(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិននិងធុរជន ម៉ាឡេស៊ីនៅកម្ពុជា និងនៅបណ្តាប្រទេសនានា ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ២៦០នាក់។
វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានចូលរួមពីលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងលោកឧកញ៉ា Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។
នៅក្នុងវេទិកានេះលោក Eldeen Husaini Mohd Hashim បានសម្ដែងអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំតាក់តែងច្បាប់ស្ដីពីវិនិយោគនេះឡើង ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ លោកថា ច្បាប់ស្តីពី វិនិយោគនេះ បានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗ ដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់។
លោកក៏បានគូសបញ្ជាក់ផងដែរថា រាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគសំដៅ ធ្វើឱ្យកាន់តែមានភាពងាយស្រួល រលូន និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយលោកបានសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំច្បាប់ស្តីពីវិនិយោគនេះ នឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខ តាមរយៈច្បាប់នេះកម្ពុជាអាចច្បាម យកកាលានុវត្តភាពជា អតិបរមាក្នុងការជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់។
លោក ចឺយ វិចិត្រ ក៏បានសម្ដែងអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក្នុងការរៀបចំឱ្យមានវេទិការ ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីនេះឡើង ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃកម្ពុជាដល់វិនិយោគិន និងធុរជនម៉ាឡេស៊ីដែលកំពុងរកទទួលទាននៅកម្ពុជានិងនៅតាមបណ្តា ប្រទេសនានា។ លោកក៏បានរំលេចពីទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបានពូនជ្រុំ និងលើកកម្ពស់ឱ្យកាន់តែប្រសើរជាបន្តបន្ទាប់។
លោក សុខ ចិន្តាសោភា ក៏បានថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា, សភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគម៉ាឡេស៊ី ព្រមទាំងតួ អង្គពាក់ព័ន្ធ ដទៃទៀត ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម សហការរៀបចំវេទិកានេះ។ លោកថាកាយវិការនេះ បានបង្ហាញឱ្យឃើញ ពីការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការជួយជ្រោមជ្រែងផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា ដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ីដែលមានសកម្មភាពនៅកម្ពុជា ក៏ដូចជានៅតាមបណ្តា ប្រទេសនានាឱ្យទទួលបានព័ត៌មានកាន់តែទូលំទូលាយ។
លោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិ ជំងឺកូវីដ-១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។
ជាមួយគ្នានោះលោកក៏បានបញ្ជាក់ដែរថា ច្បាប់នេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាប នកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។ តាមរយៈវេទិកានាថ្ងៃនេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅបន្ថែម ទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកឧកញ៉ា Tan Khee Meng បានឱ្យដឹងដែរថា ច្បាប់ស្តីពីវិនិយោគនៃកម្ពុជា នឹងក្លាយជាមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិដ៏រឹងមាំមួយសម្រាប់ទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស និងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា។ កំណើនសេដ្ឋកិច្ចកម្ពុជា បានបន្តរីកចម្រើនឥតឈប់ឈរ ក្នុងអំឡុងពេលពីរទស្សវត្សចុងក្រោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ដែរថា វេទិកានេះក៏មានការធ្វើបទបង្ហាញស្តីពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយ លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនង សាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃ ក.អ.ក ដោយផ្តោតលើចំណុចសំខាន់ៗនៃច្បាប់នេះ ដែលមានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តិ ដែលបើក ចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គល សញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៅកម្ពុជា។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ម៉ាឡេស៊ី ចំនួន ១៦២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.១៥ប៊ីលានដុល្លារអាមេរិក៕