(ភ្នំពេញ)៖ រយៈពេល២ខែដំបូង ពោលគិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ចំនួន ១.៣៦ពាន់លានដុល្លារ កើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ១.២៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ មានចំនួនជាង ២៣២លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទឹកប្រាក់ ១.១២ ពាន់លានដុល្លារអាមេរិក។
ផលិតផលកសិកម្ម វត្ថុធាតុដើម និងវាយនភណ្ឌ ត្បូងថ្មមានតម្លៃ ជាប្រភេទទំនិញភាគច្រើន ដែលថៃបានទិញពីកម្ពុជា ខណៈលក់មកឲ្យកម្ពុជាវិញផលិតសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងសំអាង ឧបករណ៍អេឡិចត្រូនិក គ្រឿងតុបតែងផ្ទះ រថយន្ដ និងគ្រឿងបន្លាស់ ព្រមទាំងសំភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននិងកំពុងខិតខំធ្វើយ៉ាងណាជំរុញ ឲ្យផលិតផលរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសថៃកាន់តែច្រើន។ ជាក់ស្តែងថ្មីៗនេះ លោកឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសថៃ បានជួបពិភាក្សាការងារជាមួយ អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Group Co., Ltd ដែលគ្រប់គ្រងលើហាងទំនិញ 7-Eleven ដើម្បីស្វែងរកកិច្ចសហការជំរុញឲ្យផលិតផលខ្មែរ មានលក់នៅក្នុងហាង 7 -Eleven ក្នុងប្រទេសថៃ។
ក្នុងជំនួបនោះ លោក Korsak Chairasmisak អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Group Co., Ltd បានសន្យាជួយធ្វើឱ្យផលិតផលខ្មែរ មានវត្តមាននៅតាមហាង 7-Eleven ក្នុងប្រទេសថៃ។
លោកអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Group បាននិយាយថា «ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ គាត់បានធ្វើដំណើរមកកាន់ការិយាល័យរបស់ខ្ញុំ ដើម្បីបង្កើតមិត្តភាព និងជជែកថាតើគួរតែធ្វើ កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចយ៉ាងដូចម្ដេច? ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ចំពោះគាត់ ហើយខ្ញុំសន្យាជួយឱ្យផលិតផលខ្មែរ មានវត្តមាននៅតាមហាង 7 Eleven នៅក្នុងប្រទេសថៃ»។
បើតាមលោក Korsak Chairasmisak ក្នុងរយៈពេល២៥ឆ្នាំមកនេះ ក្រុមហ៊ុនសម័្ពន្ធ CP Group បានវិនិយោគលើក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសកម្ពុជា។ CP ក៏កំពុងបើកហាង 7 Eleven នៅក្នុងប្រទេសកម្ពុជាផងដែរ៕