(ភ្នំពេញ)៖ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ដែលមានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៣។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ខ្លួនបាននឹងកំពុងជំរុញពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ (ជំហានទី១ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ) សម្រេចបានប្រមាណជា៥០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់ ហើយដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា បច្ចុប្បន្នកំណើនប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប...) វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលជាហេតុនាំឲ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើស ពីសមត្ថភាពផលិត (តម្រូវការប្រើប្រាស់ទឹកប្រមាណជាជាង ៧០០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ)។

ដោយមើលឃើញពីការខ្វះខាតនេះ ទើបរាជរដ្ឋាភិបាលសម្រេចវិនិយោគបន្ថែម នូវការសាងសង់រោងចក្រផលិតទឹកស្អាតបន្ថែម ដូចជារោងចក្រផលិតទឹកស្អាតបាក់ខែង និងកំពុងរៀបចំសាងសង់រោងចក្រផលិតទឹកស្អាតតាខ្មៅថែមទៀតផងដែរ។

គូសបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។

ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួល ក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។

គម្រោងនេះ គឺជាគម្រោងសាងសង់ដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដង ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។

សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក។

សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក៕