(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

ពិធីនេះ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និងពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មី ផងដែរ។

ការរៀបចំកម្មវិធីថ្នាក់ជាតិ ស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នេះ មានគោលបំណងធំៗចំនួន៤រួមមាន៖

ទី១៖ ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល
ទី២៖ សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រ ឲ្យគ្នាទៅវិញទៅមក រវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី
ទី៣៖ ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ទាំងមូលតាមថ្នាលឌីជីថល
និង៤៖ ជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នា របស់បណ្តាប្រទេសនានា។

ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយ ក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការ គាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ក្រោមការសម្របសម្រួលពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង «សហគ្រិនខ្មែរ»