(បារីស)៖ ការរាតត្បាតជំងឺកូវីដ-១៩ អាចបង្កឱ្យបំណុលសាធារណៈកើនឡើងដល់កម្រិតដែលជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសមួយចំនួនពិចារណាពង្រឹងគោលនយោបាយសារពើពន្ធរបស់ខ្លួន ប៉ុន្តែបញ្ហានេះមិនមែនធំដុំឡើយបើធៀបនឹងផលវិបាកផ្នែកសារពើពន្ធដែលនឹងកើតឡើងនៅទសវត្សរ៍ខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Bloomberg។

ទីភ្នាក់ងារ Bloomberg បានរាយការណ៍ថា យោងតាមសេណារីយោរយៈពេលវែងរបស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេសកំពុងស្ទុះងើបខ្លាំងធំៗ ការប្រែប្រួលប្រជាសាស្រ្ត និងការថមថយកំណើនផលិតភាព នឹងទាញទម្លាក់ទិន្ននាការកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិកទាំង ៣៨ របស់អង្គការ OECD និងក្រុមប្រទេស G20 មកនៅត្រឹម ១,៥ភាគរយនៅឆ្នាំ២០៦០ ធៀបនឹង ៣ភាគរយនាពេលបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសនានានឹងប្រឈមនឹងការកើនឡើងការចំណាយ ជាពិសេសការចំណេញលើសោធននិវត្តន៍ និងការថែទាំសុខភាព។

អង្គការ OECD បានឱ្យដឹងថា ដើម្បីរក្សាបានសេវានិងអត្ថប្រយោជន៍សាធារណៈ ខណៈពេលដែលរក្សាស្ថិរភាពបំណុលនៅក្នុងបរិយាកាសនោះ រដ្ឋាភិបាលនានានឹងត្រូវបង្កើនប្រាក់ចំណូលជិត ៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសបារំង និងជប៉ុន ទំហំផលប៉ះពាល់នឹងមានរហូតដល់ទៅច្រើនជាង ១០ភាគរយនៃ ផ.ស.ស ហើយតួលេខនេះមិនរួមបញ្ចូលការចំណាយថ្មីៗដូចជាការចំណាយលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឡើយ។

អង្គការ OECD បានឱ្យដឹងនៅក្នុងឯកសារគោលនយោបាយរបស់ខ្លួនថា៖ «និន្នាការពិភពលោកដូចជាប្រជាជនកាន់តែមានវ័យចំណាស់ និងការកើនឡើងតម្លៃសេវាកម្ម នឹងបន្តដាក់សម្ពាធលើថវិការបស់រដ្ឋាភិបាល។ សម្ពាធសារពើពន្ធដែលកើតមានពីនិន្នាការរយៈពេលវែងនេះខ្លាំងជាងបំពុលសាធារណៈដែលបង្កឡើងដោយសារជំងឺកូវីដ-១៩»

អង្គការ OECD បានបន្តថា ប្រទេសនានាមិនចាំបាច់បង្កើនពន្ធដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះឡើយ ប៉ុន្តែជំនួសមកវិញ អង្គការនេះបានអំពាវនាវឱ្យមានកំណែទម្រង់បង្កើនអត្រាមានការងារធ្វើ និងបង្កើនអាយុចូលនិវត្តន៍។

យោងតាមអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងមួយនេះ ចំណាត់ការក្នុងវិស័យទាំងពីរនេះ អាចកាត់បន្ថយសម្ពាធសារពើពន្ធដែលព្យាករនេះបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៦០ នៅក្នុងប្រទេសដែលស្ថិតក្នុងសម្ពាធមធ្យម៕