(ប៉ារីស)៖ ក្រុមហ៊ុនថាមពល TotalEnergies របស់ប្រទេសបារាំងបានឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារស្ថានភាពកានតែអាក្រក់ឡើងនៃបញ្ហាសិទ្ធិមនុស្សនៅទីនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន TotalEnergies បានក្លាយជាក្រុមហ៊ុនលោកខាងលិចចុងក្រោយបំផុតដែលបានចាកចេញពីប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិផ្សេងទៀតបាននាំគ្នាចាកចេញជាបន្តបន្ទាប់។

សមាគមជួយអ្នកទោសនយោបាយ (AAPP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយនៅមីយ៉ាន់ម៉ា បានឱ្យដឹងថា គិតចាប់តាំងពីរដ្ឋប្រហារមក កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ដើម្បីបង្ក្រាបការប្រឆាំង។ ប៉ុន្តែក្រុមរបបយោធាបានបដិសេធនឹងតួលេខនេះ។

ក្រុមហ៊ុន TotalEnergies បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ស្ថានភាព ទាក់ទងនឹងសិទ្ធិមនុស្ស និងនីតិរដ្ឋជាទូទៅ ដែលបានបន្តប្រែក្លាយកាន់តែអាក្រក់នៅមីយ៉ាន់ម៉ា ដោយសាររដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យយើងឈានទៅរកការវាយតម្លៃឡើងវិញអំពីស្ថានភាពនេះ ហើយលែងអាចឱ្យក្រុមហ៊ុន TotalEnergies ចូលរួមចំណែកជាវិជ្ជមានគ្រប់គ្រាន់ក្នុងប្រទេសនេះតទៅទៀតហើយ»។

ក្រុមហ៊ុនថាមពលរបស់បារាំងមួយនេះបានឱ្យដឹងទៀតថា៖ «ដោយហេតុនេះ ក្រុមហ៊ុន TotalEnergies បានសម្រេចចិត្តផ្គត់ផ្គង់ដំណើរការដកខ្លួនតាមបែបកិច្ចសន្យាពីអណ្តូងប្រេង Yadana និង MGTC នៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រតិបត្តិករ និងម្ចាស់ភាគហ៊ុនរបស់អណ្តូងប្រេងទាំងពីរនេះ ដោយគ្មានសំណងហិរញ្ញវត្ថុណាមួយសម្រាប់ក្រុមហ៊ុន TotalEnergies»។

ក្រុមហ៊ុន TotalEnergies បានឱ្យដឹងទៀតថា ខ្លួនបានជូនដំណឹងដល់ដៃគូរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ារួចហើយអំពីការដកខ្លួននេះ ដែលនឹងចូលជាធរមានយ៉ាងហោចណាស់នៅពេលបញ្ចប់រយៈពេលកិច្ចសន្យា ដែលមានរយៈពេល ៦ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕