(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
សាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសកម្ពុជាបានឡើងរហូតដល់ជិត ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម កាលពីឆ្នាំ២០២១កន្លងទៅនេះ។ ការឡើងថ្លៃសាច់ជ្រូកនេះនាំឱ្យមានការរអ៊ូរទាំយ៉ាងខ្លាំងពីអ្នកបរិភោគ តែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែរជាឆ្លើយតបថា ការឡើងថ្លៃជាសញ្ញាណល្អសម្រាប់អ្នកចិញ្ចឹមជ្រូកទៅវិញ។ បើទោះបីមានការសិក្សារកឃើញថា ការឡើងថ្លៃសាច់ជ្រូកកើតមានព្រោះភាពមិនប្រក្រតីលើក្រុមហ៊ុន ដែលនាំចូលជ្រូករស់ពីប្រទេសថៃមកយ៉ាក្តី ក៏រដ្ឋមន្ត្រីកសិកម្មមិនបានកែប្រែនោះដែរ ហើយនៅតែមានៈមិនចង់ឱ្យមានការដេញថ្លៃនាំចូលជ្រូករស់មកក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី០៨ ខែកុម្ភៈ ដែល Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែកបង្កឡើង ដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លៃភាពរវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញតួលេខបានពីការស្រាវជ្រាវថា ក្រុមហ៊ុននាំចូលជ្រូករស់ដែលក្រសួងកសិកម្ម បានផ្តល់សិទ្ធិនោះ ទិញជ្រូករស់ពីប្រទេសថៃក្នុងតម្លៃចន្លោះ ៦,៥០០រៀល ទៅ ៧,០០០រៀលក្នុងមួយគីឡូក្រាមជាមធ្យម តែបានយកមកលក់បន្តក្នុងប្រទេសរហូតដល់ទៅ ១១,០០០រៀលជាមធ្យមក្នុងឆ្នាំ២០១៩ និង២០២០ ហើយឡើងរហូតដល់ ១៤,០០០រៀលជាមធ្យមនៅក្នុងឆ្នាំ២០២១។
ដើម្បីបញ្ចៀសបាតុភាពខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្រេចឱ្យរៀបចំយន្តការដេញថ្លៃលើការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា យន្តការនេះ នឹងជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារ។
ជាការកត់សម្គាល់ការសម្រេចរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឱ្យមានការដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជានេះ បានកើតមានឡើងបន្ទាប់ពីមានក្រុមហ៊ុនរកស៊ីនាំជ្រូកជាច្រើនបានស្នើទៅក្រសួងសេដ្ឋកិច្ច និងបានលាតត្រដាងភាពមិនប្រក្រតី និងការរៀបចំឈុតឆាកបំភ័ន្តភ្នែកមួយចំនួនលើការនាំចូលជ្រូករស់នេះ។ ការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច គឺស្របតាមបំណងរបស់អ្នករកស៊ីនាំចូលជ្រូកមួយចំនួន ដែលត្រូវបានគេបិទខ្ទប់នាពេលកន្លងមក៕