(ភ្នំពេញ)៖ មន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ននេះកសិករភាគច្រើននៅខេត្តបាត់ដំបង បានបន្ថយការដាំពោត ដោយងាកមកបង្កើនការដាំដំឡូងមីវិញ ដើម្បីតម្រូវតាមទីផ្សារថៃ ដោយសារតែដំណាំទាំងពីរប្រភេទនេះស្ទើរ៩០%នាំចេញទៅប្រទេសថៃ ស្របពេលដែល ប្រទេសថៃ បានដាក់លក្ខខណ្ឌថ្មី តឹងរ៉ឹងសម្រាប់ការនាំចូលគ្រាប់ពោតពីកម្ពុជា។

លោក ហេង សិទ្ធិ មន្រ្តីស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករានេះថា នៅឆ្នាំ២០២២នេះ ខាងថៃមានតម្រូវការលើដំឡូងមីច្រើនជាងពោត ដែលជំរុញឱ្យកសិករងាកមកដាំដំឡូងមីវិញ។

លោកបានបញ្ជាក់ថា «វាអត់ទៀងស៊ីសងនឹងទីផ្សារស្រុកថៃ គេត្រូវការអីច្រើន កសិករគាត់តម្រូវតាមហ្នឹងដែរ ព្រោះគាត់ចេញចូលតាមច្រកព្រំដែន ចេញចូលទៅថៃ គាត់មានសហគមន៍គាត់សម្រាប់គ្រប់គ្រងដំណាំតាមព្រំដែន អីចឹងបើថៃគាត់កុម្ម៉ង់ពោត គាត់ដាំពោតច្រើន បើសិនជាកុម៉្មង់ដំឡូង គាត់ដាំដំឡូងច្រើន តែជាទូទៅដំឡូងច្រើនជាងពោត»។

លោកបានឱ្យដឹងផងដែរថា តម្លៃពោត និងតម្លៃដំឡូងមីឆ្នាំនេះ មិនដូចគ្នាប៉ុន្មានទេ ដោយពោតតម្លៃជាង៦បាត ឬប្រមាណ៧០០រៀលក្នុងមួយគីឡូ ខណៈតម្លៃដំឡូងតម្លៃ៦៩០រៀលក្នុងមួយគីឡូ សម្រាប់ដំឡួងស្ងួត និងដំឡូងស្រស់តម្លៃចន្លោះពី២បាតទៅ២បាទកន្លះ ដែលស្មើនឹងប្រមាណ៣០០ក្នុងមួយគីឡូ។ ជាមួយគ្នានេះ ការដាំពោតមានហានិភ័យខ្ពស់ជាងដំឡូងមី ព្រោះការដាំពោតប្រឈមនឹងហានិភ័យនៃការខ្វះទឹក នៅដើមរដូវដែលនាំឱ្យបានទិន្នផលទាប និងត្រូវការកម្លាំងពលកម្មច្រើន។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យ Fresh News ដឹងដែរថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបាត់ដំបង នាំចេញដំឡូងមីទៅថៃបានប្រមាណពី៤ពាន់តោន ទៅ៦ពាន់តោន។

លោកបន្តថា កាលពីឆ្នាំ២០២១ ខេត្តនេះបាននាំចេញពោត ប្រមាណ៨០% បាននាំចេញទៅប្រទេសថៃ ចំណែកប្រមាណ២០%ទៀតសម្រាប់ប្រើប្រាស់ក្នុងស្រុក។ លោកបញ្ជាក់ថា ភាគច្រើនការនាំចេញពោតទៅប្រទេសថៃ ក្រៅផ្លូវការច្រើនជាងការនាំចេញក្នុងផ្លូវការ។

ចំណែកលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យវិញបានឱ្យដឹងថា ដំណាំពោតនៅខេត្តបន្ទាយមាន ដែលដាំលើផ្ទៃជាង១ម៉ឺនហិកតា ក្នុងទិន្នផលពី៤ទៅ៦តោន ត្រូវបាននាំចេញទាំងស្រុងទៅប្រទេសថៃ។

កាលពីពាក់កណ្តាលឆ្នាំ២០២១ ប្រទេសថៃ បានចាប់ផ្តើមដាក់លក្ខខណ្ឌថ្មី សម្រាប់ការនាំចេញគ្រាប់ពោតពីកម្ពុជាទៅកាន់ប្រទេសថៃ ដោយតម្រូវឱ្យអ្នកនាំចេញទាំងអស់ ត្រូវមានលិខិតអនុញ្ញាតនាំចូលពីនាយកដ្ឋានកសិកម្មថៃជាមុន មុននឹងធ្វើការនាំចេញ , គ្រាប់ពោតត្រូវប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃតាមផ្លូវគោក និងផ្លូវសមុទ្រ។ ទន្ទឹមគ្នានេះ គ្រាប់ពោតត្រូវតែធានាថា ស្អាតល្អ និងគ្មានសមាសភាពចង្រៃរស់ គ្មានរោគសញ្ញា និងភ្នាក់ងារចម្លង ការវេចខ្ចប់គ្រាប់ពោតត្រូវតែស្អាតជានិច្ច និងជាការវេចខ្ចប់ថ្មី ហើយគ្រាប់ពោតត្រូវធ្វើធូបនកម្មមុននឹងនាំចេញដោយប្រើថ្នាំ Methyl Bromide ក្នុងកម្រិតដែលបានកំណត់។

លើសពីនេះទៅទៀតថៃកំណត់ថា នៅពេលដែលទំនិញទៅដល់ច្រកទ្វារព្រំដែន មន្រ្តីភូតគាមអនាម័យនៃប្រទេសថៃ នឹងធ្វើការត្រួតពិនិត្យ ប្រសិនបើរកឃើញថា ទំនិញទាំងនោះមិនមានអនុលោមតាមលក្ខខណ្ឌតម្រូវខាងលើទំនិញបញ្ញើទាំងនោះនឹងត្រូវបញ្ជូនត្រឡប់មកវិញ ឬកម្ទេចចោល ឬធ្វើប្រព្រឹត្តិកម្មតាមស្ថានភាពជាក់ស្តែង។

លោក ឈឹម វជិរា បានបញ្ជាក់ថា ក្រោយថៃកំណត់បែបនេះ ភាគីកម្ពុជាបានស្នើសុំថៃ ឱ្យរក្សាលក្ខខណ្ឌប្រើប្រាស់ថ្នាំដដែលសិន រហូតដល់ចុងឆ្នាំ២០២២ ដើម្បីកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូលថ្នាំ Methyl Bromide ដោយសារប្រភេទថ្នាំដែលថៃតម្រូវ កម្ពុជាមិនទាន់មានការនាំចូលនោះទេ ខណៈតម្លៃក៏ថ្លៃជាថ្នាំប្រើបច្ចុប្បន្នផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ការនាំចេញគ្រាប់ពោត កាលពីឆ្នាំ២០២១ មានចំនួន ២០១ ៥៨៩ តោន កើនឡើងចំនួន៣.៥៨% ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន១៥៨ ២៥០តោន ប្រទេសថៃចំនួន៤២ ៣៥០តោន ក្រៅពីនេះប្រទេសមួយចំនួនទៀតក្នុងបរិមាណតិចប៉ុណ្ណើ។

ដោយឡែកការនាំចេញផលិតផលដំឡូងមីវិញរួមមាន ចំណិតដំឡូងមីក្រៀមមានចំនួន ១.៦ លានតោនកើនឡើងចំនួន ៨.៤៥%, ដំឡូងមីស្រស់មានចំនួន ១.១តោនកើនឡើងចំនួន៥២.៦%, ម្សៅដំឡូងមីមានចំនួនជាង៣ម៉ឺនតោនកើនឡើងចំនួន ២.៦៦%, កាកសំណល់ដំឡូងមីមានចំនួនជាង៩តោនថយចុះចំនួន ៣៣.០៦%៕