(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មករាជរដ្ឋាភិបាលកម្ពុជា អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ បើទោះបីជាមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្តី សន្ទុះអ្នកដំណើរចូលកម្ពុជា មានការកម្រើកឡើងបណ្តើរៗ។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា «យើងឃើញការកម្រើកឡើងវិញជាបណ្តើរៗ នៃអ្នកដំណើរចូលកម្ពុជានោះទេ ដោយត្រូវការពេលវេលា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការផ្សព្វផ្សាយ ទៅដល់គោលដៅរបស់ពួកគេ»

លោកបន្តថា ក្រោយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១មក ចំនួនអ្នកដំណើរមានកំណើន ដែលធ្លាប់មួយថ្ងៃមានចំនួន២០០នាក់ តែមកដល់ពេលនេះក្នុង១ថ្ងៃដល់៥០០-៦០០នាក់។

លោកថា សព្វថ្ងៃនេះចំនួនជើងហោះហើរចេញចូលកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិទាំង៣ មានត្រឹមតែពី៧-៨ជើងប៉ុណ្ណោះក្នុង១ថ្ងៃ ឬប្រហែល៨០០ជើង ក្នុង១ខែ។ សម្រាប់ខែធ្នូ ចំនួនជើងហោះហើរនឹងកើនឡើងបន្ថែម ក្នុង១សប្តាហ៍២៩ជើងថែមទៀត។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះបានបញ្ជាក់ថា ការមិនទាន់មានសន្ទុះកំណើនខ្លាំង ដោយសារតែអ្នកដំណើរមិនទាន់មានជំនឿចិត្ត ដោយត្រូវការពេលវេលាមួយបន្ថែម ក្នុងការធ្វើដំណើរឡើងវិញ ខណៈប្រទេសខ្លះ មិនទាន់លើកលែងការធ្វើចត្តាឡីស័កនៅឡើយ។

ពាក់ព័ន្ធនឹងព្រលានយន្តហោះអន្តរជាតិសៀមរាបវិញ លោក ស៊ិន ចាន់សិរីវុត្ថា បានអះអាងថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅនឹងមានជើងហោះឡើងវិញ តែដំបូងមានតែក្រុមហ៊ុនក្នុងស្រុកមួយប៉ុណ្ណោះ ដែលហោះហើរ២ជើងក្នុង១សប្តាហ៍ រវាងភ្នំពេញ-សៀមរាប និងពីសៀមរាប ទៅបាងកក ប្រទេសថៃ។

សូមជម្រាបថា កាលពីពិភពលោកមិនទាន់រងការវាយប្រហារដោយជំងឺកូវីដ១៩ ក្នុងមួយថ្ងៃៗកម្ពុជាមានជើងហោះហើរប្រមាណជាង៣០០ជើង ឬ១ម៉ឺនជើងក្នុង១ខែ៕