(ប៉ារីស)៖ មនុស្សមានបំផុតចំនួន១០នាក់ក្នុងពិភពលោក បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនទ្វេដងក្នុងអំឡុងពេល ២ឆ្នាំនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលភាពក្រីក្រ និងវិសមភាពកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយអង្គការ Oxfam ថា ទ្រព្យសម្បត្តិរបស់អ្នកមានបំផុតទាំង១០នេះ បានកើនឡើងពី ៧០០ប៊ីលានដុល្លារដល់ ១,៥ទ្រីលានដុល្លារ ដែលមានអត្រាកំណើនជាមធ្យម ១,៣ប៊ីលានដុល្លារក្នុងមួយថ្ងៃ។

អង្គការនេះបានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះបានកើនឡើងខ្លាំងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ពោលគឺខ្លាំជាងរយៈពេល ១៤ឆ្នាំកន្លងមក នៅពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងការដើរថយក្រោយនៃសេដ្ឋកិច្ចអាក្រក់បំផុត។

អង្គការ Oxfam បានហៅកំណើននេះថាជាវិសមភាព “អំពើហិង្សាសេដ្ឋកិច្ច” និងបានឱ្យដឹងថា វិសមភាពកំពុងចូលរួមចំណែកដល់ការស្លាប់មនុស្ស ២១.០០០នាក់រៀងរាល់ថ្ងៃដោយសារកង្វះការទទួលបានការថែទាំសុខភាព អំពើហិង្សាគ្រួសារ គ្រោះអត់ឃ្លាន និងការប្រែប្រួលអាកាសធាតុ។

អង្គការមួយនេះបានបន្ថែមថា ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យមនុស្ស ១៦០លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។

បើយោងតាមទស្សនាវដ្តី Forbes មហាសេដ្ឋកិច្ចធំទាំង១០នាក់ក្នុងពិភពលោករួមមាន លោក Elon Musk ប្រធានក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon លោក Larry Page និងលោក Sergey Brin ស្ថាបនិកក្រុមហ៊ុន Google លោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook លោក Bill Gates និងលោក Steve Ballmer អតីតអគ្គនាយកក្រុមហ៊ុន Microsoft និងលោក Larry Ellison អតីតអគ្គនាយកក្រុមហ៊ុន Oracle លោក Warren Buffet វិនិយោគិនអាមេរិក និងលោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH៕