(ភ្នំពេញ)៖ សមាគមវារីវប្បករកម្ពុជា និងអ្នកចិញ្ចឹមត្រី បានសម្ដែងនូវការត្រេកអរ និងសប្បាយរីករាយ បន្ទាប់ពីទទួលបានដំណឹងថា ត្រីប្រារបស់កម្ពុជា ត្រូវបានប្រទេសចិន កំពុងពិនិត្យវាយតម្លៃ អាចនឹងឈានទៅសម្រេចឲ្យមានការនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលដ៏ខ្លីខាងមុខនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានបង្ហាញការត្រេកអរ និងសប្បាយរីករាយ ចំពោះព័ត៌មានដែលចិនកំពុងវាយតម្លៃលើត្រីប្រារបស់កម្ពុជា ដើម្បីឈានដល់ការសម្រេចឲ្យមានការនាំចេញផ្ទាល់ ទៅកាន់ទីផ្សារចិន។

លោក សុខ រ៉ាដែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមសមាគមវារីវប្បករកម្ពុជា ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ជាអ្នកចិញ្ចឹមត្រី ខ្ញុំមានការត្រេកអរ ហើយសប្បាយរីករាយ ចំពោះព័ត៌មានដែលថាខាងប្រទេសចិន អាចនឹងនាំត្រីប្រាពីកម្ពុជាទៅចិន គឺជាព័ត៌មានល្អ សម្រាប់វារីវប្បករទាំងមូល»

ជាមួយគ្នានេះ លោក សុខ រ៉ាដែន ក៏បានបញ្ជាក់ផងដែរថា វារីវប្បករត្រូវត្រៀមធ្វើផលិតផលវារីវប្បកម្ម ជាពិសេសត្រីប្រា ដែលប្រទេសចិននឹងនាំចេញ ថាត្រូវធ្វើយ៉ាងម្ដេច ឲ្យមានគុណភាពល្អ ដោយមិនត្រូវចេះតែចិញ្ចឹមនោះទេ។ ដោយត្រូវចិញ្ចឹមឲ្យមានលក្ខណៈស្ដង់ដារល្អ ដើម្បីត្រូវនឹងទីផ្សារប្រទេសចិន ដែលគេចង់បាន ដោយទឹកត្រូវតែល្អ, សាច់ត្រីប្រា ត្រូវមានសាច់ល្អ និងត្រូវស្ដង់ដារ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា បងប្អូនវារីវប្បករ មានបទពិសោធន៍ក្នុងចិញ្ចឹមត្រីប្រានេះ។

ក្រៅពីត្រីប្រា លោក សុខ រ៉ាដែន រំពឹងថា ត្រីទីឡាប់យ៉ា ក៏អាចជាគោលដៅ នៃទីផ្សារប្រទេសចិន ដោយសារត្រីទីឡាប់យ៉ា កម្ពុជាមានសមត្ថភាពផលិត ព្រោះត្រីប្រភេទនេះ មានការរីកលូតលាស់លឿន និងមានសាច់ល្អ ដែលជាគោលដៅទីផ្សារអន្ដរជាតិ។

លោកស្រី កែវ យ៉ាដា ជាអ្នកចិញ្ចឹមត្រីផងដែរនោះ ក៏បង្ហាញនូវក្ដីសប្បាយរីករាយ និងត្រេកអរ បន្ទាប់ពីទទួលបានដំណឹងត្រីប្រារបស់កម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលដ៏ខ្លីខាងមុខនេះ។

លោកស្រី កែវ យ៉ាដា បានថ្លែងថា «និយាយទៅមិនថាតែខ្ញុំ និងកសិករ កាលណាមានការនាំចេញ ឬក៏ទីផ្សារក្នុងស្រុកក៏ដោយ យើងតែងតែត្រេកអរ ប៉ុន្ដែគ្រាន់ថា ការនាំចេញរបស់គេ មានលក្ខខណ្ឌយ៉ាងដូចម្ដេចខ្លះ តើកសិកររបស់យើង អាចទទួលយកបានឬទេ»

លោកស្រីបានឲ្យដឹងថា ចំពោះស្ថានភាព នាពេលបច្ចុប្បន្ននៃការចិញ្ចឹមត្រី មានភាពស្ងាត់ដោយសារតែមានបញ្ហាកូវីដ-១៩ និងបញ្ហាខ្វះទីផ្សារ ដូច្នេះ ធ្វើឲ្យការចិញ្ចឹមត្រីមួយចំនួនធំបានផ្អាក និងបងប្អូនវារីវប្បករមួយចំនួន កាត់បន្ថយចំនួនត្រី ក្នុងការចិញ្ចឹម។

លោក ឆាយ ឈាង អ្នកចិញ្ចឹមត្រី នៅស្រុកបាធាយ ខេត្តកំពង់ចាមវិញ កំពុងរង់ចាំមើលស្ថានភាពជាក់ស្ដែងថា ត្រីប្រាដែលនាំចេញទៅចិននោះ តើដើរទិញត្រីពីប្រជាពលរដ្ឋ ឬក៏ទិញត្រីពីក្រុមហ៊ុន។

លោក ឆាយ ឈាង ក៏បានត្អូរត្អែរ ចំពោះការនាំចូលត្រីច្រើនពីក្រៅស្រុក ដែលធ្វើឲ្យត្រីក្នុងស្រុកនៅសល់ច្រើន ខណៈស្ថានភាពបច្ចុប្បន្ន ចំពោះទីផ្សារការចិញ្ចឹមត្រី នៅតែធម្មតាដូចសព្វមួយដង គ្រាន់តែតម្លៃចំណីសម្រាប់ត្រី មានការឡើងថ្លៃ ប៉ុន្ដែចំពោះតម្លៃត្រីមិនបានឡើងថ្លៃ។

នៅព្រឹកទី៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ លោកថា បើដំណើរការវាយតម្លៃដំណើរការទៅរលូនល្អ ការនាំចេញត្រីប្រា នឹងអាចនាំចេញក្នុងពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងផងដែរថា ការពន្លឿននៃការនាំចេញផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញ ពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងឃើញវត្តមាន ម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន ហើយសម្តេចតេជោ បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់អ្នកចិញ្ចឹមត្រីប្រា៕