(វ៉ាស៊ីនតោន)៖ ប្រភពមួយរបស់រដ្ឋាភិបាលលោក Joe Biden បានឱ្យដឹងថា សហរដ្ឋអាមេរិករំពឹងថានឹងប្រកាសពីការបញ្ចេញប្រេងពីស្តុកបម្រុងរបស់ខ្លួននៅថ្ងៃនេះ ជាផ្នែកមួយនៃផែនការដែលបានពិភាក្សាជាមួយប្រទេសប្រើប្រាស់ប្រេងធំៗមួយចំនួននៅអាស៊ី ដើម្បីបន្ទាបតម្លៃថាមពល។ នេះយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការបញ្ចេញស្តុកនេះត្រូវបានធ្វើឡើងដើម្បីទម្លាក់តម្លៃប្រេងឆៅដែលកំពុងកើនឡើង បន្ទាប់ក្រុមប្រទេសផលិតប្រេងដែលជាសមាជិករបស់អង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់អង្គការនេះបានបដិសេធទៅនឹងសំណើជាច្រើនដងដែលស្នើដោយអាមេរិក និងប្រទេសប្រើប្រាស់ប្រេងផ្សេងទៀតឱ្យបូមប្រេងឆៅបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកប្រធានាធិបតីអាមេរិក Biden កំពុងប្រឈមនឹងកម្រិតប្រជាប្រិយភាពទាប ដោយសារការកើនឡើងតម្លៃប្រេងសាំងខ្ពស់ និងការឡើងថ្លៃទំនិញប្រើប្រាស់ផ្សេងទៀតនៅក្នុងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩ ដែលបង្កឱ្យមានការគំរាមកំហែងដល់លោក និងគណបក្សប្រជាធិបតេយ្យរបស់លោកមុនពេលបោះឆ្នោតសភាពនៅឆ្នាំក្រោយ។

ប្រភពដដែលនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការបញ្ចេញស្តុកប្រេងដែលគេហៅថា “Swap” ពីស្តុកប្រេងបម្រុងយុទ្ធសាស្រ្តសហរដ្ឋអាមេរិក (SPR) នឹងត្រូវប្រកាសនៅថ្ងៃនេះនៅក្នុងវិធានការមួយដែលត្រូវបានសម្របសម្រួលជាមួយប្រទេសមួយចំនួន។ ប្រភពដដែលនេះមិនបានបញ្ជាក់ថាតើនឹងមានការបញ្ចេញប្រេងឆៅកម្រិតណាពីស្តុកនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Biden បានស្នើរួចហើយទៅកាន់ប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុនឱ្យបញ្ចេញប្រេងបម្រុងពីស្តុកយុទ្ធសាស្រ្តដោយធ្វើការងាររួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក។ មន្ត្រីជប៉ុននិងឥណ្ឌាកំពុងធ្វើការងារលើរបៀបដែលត្រូវបញ្ចេញ។

កិច្ចប្រឹងប្រែងដែលមិនធ្លាប់មានរបស់អាមេរិកក្នុងការធ្វើការងារជាមួយប្រទេសធំៗនៅអាស៊ីនេះដើម្បីទម្លាក់ថ្លៃប្រេងឥន្ធនៈនេះ ធ្វើឡើងដើម្បីជាការរំឭកមួយដល់ប្រទេសផលិតប្រេងធំៗ ថា ពួកគេគួរបូមប្រេងបន្ថែមទៀត ដើម្បីដោះស្រាយក្តីបារម្ភអំពីតម្លៃប្រេងឥន្ធនៈខ្ពស់។

OPEC+ ដែលជាបណ្តុំប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់អង្គការនេះរួមទាំងរុស្ស៊ីផងដែរនេះ គ្រោងនឹងជួបប្រជុំនៅថ្ងៃទី២ ខែធ្នូ ដើម្បីពិភាក្សាអំពីគោលនយោបាយផលិតប្រេង។

សហរដ្ឋអាមេរិកបានធ្វើការងារជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលជាអង្គការមួយបណ្តុំដោយប្រទេសប្រើប្រាស់ថាមពលធំៗចំនួន ៣០ប្រទេស នៅពេលដែលបញ្ហាផ្គត់ផ្គង់ថាមពលពិភពលោកតម្រូវឱ្យមានការបញ្ចេញស្តុកដោយមានការសម្របសម្រួល។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគឺជាសមាជិករបស់ IEA ខណៈចិន និងឥណ្ឌាត្រឹមតែជាសមាជិកសមាការី (associate member) ប៉ុណ្ណោះ៕