(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងជំរុញការវិនិយោគ លើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC) ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមគម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ» ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិបរិស្ថានពិភពលោក (GEF) ដែលជាគម្រោងសំខាន់សម្រាប់កម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) ដែលកំពុងអនុវត្តរបស់អង្គការUNIDO នៅកម្ពុជា។
ក្រោមក្របខណ្ឌនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរ បានឯកភាពលើគោលបំណងរួមគ្នា ដើម្បីកំណត់ កាលានុវត្តភាពសម្រាប់សកម្មភាព សហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជំរុញការវិនិយោគ តាមរយៈយន្តការ ចែករំលែកហានិភ័យ ដែលសមស្រប និងដើម្បីទាញផលប្រយោជន៍ ពីការសហការដែលបានកំណត់នេះ ដើម្បីផ្សារភ្ជាប់គម្លាតចំណេះដឹង នៃខ្សែច្រវាក់តម្លៃជីវឧស្ម័នក្នុងចំណោមដៃគូសហការ និងភាគីពាក់ព័ន្ធ។
គំនិតផ្តួចផ្តើមនេះ នឹងគាំទ្រ ក៏ដូចជាបង្កើនលទ្ធភាពទទួលបាន ធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវ និងផ្សព្វផ្សាយ។ តាមរយៈការបង្កើនបរិយាកាសអំណោយផល ក្នុងការវិនិយោគនេះ វានឹងជំរុញឲ្យវិស័យចញ្ចឹមសត្វ និងឧស្សាហកម្មកែច្នៃ កសិផលងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ កាន់តែច្រើននិងមានសក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។
កិច្ចសហប្រតិបត្តិការបែបនេះ នឹងផ្តល់លទ្ធភាពឲ្យកសិករ សហគមន៍ជនបទ និងកសិធុរកិច្ចធ្វើ ឲ្យជីវភាពកាន់តែប្រសើរឡើង និងបង្កើនផលចំណេញពីធុរកិច្ចរបស់ខ្លូន ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។
តំណាងឲ្យ CGCC លោក Wong Keet Loong ដែលជានាយកប្រតិបត្តិ បានថ្លែងថា «ការចុះ MOU ជាមួយ BTIC គឺជាជំហានឆ្ពោះទៅរកយុទ្ធសាស្រ្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ CGCC ដើម្បីគាំទ្រដល់កំណើននៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វិស័យនេះ គឺជាប្រភពចម្បងនៃការងារ និងប្រាក់ចំណូលក្នុងស្រុកនៅតាមតំបន់ជនបទ»។
តំណាងឲ្យ CGCC បន្ដថា «ដោយសារវិស័យកសិកម្មគឺជាប្រភពដ៏ធំបំផុតទី2 នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) វានឹងបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមូសុងបន្តបន្ទាប់ និងសីតុណ្ហភាពកាន់តែខ្ពស់ ដែលនឹងមានផលប៉ះពាល់អវិជ្ជមានលើវិស័យនេះ ដូច្នេះហើយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនៃឧស្សាហកម្មកែច្នៃកសិផល និងវិស័យចញ្ចឹមសត្វ»។
លោក Wong បានបន្ថែមទៀតថា «CGCC មានបំណងធ្វើការរួមគ្នា ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ (FIs) ផ្សេងទៀត ដែលគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាផ្នែកមួយដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយនឹងជំនាញបច្ចេកទេស និងការគាំទ្រពី BTIC លើបច្ចេកវិទ្យាជីវឧស្ម័ន CGCC មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញប្បទានសម្រាប់ថាមពលស្អាត»។
លោកថា «ជាផ្នែកមួយនៃ ESG របស់យើង ការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនឹងរួមចំណែកឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួនប្រាំបី (៨ SDG) ឧ. SDG ១ (ពុំមានភាពក្រីក្រ), SDG ២ (គ្រោះអត់ឃ្លានស្នើសូន្យ), SDG 3 (សុខភាពល្អ និងសុខុមាលភាពមាំមួន), SDG 5 (សមភាពយេនឌ័រ), SDG ៧ (ថាមពលស្អាតដែលមានតម្លៃសមរម្យ), SDG ៨ (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច), SDG ១៣ (សកម្មភាពបរិស្ថាន) និង SDG ១៥ (ជីវិតនៅលើដី)»។
«បន្ថែមពីលើភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ជាមួយធនាគារពាណិជ្ជកម្ម យើងមានកិត្តិយសដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ CGCC ដែលជាស្ថាប័នធានាឥណទាននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នសម្រាប់កសិធុរកិច្ច»។ នេះបើតាមការលើកឡើង របស់លោក ឡោ លីតួ នាយក BTIC។
លោកបានពន្យល់បន្ថែមថា «MOU នេះ នឹងអនុញ្ញាតឲ្យតួអង្គសំខាន់ៗទាំងអស់ រួមទាំង BTIC, CGCC និងដៃគូធនាគាររបស់ខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន លើការងារអាទិភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កសិធុរកិច្ចកម្ពុជា ក្នុងការទទួលយកបច្ចេកវិទ្យជីវឧស្ម័ននេះ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព»។
លោកបានបន្តថា «យើងជឿជាក់ថាភាពជាដៃគូនេះ នឹងជំរុញកំណើនរយៈពេលវែង ក្នុងវិស័យផលិតកម្មសត្វ និងការកែច្នៃកសិផល តាមរយៈការលើកកម្ពស់ ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ ឲ្យបានត្រឹមត្រូវ ក៏ដូចជារួមចំណែកដល់ការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ»។
លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការ ក្នុងការចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការអភិវឌ្ឍបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគលើគម្រោងជីវឧស្ម័នខ្នាតធំ។
លោកថា «ខ្ញុំរីករាយដែល CGCC កំពុងបង្ហាញថា វិស័យហិរញ្ញវត្ថុរបស់យើងមានឆន្ទៈ ក្នុងការសិក្សា សម្របខ្លួន និងមានភាពបត់បែនជាងមុន។ ភាព ច្នៃប្រឌិតក្នុងការបង្កើតយន្តការហិរញ្ញប្បទានពិតជាមានសារសំខាន់ណាស់ក្នុងការគាំទ្រ ការងារអភិវឌ្ឍន៍ជាច្រើន។
ភាពច្នៃប្រឌិតនៃយន្តការហិរញ្ញប្បទាននេះ នឹងជំរុញឲ្យមានការវិនិយោគបន្ថែមទៀត លើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំក្នុងកសិធុរកិច្ច ដែលជារបកគំហើញដ៏សំខាន់សម្រាប់ អ្នកវិនិយោគក្នុងការទទួលយក និងអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងការអនុវត្តអាជីវកម្មរបស់ពួកគេ។ ការវិនិយោគលើថាមពលស្អាត ប្រភេទនេះ នឹងបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ជាច្រើនដល់អ្នកប្រើប្រាស់ ម្ចាស់កសិដ្ឋាន អ្នកវិនិយោគ និងសង្គម។
អនុស្សរណៈយោគយល់នេះ គឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើបច្ចុប្បន្នភាព នៃគោលនយោបាយជីវឧស្ម័ន សម្រាប់ឆ្នាំ២០២១-២០៣០ ក៏ដូចជាគោលបំណងជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងកម្មវិធី ដើម្បីភាពជាដៃគូប្រទេស (PCP) របស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ៕