(បាងកក)៖ ការអង្កេតមួយបានបង្ហាញ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញនៅឆមាសទី២ ឆ្នាំក្រោយ ខណៈដែលការបើកចំហរវិស័យទេសចរណ៍ឡើងវិញ បង្កឱ្យមានក្តីបារម្ភពីការកើតមានរលកថ្មីនៃការឆ្លងជំងឺកូវីត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ប្រទេសថៃនៅខែនេះបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសដំបូងរបស់ខ្លួនដោយមិនបាច់ធ្វើចត្តាឡីស័កបន្ទាប់ពីមានការរឹតបន្តឹងរយៈពេលជាងមួយឆ្នាំ។

ការអង្កេតមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ខណៈដែលការបើកចំហរប្រទេសឡើងវិញបានបង្កើនក្តីសង្ឃឹម សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក៏ដោយ ក៏មនុស្សភាគច្រើនដែលត្រូវបានអង្កេតមិនមានការរំពឹងទុកខ្ពស់ខ្លាំងឡើយ ដោយសារពួកគេបារម្ភថានឹងមានការផ្ទុះជំងឺសារជាថ្មី ដែលនឹងឈានទៅរកវិធានការទប់ស្កាត់ជាថ្មីម្តងទៀត។

លោក Thanavath Phonvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានប្រាប់កាសែតបាងកកប៉ុស្ត៍ថា៖ «ប្រជាជននៅតែមានការប្រុងប្រយ័ត្នអំពីការចំណាយ ពីព្រោះពួកគេមិនមានទំនុកចិត្តថាតើជំងឺកូវីដ នឹងត្រូវបានទប់ស្កាត់បានឬយ៉ាងណានោះទេបន្ទាប់ពីបើកចំហរប្រទេសវិញ»

សាកលវិទ្យាល័យនេះរំពឹងថា ភ្ញៀវទេសចរបរទេសចំនួន ៣សែននាក់នឹងមកទស្សនាប្រទេសថៃក្នុងរយៈពេល ២ខែចុងក្រោយនៃឆ្នាំ២០២១នេះ ធៀបនឹងចំនួន ៤០លាននាក់នៅឆ្នាំ២០១៩។

លោកបានបន្ថែមថា ការចំណាយលើការប្រើប្រាស់នឹងនៅតែខ្សោយ ខណៈការចំណាយក្នុងអំឡុងពេលបណ្តែតប្រទីបរបស់ថៃនៅសប្តាហ៍នេះរំពឹងថានឹងមានការចំណាយតែ ៩,១៥ប៊ីលានបាត (ប្រហែល ២៨០លានដុល្លារ) ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំ។

កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៥.៩៤៧ករណី ដែលធ្លាក់ចុះខ្លាំងធៀបនឹងកម្រិតខ្ពស់បំផុតជាង ២៣.០០០ករណីកាលពីខែសីហា ជាពេលដែលមានវិធានការរឹតបន្តឹងខ្លាំង។

សេដ្ឋកិច្ចថៃបានធ្លាក់ចុះជាងការរំពឹងទុកនៅត្រីមាសទី៣ ខណៈដែលសកម្មភាពក្នុងស្រុកបានចាប់ផ្តើមស្ទុះងើបឡើងវិញ។ លោក Thanavath បានថ្លែងថា សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងពី ១-១,៥ភាគរយនៅឆ្នាំនេះ និងពី ៣,៥-៥ភាគរយនៅឆ្នាំក្រោយ៕