(ភ្នំពេញ)៖ តម្លៃដឹកជញ្ជូនផ្លែឈើស្រស់ តាមទូកុងតឺន័រត្រជាក់ ពីកម្ពុជាទៅប្រទេសចិនបានហក់ឡើងបីដងបើធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងប្រមាណពីជាង២ពាន់ដុល្លារ ដល់ប្រមាណ៨ពាន់ដុល្លារ ក្នុងមួយជើង ខណៈការនាំចេញឆ្លងទ្វីប បានកើនឡើងដល់ជិត២ម៉ឺនដុល្លារ ដែលនាំឱ្យប៉ះពាល់ដល់ការនាំចេញផ្លែស្រស់របស់កម្ពុជាក្នុងរដូវនេះ។
ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកវិនិយោគនាំចេញស្វាយ និងចេកស្រស់ទៅប្រទេសចិន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី ២៥ ខែមេសានេះថា ការឡើងនៃតម្លៃដឹកជញ្ជូនតាមទូកុងតឺន័រត្រជាក់នេះ ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការរឹតបន្តឹងការនាំចូលផលិតផលផ្លែឈើស្រស់ពីប្រទេសវៀតណាម ដែលធ្វើឱ្យគ្មានតុល្យភាពរវាងផលិតផលនាំចូលទៅ និងត្រឡប់ទៅវិញ ដែលបញ្ហានេះបណ្តាល ឱ្យទូកុងតឺន័រត្រជាក់ដឹកជញ្ជូនផលិតផលផ្លែឈើស្រស់មានភាពរអាក់រអួល។ ជាមួយគ្នានេះ បញ្ហាការឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បានបង្កឱ្យដឹកជញ្ជូនកាន់តែឡើងថ្លៃខ្លាំងថែមទៀត ធ្វើឱ្យតម្លៃដឹកជញ្ជូនផ្លែឈើស្រស់ពីកម្ពុជាទៅប្រទេសហក់ឡើងជាង៣ដងនៃតម្លៃធម្មតា។
លោកបន្តថា ផលិតផលផ្លែឈើស្រស់របស់កម្ពុជា ដែលផលប៉ះពាល់ខ្លាំងជាងគេ គឺផ្លែស្វាយ។ ហេតុនេះ ទើបឆ្នាំនេះ ឈ្មួញ ឬអ្នកនាំចេញ មិនអាចដើរប្រមូលទិញ ផ្លែស្វាយស្រស់ពីកសិករបាននោះទេ ព្រោះពួកគេមិនអាចនាំចេញផ្លែស្វាយ ទៅប្រទេសចិន បើនាំចេញនឹងរងខាតបង់ ដោយតម្លៃស្វាយនៅប្រទេសចិនកំពុងធ្លាក់ថ្លៃ ហើយប្រទេសផ្សេងៗដូចជាវៀតណាម និងថៃ ក៏កំពុងប្រមូលផលដូចគ្នា។
ដោយឡែកចំពោះការនាំចេញផ្លែចេកស្រស់វិញក៏រងផលប៉ះពាល់ដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចផ្លែស្វាយនោះទេ ព្រោះចេកមានការតម្រូវការ និងការបញ្ជាទិញជាប់ជាប្រចាំ ដោយសារចិន និងប្រទេសជិតខាងផលិតមិនទាន់គ្រប់តាមតម្រូវការរបស់ចិននោះឡើយ ដូច្នេះកម្ពុជានៅតែអាចនាំចេញបាន បើទោះបីជាតម្លៃទូកុងតឺហក់ឡើងខ្ពស់ក៏ដោយ ព្រោះតម្លៃចេក ក៏កើនឡើងខ្ពស់ដូចគ្នា។ ចំណែកនាំចេញអង្ករវិញ ក៏ឡើងថ្លៃដែរ ប៉ុន្តែអាចទទួលយកបាន ខណៈតម្លៃក៏អង្ករឡើងថ្លៃ។
លោកបានគូសបញ្ជាក់បន្ថែមថា «យើងមើលឃើញថា សង្រ្គាមនៅអ៊ុយក្រែន គ្មានអ្នកណាអាចទាយបានថានឹងបញ្ចប់នៅពេលណាបានទេ ហេតុនេះការថមថយត្រឡប់មកវិញនៃតម្លៃប្រេងមកវិញ ក៏ទាយមិនត្រូវដែរ។ បញ្ហានេះមានតែប្រយ័ត្នប្រយែង និងបន្ថយនៃផលិតសិន។ បើយើងប្រឹងផលិតនៅពេលនេះ យើងត្រូវចំណាយថវិកាច្រើនក្នុងការថែទាំ និងប្រើប្រាស់ធាតុចូល ហើយមិនអាចសង្ឃឹមថា យើងនឹងលក់បានថ្លៃនៅក្នុងរយៈពេលនេះនៅឡើយ។ បន្ថយការផលិតនេះ គឺសំដៅទៅលើផ្លែឈើហូបផ្លែមិនមែនជាចំណីចាំបាច់ បើស្បៀងអាហារចាំបាច់តែម្តង គឺមានតម្រូវការ»។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា តម្លៃធម្មតាកាលពីមុន ការដឹកជញ្ជូនទៅចិនតែ២៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំបានឈានឡើងដល់៨ពាន់ដុល្លារ។ ការឡើងដល់ប្រមាណ៨ពាន់នេះ គឺសម្រាប់តែការដឹកជញ្ជូនក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែការដឹកជញ្ជូនឆ្លងទ្វីបដូចជាទៅសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម បានហក់ឡើងពីជាង៤ពាន់ដុល្លារដល់ជិត២ម៉ឺនដុល្លារ និងទិសដៅខ្លះកើនឡើង២ម៉ឺនដុល្លារទៅទៀត។
លោកបន្តថា« យើងនៅតែមានសកម្មភាពធម្មតាដែរ អាចនឹងមានថយចុះខ្លះ ប៉ុន្តែតំបន់ខ្លះក៏មានតម្រូវការខ្លាំងក៏មានការកើនឡើង ជារួមនៅតែមានការដឹកជញ្ជូន ការនាំចេញមានការកើនឡើង។ ហើយបើយើងនិយាយពីតម្លៃចរន្តសេដ្ឋកិច្ចវាប៉ះពាល់ហើយ កាលមុនយើងចំណាយតិច ឥលូវយើងចំណាយច្រើន»។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជា នាំចេញផ្លែចេកស្រស់ ចំនួន ១០៣ ៦២៦.៨៤តោន ថយចុះ ១៣.៤៦% ដោយនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០.២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦.៥៨តោន។ចំណែកការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួន ៨១ ៤១៨.០៧តោន ថយចុះ ២០.៧៣%៕