(ភ្នំពេញ)៖ គ្រាប់ស្វាយចន្ទីកម្ពុជា នឹងត្រូវយកទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារធំមួយ នៅទីក្រុងអូសាកា ប្រទេសជប៉ុន នាខែមីនាខាងមុខ ដែលអាចជួយពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជាបន្ថែមទៀត ជាពិសេសទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគរោងចក្រកែច្នៃ គ្រាប់ស្វាយនៅកម្ពុជា ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុន២ហើយ បានមកវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ កុម្ភៈនេះថា ជារៀងរាល់ឆ្នាំនៅខែមីនា ជប៉ុនតែងតែរៀបចំការតាំងពិព័រណ៍ម្ហូបអាហារដ៏ធំមួយកម្រិតពិភពលោក នៅទីក្រុងអូសាកា ដែលមានរយៈពេលប្រមាណជិត១ខែ។
លោករំពឹងថា បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជា ដាក់បង្ហាញក្នុងពិព័រណ៌ម្ហូបអាហារធំមួយនៅជប៉ុន នឹងជួយទាំងផ្សព្វផ្សាយពីគុណភាពស្វាយចន្ទី និងជួយទាក់ទាញវិនិយោគជប៉ុនមកសាងសង់រោងចក្រនៅកម្ពុជា។
លោកបញ្ជាក់បន្ថែម «កន្លងមកជប៉ុននាំចូលគ្រាប់ស្វាយចន្ទីកែច្នៃហើយ ១ម៉ឺនតោនពីបណ្តាប្រទេសមួយចំនួន ជាពិសេស៩៥% ពីឥណ្ឌា និង៥%ទៀត នាំចូលពីវៀតណាម។ គោលបំណងធំរបស់ក្រុមហ៊ុនទាំង២របស់ជប៉ុន ចង់ដណ្តើមចំណែកទីផ្សារ៣០% ជូនដល់ស្វាយចន្ទីកម្ពុជា»។
លោកបន្ថែមថា កន្លងមកក្រុមហ៊ុនជប៉ុន ធ្លាប់បានយកគ្រាប់ស្វាយចន្ទីកម្ពុជាយកទៅពិសោធ បានរកឃើញថា ក្នុងគ្រាប់ស្វាយចន្ទី M23 របស់កម្ពុជា មានសារធាតុអូមីកាម្យ៉ាងឈ្មោះ អូលីអេកាស៊ីត រហូតដល់២៨% ច្រើនជាងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាទាក់ទាញបានក្រុមហ៊ុនជប៉ុនចំនួន២ហើយ ដែលមកវិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ក្រុមហ៊ុន ទាំងពីររួមមានក្រុមហ៊ុន TPJ មានគម្រោងវិនយោគសាងសង់រោងចក្រកែច្នៃនៅខេត្តកំពង់ធំ ហើយកាលពីពេលថ្មីនេះ មានក្រុមហ៊ុនជប៉ុនមួយទៀត បានបង្ហាញគម្រោងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ។
កាលពីឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា បាននាំចូលទៅទីផ្សារជប៉ុនប្រមាណ៣០តោន។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមជាង៩២ម៉ឺនតោន៕