(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការ មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យស្មូនដី មួយទីតាំងនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌល អភិវឌ្ឍន៍វិស័យចម្លាក់ថ្ម នៅក្រុងពោធិ៍សាត់មួយទីតាំង នៅឆ្នាំ២០២២នេះ ដើម្បីលើកស្ទួយដល់វិស័យស្មូនដី និងចម្លាក់ថ្ម នៅកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថា ការរៀបចំបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជំរុញការរកទីផ្សារ និងបង្កើនជីវីភាពដល់ប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងវិស័យស្មូនដី និងចម្លាក់ថ្មកែវ រក្សាបាននូវកេរ្តិ៍តំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ និងអត្តសញ្ញាណភូមិសាស្ត្ររបស់ខេត្តទាំងពីរ និងបង្កើតបរិយាកាសពាណិជ្ជកម្ម លើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម។

លោកបានគូសបញ្ជាក់ថា «យើងមានរោងជាកន្លែងទុកដាក់រួចហើយ អីចឹងយើងគ្រាន់តែបន្ថែមហេដ្ឋារចនាសម្ព័ន្ធជាមួយអាជ្ញាធរដែនដី ដូចជាធ្វើផ្លូវឱ្យបានស្អាតចូលទៅកន្លែងទីនោះ។ យើងនឹងធ្វើឱ្យបាននៅក្នុងឆ្នាំ២០២២ ព្រោះអីគម្រោងរបស់យើង តាំងពីដើមឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ យើងបានផ្អាកមួយរយៈ ហើយដោយសារកូវីដស្រាកស្រាន្ត យើងចុះទៅជំរុញបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបានលឿន។ នៅពេលដែលមានមជ្ឈមណ្ឌលហើយ អ្នកទិញទូទាំងប្រទេសនឹងស្គាល់ទីតាំងច្បាស់ក្នុងការទិញ ដែលធ្វើឱ្យការលក់របស់គាត់មានកំណើនជាងមុន ហើយវានឹងផ្តល់តម្លៃបន្ថែមខ្ពស់ ទៅដល់អ្នកធ្វើស្មូនដី និងចម្លាក់ នៅពេលក្រសួងពាណិជ្ជកម្មបង្កើតសមាគម»

នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយលោក រាជ រ៉ា បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការអភិវឌ្ឍន៍វិស័យស្មូនដី និងសិក្សាស្ថានភាពអាជីវកម្មចម្លាក់ថ្ម នៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ក្នុងការគាំទ្រនិងជំរុញដល់ដំណើរការ រៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា ដែលជាទីតាំងមានលក្ខណៈពាណិជ្ជកម្ម ផ្សាភ្ជាប់ជាមួយទេសចរណ៍ វប្បធម៌ប្រពៃណី និងបន្តផ្សព្វផ្សាយ អំពីការផ្តួចផ្តើមការកសាងផែនការទិសដៅ របស់ក្រសួងពាណិជ្ជកម្ម។

លោក រាជ រ៉ា បានឱ្យដឹងបន្តថា បន្ទាប់ពីរៀបចំឱ្យមជ្ឈមណ្ឌលនេះរួច ក្រសួងនឹងចងក្រងក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងចុះម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ពួកគាត់ ក្នុងការផ្តល់ទំនុកចិត្តដល់អ្នកទិញ ដែលជាការជំរុញឱ្យការផលិត និងការលក់ឱ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់។ ជាមួយគ្នានេះ ក្រសួងនឹងផ្តួចផ្តើមសិក្សាលទ្ធភាព បង្កើតម៉ាកសមូហភាព ដើមី្បជំរុញការប្រកួតប្រជែងធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

សូមជម្រាបថា បច្ចុប្បន្នវិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង២០០គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវ រអាជួបក់ខានពីវិបត្តិជំងឺកូវីដ-១៩ក៏ដោយ សិប្បករស្មូនដីនៅតែមានការងារជាបន្តបន្ទាប់ ពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។

ចំណែកវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ក្នុងនោះក្រុមហ៊ុនផ្គត់ផ្គង់មាន១ សហគ្រាសផលិតចំនួន១៨ និងការផលិតជាលក្ខណៈគ្រួសារមានចំនួន៣៦។ វិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន៖ ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃ៕