(ភ្នំពេញ)៖ រដ្ឋបាលជលកម្ពុជា និងរដ្ឋបាលគយប្រទេសចិន បានចាប់ផ្តើមបើកប្រជុំជាលើកដំបូង ក្នុងការវាយតម្លៃ ទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជា ដែលនឹងនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។

កិច្ចប្រជុំពិភាក្សារវាងក្រុមការងារនៃរដ្ឋបាលជលផល ជាមួយប្រតិភូនៃអគ្គនាយកដ្ឋានរដ្ឋបាលគយនៃប្រទេសចិន ថ្នាក់បច្ចេកទេសជាលើកដំបូង ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

បើតាមរដ្ឋបាលជលផល កិច្ចប្រជុំនេះបានវាយតម្លៃលើកសិដ្ឋានវារីវប្បកម្មត្រីប្រា និងសហគ្រាសកែច្នៃត្រី មុននឹងភាគីចិនសម្រេចអនុញ្ញាតឱ្យត្រីប្រាកម្ពុជា នាំចូលទៅប្រទេសចិន។

ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កិច្ចប្រជុំខាងលើនេះ គឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិន និងកម្ពុជា ក្នុងការអនុវត្តការកុងសុងស៊ីស របស់ថ្នាក់ដឹកនាំទាំងពីរប្រទេស ក្នុងការពន្លឿននាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន។ នេះក៏ជាកិច្ចប្រជុំវាយម្លៃតាមរយៈវីឌីអូលើកទី២ លើកសិផលកម្ពុជា ដែលនឹងនាំចេញទៅកាន់ប្រទេសចិន នេះបានបង្ហាញពីប្រទេសទាំងពីរ ខិតខំសម្រេចឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលធ្លាប់បានលើកឡើងថា ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិន នឹងសម្រេចតាមផែនការក្នុងឆ្នាំ២០២២នេះ ដែលនឹងជួយដល់កសិករចិញ្ចឹមត្រីប្រានៅកម្ពុជា៕