(ភ្នំពេញ)៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានពន្លឿនក្នុងការចុះបញ្ជីម៉ាកផលិតផលដោយ កាត់បន្ថយរយៈពេលចុះបញ្ជីម៉ាកផលិតផលពី៥ខែ ទៅ៧ខែ ធ្វើឱ្យកម្ពុជាជាប់ជាប្រទេសទី២ ដែលផ្តល់ការចុះបញ្ជីម៉ាកលឿនជាងគេ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី។

ជាមួយគ្នានេះនៅឆ្នាំ២០២១ នាយកដ្ឋានបានបញ្ចប់ឯកសារចុះបញ្ជីម៉ាកដែលកកស្ទះទាំងអស់នៅក្នុងឆ្នាំ២០២០ និងមុនឆ្នាំ២០២០ ចំនួនប្រមាណ៤៤៦៥ ដើម្បីឱ្យម្ចាស់អាជីវកម្មអាចយកម៉ាក ផលិតផលរបស់ខ្លួនទៅប្រើប្រាស់ជាផ្លូវការ តាមតម្រូវការរបស់ខ្លួន។

លោក ឡាច សម្បត្តិ អនុប្រធានការិយាល័យនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមករានេះថា ការកាត់បន្ថយរយៈពេលនៃការចុះបញ្ជីម៉ាកមកត្រឹម៥ខែ ទៅ៧ខែ គឺជាតម្រូវការចាំបាច់របស់នាយដ្ឋានកម្មសិទ្ធិបញ្ញា ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យរៀបចំនីតិវិធីក៏ដូចជាយុទ្ធសាស្រ្តថ្មី ដើម្បីបំរើផលឱ្យសាធារណជន ដែលជាម្ចាស់ម៉ាកឱ្យមានលឿន និងឆាប់រហ័ស និងធ្វើយ៉ាងណាឱ្យម្ចាស់ម៉ាកចំណេញពេលវេលា និងឆាប់បានយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់របស់ម្ចាស់អាជីវកម្ម ដូចជារៀបចំបោះពុម្ពស្លាកយីហោរបស់ខ្លួន និងឆាប់បានប្រើប្រាស់ម៉ាកនៅលើទីផ្សារ រួមទាំងការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារផ្សេងៗ។ល។ ការចុះបញ្ជីម៉ាកដែលមានរយៈពេលយូរ អាចនាំឱ្យម្ចាស់ម៉ាកខាតបង់ពេលវេលា និងភាពស្ទាក់ស្ទើរក្នុងការប្រើប្រាស់ម៉ាក។

លោកបន្តថា «បណ្តាប្រទេសនៅតំបន់អាស៊ាន និងបណ្តាប្រទេសនានា នៅលើសកលលោក រយៈពេលនៃការចុះបញ្ជីម៉ាកលើសពី១២ខែ ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី២ ដែលមានរយៈពេលចុះបញ្ជីឆាប់ជាងគេ នៅតំបន់អាស៊ាន។ យើងបានដឹងហើយថា ការធ្វើអាជីវកម្មរបស់ម្ចាស់ម៉ាកនីមួយៗ មានចរឹកលក្ខណៈខុសៗគ្នា អ្នកខ្លះគេធ្វើអាជីវកម្មជាមុនសិន មិនទាន់យកមកចុះបញ្ជីម៉ាកទេ ចំណែកឯអ្នកខ្លះវិញ ចុះបញ្ជីបានសិនចាំចាប់ផ្តើមធ្វើអាជីវកម្ម ចំនុចនេះតាមការសង្កេតមើលរបស់ខ្ញុំបាទ ភាគច្រើន គឺសុទ្ធតែជាផលិតផលថ្មីទេ»

ជាក់សែ្តងនៅក្នុងឆ្នាំ២០២១នេះ ការចុះបញ្ជីក្នុងស្រុកបានចំនួន៦៨៦៧ម៉ាក និងចុះបញ្ជីម៉ាកអន្តរជាតិបានចំនួន១៩៣៨ម៉ាក និងបានចុះបញ្ជីម៉ាកសារជាថ្មីបានចំនួន២១២៩ម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានចំនួន១ គឺទឹកឃ្មុំព្រៃមណ្ឌលគីរី និងម៉ាកសមូហភាពបានចំនួន៣ គឺ អង្ករព្រះវិហារ អំបុកកំពង់ធំ និងសាសៀនស្នេក (Shaxian Snacks) ជាម៉ាកសមូហភាពអន្តរជាតិ។

លើសពីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានកំពុងរៀបចំ និងសិក្សាទៅលើម៉ាកសម្គាល់ទំនិញចំនួន៣ទៀតដូចជា អំបិល និងផ្កាអំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ រួមជាមួយនឹង ម៉ាកសមូហភាពមួយចំនួន៣ទៀត ដូចជា នំបញ្ចុកសៀមរាប ក្រូចពោធិ៍សាត់ និងដូងខ្ទិះបាត់ដំបង។

លោកបញ្ជាក់ថា តាមច្បាប់មិនបានចាប់បង្ខំ ឬតម្រូវឱ្យម្ចាស់អាជីវកម្ម មកចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មនោះទេ។ ប៉ុន្តែយ៉ាងណាលោកលើកទឹកចិត្ត ឱ្យម្ចាស់អាជីវកម្ម មកចុះបញ្ជីម៉ាកផលិតផលនៅក្រសួងពាណិជ្ជកម្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ ដល់ម្ចាស់អាជីវកម្ម ព្រោះថាបើមានបុគ្គលណាមួយប្រើប្រាស់ម៉ាកដូចគ្នា ហើយបានធ្វើការចុះបញ្ជីម៉ាកនោះ នាំមានឲ្យមានវិវាទកើតឡើង ដែលធ្វើឲ្យខូចប្រយោជន៍ដល់បុគ្គល ដែលបានប្រើប្រាស់ម៉ាកមុន។

ចំពោះម៉ាកដែលត្រូវបានចុះបញ្ជីរួច ហើយមានការប្រើប្រាស់នៅលើទីផ្សារ នឹងទទួលបានផលប្រយោជន៍ ដូចជាមានសិទិ្ធផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាក មានសិទ្ធិហាមឃាត់ជនទីបីណាមួយ ដែលបានប្រើប្រាស់ម៉ាក ដែលដូច ឬស្រដៀងនាំឱ្យមានការភ័ន្តច្រឡំ មានសិទ្ធិប្រើប្រាស់សញ្ញាដែលបញ្ជាក់ថា ម៉ាករបស់ខ្លួនបានចុះបញ្ជីរួច មានសិទ្ធិក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណពិសេស ឬនាំចូលទំនិញនិងចែកចាយម៉ាកផ្តាច់មុខ ការពារម៉ាករបស់ខ្លួនបានរយៈពេល១០ឆ្នាំ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងអាចធ្វើការចុះបញ្ជីសារជាថ្មីឡើងវិញ មានសិទិ្ធប្តឹងជនណាដែលបានប្រើប្រាស់ម៉ាករបស់ដោយមិនមានការអនុញ្ញាត ជាពិសេសនោះនឹងផ្តល់ទំនុកចិត្ត និងជឿជាក់ពីគុណភាព ឬសេវាកម្ម ដល់អតិថិជន ហើយម្ចាស់អាជីវកម្មក៏អាចធ្វើការលក់ ឬផ្ទេរកម្មសិទិ្ធម៉ាកឱ្យអ្នកដទៃបានដែរ៕