(ភ្នំពេញ)៖ ក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានសារទរ និងបង្ហាញអំពីភាពវិជ្ជមាន ចំពោះវិស័យអចលនទ្រព្យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកវិនិយោគិន និងអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលមកកាន់ប្រទេសកម្ពុជា។

ក្រុមអ្នកជំនាញបង្ហាញថា ការសម្រេចមួយនេះនឹងធ្វើឲ្យវិស័យអចលនទ្រព្យស្ទុះងើបលឿន បន្ទាប់ពីមានការថមថយប្រមាណជា២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយការធ្វើចត្តាឡីស័ក សម្រាប់អ្នកវិនិយោគបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ ឲ្យធ្វើចត្តាឡីស័កត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ និងអ្នកដំណើរបរទេស ចូលមកកាន់ប្រទេសកម្ពុជា ធ្វើចត្តាឡីស័ក៧ថ្ងៃ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានថ្លែងថា «នេះជាសញ្ញាវិជ្ជមានយ៉ាងល្អមួយ សម្រាប់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលរាជរដ្ឋាភិបាល សម្រេចធ្វើសាកល្បងបើកផ្លូវឲ្យជនជាតិបរទេស ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលជាឱកាសឲ្យអ្នកដំណើរសម្លឹងមើល ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញ និងសម្លឹងមើលឱកាសវិនិយោគបន្ថែម ក្នុងពេលឆាប់ៗខាងមុខនេះ»

លោកបានបញ្ជាក់ថា មិនត្រឹមតែជាសញ្ញាល្អ សម្រាប់វិស័យអចលនទ្រព្យ ប៉ុន្ដែជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យខុនដូផងដែរ វិស័យខុនដូនឹងចាប់ផ្ដើងងើបឡើងវិញបន្ដិច ដោយសារតែវិស័យខុនដូជាវិស័យបម្រើឲ្យជនបរទេស ដូច្នេះតើកាលណាមានបរទេសចូល ការទិញខុនដូនឹងចាប់ផ្ដើមជាបន្ដបន្ទាប់។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា ចិនជាវិនិយោគិនដំបូង ដែលនឹងចូលមកកម្ពុជាច្រើន និងវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារតែភាគច្រើននៃគម្រោងអចលនទ្រព្យនៅកម្ពុជា ភាគច្រើនជារបស់ចិន ដូច្នេះការចូលមករបស់ម្ចាស់គម្រោង នឹងនាំបន្ថែមនូវអ្នកវិនិយោគផ្សេងៗទៀត។

លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia បានថ្លែងថា «បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ធូរបន្ថយ ការធ្វើចត្តាឡីស័កសម្រាប់ជនបរទេស ចូលមកកាន់ប្រទេសកម្ពុជា។ ខ្ញុំបានផ្ដល់ដំណឹងនេះ ជូនដល់ដៃគូសហការជានជនបរទេសភ្លាមៗ ជាការឆ្លើយតបពួកគេនឹងត្រឡប់មកកាន់កម្ពុជាឡើងវិញ ដូច្នេះនេះសញ្ញាល្អមួយ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។ ជាក់ស្ដែងសម្រាប់ដីធី្លមួយចំនួន ដែលនៅជាប់គាំងលក់មិនចេញ កាលពីឆ្នាំ២០២០កន្លងទៅនេះ ចាប់ផ្ដើមមានសន្ទុះឡើងវិញ»។

ឧកញ៉ាបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើមបើកប្រទេស បើកទេសចរណ៍ បើកសេដ្ឋកិច្ចឡើងវិញនេះ បញ្ហាដីធ្លីដែលមានបញ្ហាប្រមាណជិត២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩នេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។ និយាយដោយចំបន្ទាប់ពីបើកប្រទេសពេញលេញចន្លោះ៣-៦ខែឡើងវិញ វិស័យដីធ្លីចាប់ផ្ដើមស្ទុះងើបឡើងវិញ លែងភ័យលែងបារម្ភទៀតហើយ។

ឧកញ៉ា គីម ហ៊ាង បានបន្ថែមថា វិនិយោគិនដំបូងៗដែលនឹងចូលមកកម្ពុជា គឺមានវិនិយោគិន ចិន កូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម។

លោក ម៉ាន់ ច័ន្ទឌី ស្ថាបនិកក្រុមហ៊ុន IQI Cambodia Co Ltd បានលើកឡើងថា «តាមការយល់ឃើញរបស់ខ្ញុំ នេះជារឿងដ៏ល្អនៅពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូរបន្ថយការធ្វើចត្តាឡីស័ក សម្រាប់វិនិយោគិន និងអ្នកដំណើរមកកម្ពុជា ដោយសារតែការវិនិយោគ លើវិស័យអចលនទ្រព្យភាគច្រើន ចង់មកមើលអចលនទ្រព្យដោយផ្ទាល់។ ដូច្នេះការបន្ធូបន្ថយនេះ ជាការផ្ដល់ឱកាសដល់វិនិយោគិន ដែលមកមើលអចលនទ្រព្យ ព្រមទាំងដាក់ទុនវិនិយោគតែម្ដង ដោយសារតែអ្នកវិនិយោគភាគច្រើន មិនមានពេលច្រើនឡើយក្នុងការឡើងចុះនោះឡើយ»

លោកបានបញ្ជាក់ថា សម្រាប់ការបន្ធូរបន្ថយនេះល្អបំផុត សម្រាប់វិនិយោគិនបរទេស ដែលគ្រោងនឹងមកវិនិយោគនៅកម្ពុជា ហើយបើសិនជាថ្ងៃខាងមុន មិនមានតម្រូវឲ្យធ្វើចត្តាឡីស័កទេ នេះរឹតតែជារឿងល្អខ្លាំងបំផុត ក្នុងការបន្ថែមការទាក់ទាវភ្ញៀវបរទេស៕