(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េខាងត្បូង បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ក្រុមអ្នកជំនួញនៅកម្ពុជា បានសម្តែងការសាទរ ហើយថាកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកម្ពុជាទទួលបានអ្នកវិនិយោគពីកូរ៉េ កាន់តែច្រើនថែមទៀត ដើម្បីមកផលិត និងកែច្នៃផលិតផលនាំចេញទៅប្រទេសកូរ៉េ ខណៈក្រុមពាណិជ្ជករទាំងនោះ បានត្រៀមខ្លួនក្នុងការសហការវិនិយោគ ក៏ដូចជាត្រៀមផលិតផល សម្រាប់ការនាំចេញទៅប្រទេសកូរ៉េផងដែរ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រយោជន៍សំខាន់ដែលកម្ពុជា នឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េខាងត្បូង គឺការទាក់ទាញបានវិនិយោគពីប្រទេសកូរ៉េ ដើម្បីមកវិនិយោគលើការបង្កើតរោងចក្រ សហគ្រាស ការផលិត និងកែច្នៃវត្ថធាតុដើម កសិផល សម្រាប់នាំចេញទៅប្រទេសកូរ៉េដោយរួចពន្ធ ក៏ដូចជានាំចេញទៅចិន អាមេរិក និងអឺរ៉ុបជាដើម។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះ ជួយរក្សាលំនឹងដល់ការនាំចេញកម្ពុជា ទៅប្រទេសកូរ៉េ បន្ទាប់ពី EBA និង GPS ដែលនឹងផុតកំណត់នៅឆ្នាំ២០៣០។

ស្របពេលដែលកម្ពុជា កម្ពុជាមានសុខសន្តិភាព សុខុមាលភាពសង្គម តាមរយៈការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ បានដល់ប្រជាជនស្ទើរគ្រប់ចំនួន និងកត្តាសុខសុវត្ថិភាព នឹងអាចទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មធុនស្រាល ធុនមធ្យម និងធុនធ្ងន់ មកកាន់កម្ពុជានាថ្ងៃអនាគត។

លោកបន្តថា បើទោះបីជាមើលឃើញថា កម្ពុជាអាចទទួលបានប្រយោជន៍ អតុល្យភាពជាមួយប្រទេសកូរ៉េក្តី តែយ៉ាងក៏ប្រសើរជាងគ្មានកិច្ចព្រមព្រៀងនោះដែរ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើយើងមានកិច្ចព្រៀមព្រៀង ទោះបីជាយើងបានតិច ក៏ដោយតែយើងបាន. ពាណិជ្ជកម្មគឺអីចឹង បើសិនជាមានការនាំចូលខ្លាំង មានន័យថា ទីផ្សារកម្ពុជាយើងខ្ពស់មានសមត្ថភាព មានលុយទិញរបស់គេ ខ្លាចបំផុតការនាំចូលកម្ពុជាបានតិចទេ បើកម្ពុជាយើងមិនទិញគេច្រើនយើងបានអីអភិវឌ្ឍន៍ ដែលយើងគ្មានវត្ថុធាតុដើមដូចជាដែក ស៊ីម៉ង់ គ្រឿងបន្លាស់ផ្សេង ហើយការនាំចូលភាគច្រើន គឺវត្ថុធាតុដើម ដើម្បីមកកែច្នៃនាំចេញទៅវិញដែរ បើយើងមិនទិញវត្ថុធាតុដើម ធ្វើមិចមានវត្ថុធាតុដើមសម្រាប់កែច្នៃ ដូច្នេះមើលឃើញថា ការនាំចូលច្រើនជាងហើយ។ បើគ្មានការនាំចូល ក៏គ្មានការកែច្នៃនាំចេញដែរ។ដូច្នេះខ្ញុំសង្ឃឹមថា ក្រោយកិច្ចព្រមព្រៀង នេះនឹងមានវិនិយោគមកកែច្នៃ ដែលយើងមានវត្ថុធាតុដើមទាំងកសិផល សារធាតុផ្សេងៗ ដែលជាវត្ថុធាតុដើមក្នុងស្រុកយើងនេះ កែច្នៃនាំចេញកាន់តែច្រើន ទៅកាន់ប្រទេសកូរ៉េ»

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wordbridge Group យល់ថា តាមរយៈកិច្ចព្រមព្រៀងកម្ពុជា-កូរ៉េ នឹងធ្វើឱ្យអ្នកវិនិយោគសម្លឹងឃើញកម្ពុជា ក្នុងការមកបណ្តាក់ទុន ហើយដើម្បីឱ្យកម្ពុជាទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគក្នុងស្រុកត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ ស្វាគមន៍អ្នកវិនិយោគមកពីក្រៅប្រទេស ដើម្បីវិនិយោគរួមគ្នា សម្រាប់ផលិតនាំចេញទៅប្រទេសកូរ៉េ។

លោកយល់ថា កម្ពុជាគួរពង្រឹងទៅលើការកែច្នៃផលិតផលម្ហូបអាហារ ផ្លែឈើ និងឧស្សាហកម្ម ដែលទីផ្សារកូរ៉េកំពុងត្រូវការ។

ឧកញ៉ា ហ៊ុន ឡាក់ ដែលវិនិយោគលើដាំចេកអំបូងលឿង និងស្វាយ នាំចេញទៅប្រទេសចិន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថាកូរ៉េគឺជាទីផ្សារធំមួយសម្រាប់កសិផលកម្ពុជា បន្ថែមពីលើចិន។ លោកថា កសិផលរបស់កម្ពុជាដែលនាំទៅកូរ៉េក៏ទទួលបានតម្លៃថ្លៃ ប៉ុន្តែត្រូវមានស្តង់ខ្ពស់ ដែល អ្នកផលិតត្រូវពង្រឹងការផលិតឱ្យស្របតាមស្តង់បច្ចេកទេស គុណភាព និងមានសោភ័ណ្ឌភាពការវេចខ្ចប់ ទើបអាចបង្កើនគុណតម្លៃបាន។

លោកលើកឡើងថា បើមានការចូលរួមពីអ្នកពាក់ព័ន្ធ ទាំងអ្នកផលិត ផ្នែកខាងកែច្នៃ ដឹកជញ្ជូន និងអ្នកនាំចេញ ដែលជាវិស័យឯកជន ព្រមទាំងមានសហការពីវិស័យសារធារណៈ នឹងធ្វើឱ្យការនាំចេញរបស់កម្ពុជា បោះឈានទៅមុនដល់ការសមាមាត្រជាមួយនឹងការនាំចូល។

លោកថា ក្នុងនាមជាវិស័យឯកជន ដែលនិយោគលើវិស័យកសិកម្ម និងកសិផលិតកម្ម រំពឹងថា បន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េនេះ នឹងជួយពង្រីកទីផ្សារ ការនាំចេញ បង្កើនបរិមាណច្រើន និងទទួលបានតម្លៃបន្ថែម ខណៈដែលកន្លងមកកម្ពុជាពឹងផ្អែកខ្លាំង លើការនាំចេញទៅប្រទេសជិតខាងទាំងពីរ គឺថៃ និងវៀតណាម។

«កន្លងមក បានសិក្សាទីផ្សារដែរ ដោយសារខាងខ្ញុំនេះ មានវិនិយោគលើដំណាំឈើហូបផ្លែ មានចេក មានស្វាយជាដើម ហើយទន្ទឹម នឹងយើងមិនអាចពឹងនាំទៅប្រទេសចិនតែមួយបានទេ យើងត្រូវការធ្វើពិពិធកម្មទីផ្សារដែរ ចង់បានទីផ្សារដែលល្អមានតម្លៃខ្ពស់។ កាលណាយើងមានកិច្ចព្រមព្រៀងជាមួយ ប្រទេសដែលមានសក្តានុពលជាពិសេសតម្លៃខ្ពស់។ តាមពិតទៅមិនមែនតែជួយក្រុមហ៊ុនខ្ញុំទេ គឺជួយវិស័យកសិកម្មទាំងមូលទាំងម្តង។ យើងដឹងហើយថា ផលិតផលកសិកម្មដែលមានសក្តានុពលក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ គឺមានដំណើរវិវត្តជាវិជ្ជមាន ហើយកសិផលទាំងនោះ គឺមានស្តង់ដារ ហើយដែលអាចនាំចេញទៅទីផ្សារអន្តរជាតិបាន ហើយក៏ជាក្តីរំពឹងដែររបស់កសិករម្ចាស់ចម្ការ ដែលគាត់មានផលិតផលហើយ គាត់មិនចង់លក់ឱ្យឈ្មួញកណ្តាល ឬអ្នកជិតខាងចូលទិញតែប៉ុណ្ណោះទេ គឺគាត់សង្ឃឹមថា គាត់អាចនាំចេញទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់»។ ឧកញ៉ា ហ៊ុន ឡាក់ លើកឡើងបន្ថែម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មកសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។

កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩។ជាពិសេសកិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម ៕