(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធខួបលើកទី២៥ ក្នុងការជំរុញឲ្យមានការ អភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal។

ពិធីនេះ ក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, លោក ហ៊ុន មានី, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា-អាមេរិក ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក Anthony Galliano ប្រធាន AmCham បានស្វាគមន៍អ្នកចូលរួមចំនួន១៥០នាក់ ហើយបាននិយាយថា AmCham បានប្រារព្ធខួបលើកទី២៥ របស់ខ្លួន នៅឆ្នាំ២០២១ ជាមួយនឹងឆ្នាំដ៏រឹងមាំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ AmCham។

លោក ហ៊ុន ម៉ានី ថ្លែងសុន្ទរកថាពិសេស ហើយក្រុមប្រឹក្សាភិបាល AmCham បានធ្វើបទបង្ហាញអំពីការគោរពចំពោះ លោក ហ៊ុន ម៉ានី ក្នុងការទទួលស្គាល់ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ចំពោះយុវជនកម្ពុជា និងការខិតខំប្រឹងប្រែង ដ៏អស្ចារ្យរបស់លោក ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីធុរកិច្ចអាមេរិកនៅកម្ពុជា ដែលលោកបានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនអាមេរិកវិនិយោគកាន់តែច្រើន និងផ្តល់មតិកែលម្អ និងអនុសាសន៍បន្ថែមទៀត ដោយសារក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ ចំពោះសំឡេងពួកគេ ក្នុងការបង្កើតគោលនយោបាយរបស់ពួកគេ។

បន្ទាប់មកគណៈកម្មាធិការ បានផ្តល់កិត្តិយសដោយការផ្តល់និមិត្តសញ្ញា នៃការដឹងគុណចំពោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងការទទួលស្គាល់ កិច្ចសហប្រតិបត្តិការរបស់លោក ក្នុងការលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាក៏បានអញ្ជើញ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលសញ្ញាប័ត្រថ្លែងអំណរគុណ ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង របស់លោកស្រី ក្នុងការគ្រប់គ្រងវិបត្តិ Covid-19 នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Travis Mitchell នាយកប្រតិបត្តិ AmCham បានលើកឡើង ពីសមិទ្ធផលសំខាន់ៗរបស់ AmCham ក្នុងឆ្នាំ២០២១ រួមទាំងការបង្កើនសមាជិកភាព៤៥% និងការរៀបចំកម្មវិធីជាង៥០ ពេញមួយឆ្នាំ ទោះបីជាមានបញ្ហាប្រឈមនៃ Covid-19 ក៏ដោយ។

គូសបញ្ជាក់ថា AmCham Cambodia (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ជាអង្គការសមាជិកភាពឯករាជ្យមិនរក ប្រាក់ចំណេញដែលមាន ទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ដែលចែករំលែកការតភ្ជាប់ទៅនឹងពាណិជ្ជកម្មអាមេរិក។

AmCham ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើររឿង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងជាសំឡេងឈានមុខគេ ក្នុងសហគមន៍ធុរកិច្ចអន្តរជាតិរបស់កម្ពុជា៕