹងផ្តល់ភាពទាក់ទាញ ទាំងអ្នកវិនិយោគ ទាំងអ្នកទេសចរ ជនជាតិបរទេសផ្សេងៗ ធ្វើដំណើរមកកម្ពុជា ឱ្យមកចូលរួម ក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមវប្បធម៌ដទៃទៀត ហើយអាចជួយជំរុញនៅការងើបឡើង សេដ្ឋកិច្ចកម្ពុជាបណ្តើរៗ។ អ្នកវិនិយោគខ្លះ គាត់ធ្វើដំណើរមកដោយសារតែគាត់ ធ្វើចត្តាឡីស័កតែបីថ្ងៃ អ្នកទេសចរមួយចំនួនអាចចំណាយពេលលើសនោះបន្តិច ក៏ប៉ុន្តែអ្នកទេសចរមួយចំនួន អាចនឹងមានលទ្ធភាពរ៉ាប់រង ទៅលើការចំណាយទាំងអស់នេះ ក៏ប៉ុន្តែអ្នកទេសចរទូទៅ ប្រហែលជាមិនទាន់មានទំនុកចិត្ត និងមិនទាន់ហ៊ានធ្វើដំណើរទាំងនៅក្នុងតំបន់របស់ខ្លួន ទាំងចេញក្រៅប្រទេស»

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានលើកឡើងថា ការសម្រេចបន្ធូរបន្ថយការធ្វើចត្តាឡីស័កនេះ គឺជាអ្វីដែលវិស័យឯកជនចង់ បាន ដើម្បីធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមបើកដំណើរឡើងវិញ ខណៈដែលកន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏ធ្លាប់ស្នើទៅរដ្ឋាភិបាលឱ្យគិតឡើងវិញ អំពីការបន្ថយថ្ងៃធ្វើចត្តាឡីស័កដែរ។

លោក បន្តថា បន្ទាប់ពីមានការបន្ធូរបន្ថយនេះ គម្រោងវិនិយោគមួយចំនួន ដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តរួច ហើយត្រូវពន្យារពេលដោយសារតែជំងឺកូវីដ១៩នោះ នឹង ចាប់ផ្តើមដំណើរការអនុវត្ត ឡើងវិញ ព្រមទាំងទាក់ទាញវិនិយោគបរទេសមកកម្ពុជា កាន់តែច្រើន។

លោកបន្ថែមទៀតថា «សភាពាណិជ្ជកម្ម រង់ចាំតែការបន្ធូរបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័ក ព្រោះការទុក១៤ថ្ងៃវាខាត គ្នាអ្នករកស៊ី ដឹងស្រាប់ហើយពេលវេលាមានតម្លៃណាស់ និយាយឱ្យចំថៅកែៗ គាត់មិនមកទេ ជៀសវៀសមក១៤ថ្ងៃហើយទៅវិញ១៤ថ្ងៃ ហើយត្រូវការត្រឡប់ទៅវិញ ១៤ថ្ងៃទៀត អីចឹង គាត់មិនអាចធ្វើអីបានទេ។ បើមានការបន្ថយនៅត្រឹមតែ៣ថ្ងៃនេះ គឺជារឿងទាក់ទាញវិនិយោគ មកកាន់ប្រទេសយើងហើយ ខណៈក្នុងតំបន់អាស៊ានគេកំពុងតែជួបបញ្ហា កូវីដផង អស្ថិរភាពនយោបាយផង។ ហើយទន្ទឹមពេលដែលយើងមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន ហើយជាមួយកូរ៉េ នៅថ្ងៃអនាគត និង EBA ជាមួយសហគមន៍អឺរ៉ុប និង GSP ជាមួយអាមេរិក ខ្ញុំជឿថាវិនិយោគនឹងសម្លឹងឃើញកម្ពុជាយើងកាន់កាន់តែច្រើន»

ចំណែកអ្នកជំនាញក្នុងវិស័យទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងថា តាមការប្រកាសរបស់ក្រសួងសុខាភិបាល គឺជាសញ្ញាល្អសម្រាប់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ប៉ុន្តែហាក់មិនសូវផ្តល់ផលល្អ ដល់ការទាក់ទាញភ្ញៀវទេសចរនោះទេ ដោយសារពួកគេត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ។

«នៅក្នុងវិស័យទេសចរណ៍នេះ ទាល់តែមានរបៀបវារៈ ល្អណាស់ ទើបយើងអាចទាញគេបាន។ ប៉ុន្តែបើដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រីលើកឡើងកាលពីមុន មានន័យថា បើគាត់ចូលមកកំពង់សោម គាត់ដើរលេង បានតែនៅកំពង់សោមទេ អត់អាចដើរលេង មកខេត្តផ្សេងបាន ទាល់តែគាត់ស្នាក់នៅលើសពី៧ថ្ងៃហើយ ឆែកកូវីដថា គាត់អត់មានទេ បានគាត់មានសិទ្ធិដើរលេងនៅខេត្តផ្សេង ចំណុចនេះខ្ញុំគិតថា វាអាចទាក់ទាញបានវិញ បើមិនចឹងទេ ខ្ញុំគិតថាពិបាកណាស់។ បើចត្តាឡីស័កបីថ្ងៃ អាចមានសង្ឃឹមខ្លះក្នុងវិស័យទេសចរណ៍។ [...] យើងខ្ញុំផែនការស្នើសុំ ប៉ុន្តែយើងរង់ចាំសេចក្តីសម្រេចសិន។ យើងសង្ឃឹមទៅលើរដ្ឋាភិបាល ក្នុងការពិចារណារឿងនេះ អីចឹងហើយបានយើងមិនទាន់ស្នើសុំទៅរាជរដ្ឋាភិបាលនៅឡើយទេ យើងនៅរង់ចាំ មើលបន្តិចសិនថា តើនៅចុងខែ១០នេះ មានអ្វីប្រែប្រួលទៀត»។ លោក ធួន ស៊ីណាន លើកឡើងបន្ថែម។

សូមជម្រាបថា រាជរដ្ឋាភិបាល បានបន្ធូរបន្ថយ រយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលចាក់វ៉ាក់សាំងពេញលេញរួច ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ។ ដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕