(ភ្នំពេញ)៖ អ្នកជំនួញល្បីៗក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាពីររូប បានសម្តែងនូវការសាទរដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំនួន២ឆ្នាំថែមទៀត រហូតដល់ឆ្នាំ២០២៤ ដើម្បីជួយដល់វិស័យអចលទ្រព្យ ជាពិសេសរក្សាចរន្តនៃការលក់ទិញ ខណៈវិស័យនេះក៏រងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ១៩ផងដែរ។

អ្នកឧកញ៉ា សៀ ឫទ្ធី ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករានេះថា ការពន្យារពេលការយកពន្ធលើចំណេញមូលធននេះ ធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យល្អប្រសើរ ជាពិសេសសម្រាប់បុគ្គលប្រតិបត្តិការលើការទិញលក់ ដែលមិនមែនជាក្រុមហ៊ុន ឱ្យកាន់តែច្រើនបន្ថែមទៀត។

អ្នកឧកញ៉ាគូសបញ្ជាក់ថា «សម្រាប់ការពន្យារ វាជួយធ្វើឱ្យចរន្តនៃការទិញលក់ នៅមានបន្តសម្រាប់បុគ្គល ដែលមិនមែនជាក្រុមហ៊ុន ពីព្រោះធម្មតា យើងឃើញថា ចរន្តនៃការទិញរបស់ក្រុមហ៊ុនវាមានការថយចុះ ដោយសារគាត់ត្រូវមើលទៅលើទីផ្សារ តែចរន្តនៃអ្នកទិញលក់ទៅលើបុគ្គលម្នាក់ៗវានៅមានចរន្ត។ នៅពេលយើងពន្យារបានន័យថា យើងនឹងជួយបុគ្គលក្នុងការទិញលក់ វានៅតែមានការទិញលក់បន្ថែមទៀត»

ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានថ្លែងថា ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់មានសន្ទុះឡើងវិញ ការពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំនួន២ឆ្នាំទៀត នឹងជួយដល់ចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ាបានលើកឡើងថា «ពន្យារពេល២ឆ្នាំទៀតល្អណាស់ ដោយសារលោកឃើញពីស្ថានភាពអចលទ្រព្យយើងក៏វាមិនសូវស្ទុះ ព្រោះតែជំងឺកូវីដ១៩ ផ្ទួនៗ ហើយពេលលោកបន្ធូរបន្ថយធ្វើឱ្យចរន្តនៃការទិញលក់នៅមានរក្សាបានល្អ»

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សំណើគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនបន្ថែមចំនួន២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៤ ដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងដើម្បីជំរុញការវិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ ។

ការស្នើពន្យានេះ ដោយសារតែវិស័យមួយចំនួន នៅមិនទាន់អាចវិលត្រឡប់ ទៅការធ្វើធុរកិច្ចជាធម្មតាវិញទេ ដែលវិស័យទាំងនេះ ត្រូវការការគាំទ្រមួយរយៈបន្ថែមទៀត ទោះបីជាពេលនេះស្ថានភាពជំងឺកូវីដ១៩ មានភាពស្រាកស្រាន្តក្តី។ ដើម្បីជួយសម្រួលដល់ការងើបឡើងវិញ រាជរដ្ឋាភិបាលនឹងបន្តរៀបចំនូវវិធានការពាក់ព័ន្ធចាំបាច់នានា ក្នុងការជួយសម្រាលបន្ទុកសារពើពន្ធ ដល់សហគ្រាសទាំងនេះ និងបន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារបន្ថែមទៀត។

តាមការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងបន្តងើបឡើងវិញ ក្នុងល្បឿនយឺតនៅឆ្នាំ២០២២ ដោយសារការរំពឹងទុកការងើបឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងរំហូរទុនវិនិយោគ ជាពិសេសសកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម៕