(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការធានាលើកម្ចីចំនួន១៧៣ ដែលមានទឹកប្រាក់សរុបជាង២០លានដុល្លារ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សាជីវកម្មធានាឥណទានកម្ពុជា។
សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។
ដោយមើលឃើញ សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញនោះ សាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាស្តីពី «សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម» ដើម្បីប្រមូលនូវទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។
សិក្ខាសាលានេះ មានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន៖ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។
វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការ របស់ក្រុមហ៊ុនអាជីវកម្ម។
វាគ្មិនទាំងអស់ ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុន ដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។
លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។
កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាន ហិរញ្ញប្បទាន។
លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។
អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច៕