(ភ្នំពេញ)៖ កសិករដាំមៀនប៉ៃលិន បានស្នើដល់រាជរដ្ឋាភិបាល ជួយពន្លឿនការចរចានីតិវិធីការនាំចេញជាមួយភាគីចិនឱ្យបានលឿន ដើម្បីដោះស្រាយបញ្ហាទីផ្សារឱ្យកសិក ខណៈរដូវនៃការប្រមូលផលមៀនប៉ៃលិននៅឆ្នាំនេះ កសិករកំពុងប្រឈមមុខនឹងខាតបង់ ដោយខ្វះទីផ្សារ និងតម្លៃធ្លាក់ចុះយ៉ាងគំហុក។

លោក តុំ សោភ័ណ្ឌ រដ្ឋបាលសមាគមមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ផ្លែមៀននៅតាមចម្ការមួយចំនួនកំពុងស្ទះ ហើយប្រឈមជ្រុះចោល ដោយសារគ្មានឈ្មួញមកបេះ ព្រោះតែពួកគេយកទៅលក់បន្តមិនចំណេញ។

លោកបន្តថា ក្នុងរដូវប្រមូលផ្លែមៀនប៉ៃលិននៅឆ្នាំនេះ តម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាថៃបានបើកច្រកឱ្យនាំចូលក៏ដោយ។
លោកថាបច្ចុប្បន្ននេះតម្លៃមៀនប៉ៃលិនមួយគីឡូក្រាម លក់បានចន្លោះពីក្រោម១០០០រៀល ទៅ១២០០រៀល សម្រាប់ឈ្មួញខ្មែរដែលមកពីដល់ចម្ការ និងតម្លៃ១៥០០រៀលចំពោះផ្លែល្អ សម្រាប់នាំចេញទៅថៃ ខុសកាលពីឆ្នាំមុនដែលអាចលក់បានចន្លោះពី២០០០ទៅ៣០០០រៀលក្នុងមួយគីឡូ។

លោករំពឹងថា នៅឆ្នាំក្រោយនេះ មៀនប៉ៃលិននឹងអាចនាំចេញទៅប្រទេសចិនដោយត្រង់ ដោយមិនឆ្លងកាត់ប្រទេសថៃដូចបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាទីផ្សាររបស់កសិករ និងទទួលបានតម្លៃបន្ថែម។

«បើនាំចេញបាននៅឆ្នាំក្រោយនឹងសម្រួលបានច្រើន ព្រោះនៅប៉ៃលិនយើងមានឡស្រាប់ហើយ កន្លែងកែច្នៃមៀនសម្រាប់នាំចេញ បានរៀបរយហើយ។ បើសិនជាបើកឱ្យមានការនាំចេញវាកាន់តែល្អមែនទែន វាសម្រួលការស្ទះទីផ្សារ រាល់ថ្ងៃយើងពឹងទៅលើគេទាំងស្រុងហើយ ដោយសារតែទីផ្សារក្នុងស្រុកវាអត់សង្ឃឹម វាប្រែប្រួលមិនទៀង»។ លោក តុំ សោភ័ណ្ឌ លើកឡើងបន្ថែម។

បើតាមមន្រ្តីរដ្ឋបាលសមាគមមៀនប៉ៃលិនរូបនេះ នៅខេត្តប៉ៃលិន មានកសិករដាំមៀនប៉ៃលិនជាង២០០គ្រួសារ និងមានផ្ទៃដីដាំដុះជាង២ពាន់ហិកតា។

ជុំវិញបញ្ហានេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងកំពុងព្យាយាមពន្លឿនការចរចាជាមួយភាគីចិន ដើម្បីឱ្យមៀនប៉ៃលិនអាចនាំចេញបានឆាប់នាពេលខាងមុខ។

លោកបានឱ្យដឹងថា ការចរចាលក្ខខណ្ឌបំពេញតម្រូវភូតគាមអនាម័យ ដើម្បីអាចនាំចូលផ្លែមៀនទៅទីផ្សារប្រទេសចិន បានឈានដល់ដំណាក់កាលចរចា បញ្ជីសមាសភាពសត្វចង្រៃ ដោយភាគីទាំងពីរឯកភាពគ្នារួចហើយ។ បន្ទាប់ពីដំណាក់កាលនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នារៀបចំជាពិធីសារបច្ចេកទេស ដែលក្នុងពិសារនេះ នឹងមានចែងអំពីរបៀបនៃការត្រួតពិនិត្យ និងស្តង់ដាររបស់ចំការ កន្លែងវិចខ្ចប់ កន្លែងកែច្នៃ និងកន្លែងសម្លាប់មេរោគជាដើម។

លោកបន្ថែមថា «ខ្ញុំមិនហ៊ានសន្និដ្ឋានថាយ៉ាងណា ប៉ុន្តែយើងនឹងព្យាយាមពន្លឿននូវការចរចា ព្រោះនេះក៏អាស្រ័យទៅលើខាងភាគីចិនផងដែរ ជួនកាលគាត់ត្រូវការពេលវេលាយូរ ក្នុងការរៀបចំឯកសារ ជួនកាលគាត់ត្រូវការពេលវេលាក្នុងការបញ្ជូនមន្រ្តីមកត្រួតពិនិត្យ ជួនកាលគាត់ត្រូវការនីតិវិធីក្នុងការពិនិត្យអនឡាញជាដើម»។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់លក្ខខណ្ឌពិសេសដល់កម្ពុជា សម្រាប់ការត្រួតពិនិត្យនិតិវិធីនៃការនាំចេញមៀនប៉ៃលិន តាមរយៈអនឡាញ ដើម្បីឱ្យមៀនប៉ៃលិនកម្ពុជា អាចនាំចេញទៅទីផ្សារប្រទេសចិនដោយត្រង់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ ដែលនឹងធ្វើឱ្យទីផ្សារមៀនប៉ៃលិន កាន់តែធំ ខណៈដែលកន្លងមកទីផ្សារនាំចេញតាង៉ែន ឬមៀនប៉ៃលិនរបស់កម្ពុជា បានពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសថៃ។

សម្តេចបានគូសបញ្ជាក់ថា «យើងនឹងចរចាជាកញ្ចប់ទៅលើបញ្ហាការនាំត្រង់ ទៅប្រទេសចិននូវកសិផលរបស់កម្ពុជា។ ឯកឧត្តម លី ខឺជាំង គាត់ចាប់អារម្មណ៍តាង៉ែន មៀនប៉ៃលិន នឹងផ្តល់លក្ខណៈពិសេស ត្រួតពិនិត្យដោយអនឡាញ ដោយកន្លងទៅខ្ញុំត្រូវបញ្ជូនកងអង្គរក្សរបស់ខ្ញុំ និងលុយរបស់ខ្ញុំទៅទិញ ហើយដើរចែកប្រជាពលរដ្ឋ ចែកតាមមន្ទីរពេទ្យ។ នាយករដ្ឋមន្ត្រីចិនបាននិយាយថា នឹងទិញពីកម្ពុជាដោយត្រង់ ដោយមិនឆ្លងកាត់ប្រទេសទី៣»

សម្តេចបន្តថា កម្ពុជាមានកសិផលជាច្រើន ដែលបាននាំចេញទៅប្រទេសចិន ដោយផ្ទាល់ដូចជាចេក ស្វាយ កៅស៊ូជាដើម ហើយកម្ពុជានឹងធ្វើយ៉ាងណាឱ្យផ្លែមៀនប៉ៃលិន អាចនាំចេញទៅចិនដោយផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន មានចំនួនប្រមាណ៨ពាន់ហិកតា។ មៀនប៉ៃលិន ភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់៕