(បាកក)៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃបានឱ្យដឹងនៅថ្ងៃអង្គារថា ថៃរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការដំណាក់កាលទីមួយនៃខ្សែរថភ្លើងល្បឿនលឿនប្រវែង ៨៧៣គីឡូម៉ែត្រដែលតភ្ជាប់ប្រទេសចិននៅឆ្នាំ២០២៦ ដែលយឺតជាការគ្រោងទុករយៈពេល ៣ឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ផ្លូវរថភ្លើងដំណាក់កាលទី១នេះ តភ្ជាប់រាជធានីបាងកកទៅកាន់ខេត្តនគររាជសីម៉ា ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ។ ដំណាក់កាលទី២ តភ្ជាប់ពីខេត្តនគររាជសីម៉ាទៅកាន់ខេត្តណងខៃ ជាប់ព្រំប្រទល់ប្រទេសឡាវ ដែលមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ។

លោកស្រី Traisulee Traisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថ្លៃបានឱ្យដឹងថា ខ្សែរថភ្លើងដំណាក់កាលទីពីរនេះ បច្ចុប្បន្នស្ថិតក្រោមការវាយតម្លៃផលប៉ះពាល់បរិស្ថាន ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមផ្តល់សេវាកម្មនៅឆ្នាំ២០២៨។

គម្រោងនេះស្ថិតក្រោមគំនិតផ្តួតផ្តើមខ្សែក្រវាតនិងផ្លូវ (BRI) ដ៏មានហិច្ឆិតារបស់ប្រទេសចិន ដែលមានបំណងតភ្ជាប់ប្រទេសចិនតាមដីគោក និងតាមដែនទឹកមកកាន់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង តំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប។

នៅដើមខែធ្នូ ឆ្នាំមុន ការតភ្លាប់រថភ្លើងរវាងប្រទេសឡាវ និងប្រទេសចិនបានចាប់ផ្តើមប្រតិបត្តិការ។ លោកស្រី Traisulee បានបន្ថែមថា ពាណិជ្ជកម្មនៅព្រំដែនប្រទេសថៃនិងឡាវនៅខែធ្នូឆ្នាំ២០២១ បានកើនឡើងដល់ ៦,៩ប៊ីលានបាត (២០៨,៨៤ដុល្លារ) ធៀបនឹង ៤,៦៤ប៊ីលានបាតនៅខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនរដ្ឋថៃ និងក្រុមហ៊ុនរដ្ឋចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដែលមានតម្លៃ ៥,២ប៊ីលានបាតសម្រាប់គម្រោងនេះនៅឆ្នាំ២០១៧ ប៉ុន្តែត្រូវបានពន្យាពេលដោយសារការមិនឯកភាពគ្នាលើផ្នែករចនា ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕