(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជាបានចាប់ផ្តើមកើនឡើង ខណៈរាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល៥០% និងការធ្វើផ្លាកលេខពិសេស ដើម្បីជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ លោក ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា មូលហេតុដែលជំរុញឱ្យ និន្នាការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាចាប់ផ្តើមកើនឡើងនេះ ដោយសារការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីចំណេញជាង ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ហើយតម្លៃរថយន្តអគ្គិសនី ក៏មានតម្លៃសមរម្យសាកសមនឹងលទ្ធភាពអ្នកមានជីវភាពមធ្យម អាចទិញប្រើប្រាស់បាន ស្របពេលដែលក្រសួងសាធារណការ បានខិតខំក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ដូចជាការការជំរុញឱ្យមានស្ថានីយបញ្ចូលថាមពលអគ្គិសនី ហើយក្រុមហ៊ុនឯកជនក៏មាននាំចូលដុំសាក ដែលពលរដ្ឋអាចទិញសាកនៅផ្ទះ ដោយខ្លួនឯងសម្រាប់ការធ្វើដំណើរជិតៗបានផងដែរ។

លោកបានគូសបញ្ជាក់បន្ថែមថា «ក្រសួងសេដ្ឋកិច្ច មានការបន្ធូរបន្ថយអាករពិសេស ដែលធ្វើឱ្យសរុបពន្ធទាំងអស់ទៅចុះ៥០% ធៀបនឹងឡានប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រសួងសាធារណការក៏មានការលើកទឹកចិត្តខាងការធ្វើផ្លាកលេខ ដោយឥឡូវគ្រោងបោះផ្លាកលេខ សម្រាប់រថយន្តអគ្គិសនី ឱ្យស្របតាមរថយន្តជួយកាត់បន្ថយភាពបំពុលនៃបរិស្ថាន។ ខ្ញុំជឿថា យន្តការទាំងអស់របស់ក្រសួង មានទាំងពីការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្ត ផែនទីបង្ហាញផ្លូវសម្រាប់ស្ថានីយសាករថយន្តអគ្គិសនី ជាពិសេសក្រសួងសេដ្ឋកិច្ចបន្ធូបន្ថយពន្ធនាំចូល [...] នឹងធ្វើឱ្យយើងឈានទៅសម្រេចបាននូវការប្រើប្រាស់យានយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត៧០%ទៅតាមផែនការនៅឆ្នាំ២០៥០»

តាមមន្រ្តីជាន់ខ្ពស់រូបនេះបច្ចុប្បន្នក្រុមហ៊ុននាំចូលយានយន្តអគ្គិសនីមានចំនួន១១ ក្នុងនោះ ៥ក្រុមហ៊ុននាំចូលរថយន្ត និងក្រុមហ៊ុនចំនួន៦ទៀតនាំចូល ម៉ូតូអគ្គិសនី។ ជាមួយគ្នានេះ មានក្រុមហ៊ុនចំនួន១ទៀត បាននាំចូលគ្រឿងបន្លាស់ សម្រាប់ស្ថានីយបញ្ចូលអគ្គិសនី។

លោក ឈួន វ៉ន លើកឡើងបន្ថែមថា «រថយន្តអគ្គិសនីជាមួយរថយន្តផ្សេងៗ ជម្រើសតម្លៃវាមិនខុសគ្នាទេ [...] ដូចយើងឃើញក្នុងតាំងពិពរណ៍កាលពីប៉ុន្មានថ្ងៃមុនឡានខ្លះតែមួយម៉ឺនជាងតិចតួចទេ អាចជិះបានជិត១០០គីឡូ ក្នុងក្រុងភ្នំពេញ ខ្លះក៏៣ម៉ឺន ទៅ៤ម៉ឺនដុល្លារ»

របាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឱ្យដឹងថា ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីកាលពីឆ្នាំ២០២០ មានចំនួនតែ០២គ្រឿងប៉ុណ្ណោះ និងឆ្នាំ២០២១ យានយន្តអគ្គិសនី មកចុះបញ្ជីកើនឡើងដល់៦២គ្រឿង។ នៅក្នុងឆ្នាំ២០២២នេះ រយៈពេលតែ៣ខែប៉ុណ្ណោះ ពោលគឺ ពីខែមករាដល់ខែមីនា ការចុះបញ្ជីយានយន្តអគ្គិសនី មានរហូតដល់៤៧គ្រឿង កើនឡើង៦៧១% បើធៀបនឹងក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនីដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា នៅទីស្តីការក្រសួង៕