(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅថ្ងៃពុធសប្តាហ៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្លុកសេដ្ឋកិច្ចសម្ព័ន្ធប៉ាស៊ីហ្វិក (Pacific Alliance) ដែលរួមមានប្រទេសស៊ីលី កូឡុំប៊ី ម៉ិចស៊ិច និងប៉េរូ ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាជាង ២ទ្រីលានដុល្លារ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងសមភាគីរបស់លោកមកពីរដ្ឋសមាជិករបស់ប្លុកពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ និងសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធប៉ាស៊ីហ្វិក (Pacific Alliance Summit) លើកទី១៦ ក្នុងប្រទេសកូឡុំប៊ី។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានឱ្យដឹងក្នុងសេចក្តីប្រកាសមួយថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀង «ទំនើប និងគ្រប់ជ្រុងជ្រោយ» មួយ ដែលបំពេញបន្ថែមលើបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សិង្ហបុរី និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលប្រទេសនេះមានជាមួយប្រទេសដែលជាសមាជិករបស់សម្ព័ន្ធប៉ាស៊ីហ្វិក។

សេចក្តីប្រកាសនេះបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនរបស់សិង្ហបុរីទទួលបានលទ្ធភាពចូលក្នុងទីផ្សារកាន់តែធំធេងទៅកាន់ប្លុកសម្ព័ន្ធប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយការចំណាយលើការនាំចេញរបស់ក្រុមហ៊ុនទាំងនេះ ដូច្នេះទំនិញនិងសេវារបស់ពួកគេអាចមានតម្លៃប្រកួតប្រជែងបាន។

កាសែត Channel News Asia បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នៅក្នុងសុន្ទករថាដែលថ្លែងតាមអ៊ីនធឺណិត បានហៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងសេចក្តីថ្លែងការណ៍រួមនេះថាជា «ពេលដ៏សំខាន់» មួយក្នុងភាពជាដៃគូរបស់ប្រទេសសិង្ហបុរីជាមួយប្លុកសម្ព័ន្ធប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «សិង្ហបុរីមានកិត្តិយសដែលបានក្លាយជារដ្ឋដៃគូ (Associate State) ដំបូងគេនៃសម្ព័ន្ធប៉ាស៊ីហ្វិក ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសិង្ហបុរី-សម្ព័ន្ធប៉ាស៊ីហ្វិក (PASFTA) នឹងបង្កើតស្ថាប័ន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសរបស់យើង»។

ក្រុមហ៊ុនសិង្ហបុរីជាង ១០០ក្រុមហ៊ុនស្ថិតក្នុងវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពុងប្រតិបត្តិការក្នុងប្រទេសដែលជាសមាជិករបស់សម្ព័ន្ធប៉ាស៊ីហ្វិក។ នេះបើយោងតាមកាសែត Channel News Asia៕